សុខភាព

ពេទ្យសត្វ និង អ្នកស្រាវជ្រាវជំទាស់នឹងការអះអាងថាថ្នាំបន្តក់ភ្នែកមានផ្ទុក lanosterol អាចព្យាបាលជំងឺភ្នែកឡើងបាយរបស់ឆ្កែបាន

ប្រែសម្រួល ៖ លន ស្រស់

សិង្ហបុរី៖ អ្នកជំនាញព្យាបាលសត្វ និងម្ចាស់សត្វចិញ្ចឹមកំពុងលើកឡើងពីក្ដីកង្វល់លើការអះអាងថា ដំថ្នាំបន្តក់ភ្នែកដែលអាចរកទិញបានតាមទីផ្សារអាចព្យាបាលជំងឺភ្នែកឡើងបាយក្នុងឆ្កែ

ថ្នាំបន្តក់ភ្នែកដែលមានផ្ទុកសារធាតុ lanosterol ងាយស្រួលរកទិញបានតាមអនឡាញ និងនៅតាមគ្លីនិកសត្វនៅប្រទេសសិង្ហបុរី ហើយកំពុងត្រូវបានផ្សព្វផ្សាយដោយម៉ាកផលិតផលផ្សេងៗថាជាការព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់ជំងឺភ្នែកឡើងបាយ។

ជំងឺភ្នែកឡើងបាយកើតឡើងនៅពេលដែលកែវភ្នែករបស់ឆ្កែក្លាយជាល្អក់ រារាំងពន្លឺមិនឱ្យទៅដល់រេទីន ដែលអាចនាំឱ្យខ្វាក់ភ្នែក។

អ្នកស្រាវជ្រាវ និងអ្នកព្យាបាលសត្វបានប្រាប់ CNA ថា ការប្រើថ្នាំបន្តក់ភ្នែកនេះអាចពន្យារពេលវះកាត់ ដែលពួកគេបាននិយាយថាជាជម្រើសព្យាបាលតែមួយគត់សម្រាប់ជំងឺភ្នែកឡើងបាយ ហើយគ្មានភស្តុតាងវិទ្យាសាស្ត្ររឹងមាំដែលគាំទ្រប្រសិទ្ធភាពនៃថ្នាំបន្តក់ភ្នែក lanosterol ក្នុងការព្យាបាលស្ថានភាពនេះឡើយ។

ភាពពេញនិយមនៃ lanosterol ដែលជាសមាសធាតុគីមីមួយ ដើម្បីជាការព្យាបាលជំងឺភ្នែកឡើងបាយបានចាប់ផ្ដើមពីការសិក្សាមួយក្នុងឆ្នាំ២០១៥ ដែលបានលើកឡើងថាវាអាចរំលាយភ្នែកឡើងបាយ។

ទោះយ៉ាងណា បណ្ឌិត Sara Thomasy សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Davis បានប្រាប់ CNA ថា ការសិក្សានោះបានប្រើ “របៀបវាយតម្លៃអត្តនោម័ត” ហើយខ្វះការផ្ទៀងផ្ទាត់វិទ្យាសាស្ត្ររឹងមាំ។

បណ្ឌិត Thomasy ដែលស្ថិតនៅក្នុងផ្នែកជំងឺភ្នែក និងវិទ្យាសាស្ត្រចក្ខុវិស័យនៃសាកលវិទ្យាល័យនោះ ក៏បានចង្អុលបង្ហាញផងដែរថា lanosterol មានភាពរលាយក្នុងទឹកតិចតួច ដែលកម្រិតសមត្ថភាពរបស់វាក្នុងការជ្រាបចូលទៅក្នុងភ្នែក និងទៅដល់កញ្ចក់ភ្នែកដែលជាកន្លែងជំងឺភ្នែកឡើងបាយកើតឡើង។

ការស្រាវជ្រាវបន្ថែមក៏បានបដិសេធប្រសិទ្ធភាពនៃ lanosterol ដែរ នេះបើតាមការនិយាយរបស់អ្នកជំនាញផ្នែកភ្នែករបស់សត្វ Gladys Boo ដែលមានមូលដ្ឋាននៅសិង្ហបុរី ដោយបានបន្ថែមថា ការសិក្សាឆ្នាំ២០១៩ បានបង្ហាញថា សមាសធាតុនេះ “បរាជ័យក្នុងការស្ដារភាពថ្លាឡើងវិញនៃកញ្ចក់ភ្នែក”។

ទោះបីជាមានការរកឃើញទាំងនេះក៏ដោយ ថ្នាំបន្តក់ភ្នែកដែលមានផ្ទុកសារធាតុ lanosterol នៅតែមានលក់យ៉ាងទូលំទូលាយក្រោមឈ្មោះម៉ាកដូចជា Lanomax, CatarClear និង LumenPro ដែលមានតម្លៃចាប់ពី ៨៧ ដុល្លារសិង្ហបុរី ដល់ ១៥៩ ដុល្លារសិង្ហបុរី (៦៥ ដុល្លារអាមេរិក ដល់ ១២០ ដុល្លារអាមេរិក) សម្រាប់ដបទំហំ ១០ ម.ល។ វាត្រូវបានលក់នៅលើវេទិកាជាច្រើន ដូចជា Amazon, Lazada និង Shopee។

  • “មិនបានធ្វើអ្វីទាំងអស់ដើម្បីជម្រះភ្នែកឡើងបាយ”

CNA បាននិយាយជាមួយម្ចាស់សត្វចិញ្ចឹមបួនរូបនៅសិង្ហបុរីដែលបានប្រើថ្នាំបន្តក់ភ្នែក lanosterol ហើយទាំងអស់គ្នាបាននិយាយថា ផលិតផលនេះមិនបានធ្វើឱ្យស្ថានភាពឆ្កែរបស់ពួកគេប្រសើរឡើងទេ។

កញ្ញា Audrey Bong ដែលមានអាយុក្នុងវ័យ ៤០ ឆ្នាំ និងធ្វើការនៅក្នុងក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈមួយ បានទិញថ្នាំបន្តក់ភ្នែកដែលមានផ្ទុកសារធាតុ lanosterol ពីពេទ្យសត្វរបស់នាងក្នុងឆ្នាំ២០២០។

“នៅពេលនោះ ខ្ញុំពិតជាមានការសង្ស័យ ព្រោះការវាយតម្លៃរបស់ពេទ្យសត្វលើភ្នែករបស់ឆ្កែខ្ញុំហាក់ដូចជាសាមញ្ញពេក” កញ្ញា Bong បាននិយាយ។ “(គ្មាន)ការពិនិត្យភ្នែកពិសេស គ្មានការកត់ត្រាឯកសារ។”

នៅពាក់កណ្តាលឆ្នាំ២០២១ បន្ទាប់ពីនាងបានប្រើថ្នាំបន្តក់ភ្នែកនេះអស់មួយរយៈពេលមក នាងបានសម្គាល់ឃើញ “ចំណុចសខាងក្នុងភ្នែក” នៅក្នុងភ្នែករបស់ឆ្កែនាង និងបានសម្រេចចិត្តស្វែងរកយោបល់ពីគ្រូពេទ្យទីពីរ។ ពេទ្យម្នាក់នេះបានបញ្ជាក់ថា ដំណក់ភ្នែក “មិនបានធ្វើអ្វីទាំងអស់ដើម្បីជម្រះភ្នែកឡើងបាយ”។

នៅពេលនោះ ស្ថានភាពឆ្កែរបស់នាងបានធ្ងន់ធ្ងរជាងមុន ដែលតម្រូវឱ្យមានការវះកាត់យ៉ាងទូលំទូលាយ។

កញ្ញា Fiona Foo អាយុ ៥៥ ឆ្នាំ ក៏បានចែករំលែកបទពិសោធស្រដៀងគ្នានេះដែរ។ នាងបានប្រើថ្នាំបន្តក់ភ្នែកដែលមានផ្ទុកសារធាតុ lanosterol លើឆ្កែរបស់នាងអស់រយៈពេលប្រាំមួយខែក្នុងឆ្នាំ២០២១ ប៉ុន្តែមិនបានឃើញមានភាពប្រសើរឡើងណាមួយទេ។

នាងបានទិញថ្នាំបន្តក់ភ្នែកចំនួនប្រាំបីដបដែលមានតម្លៃជាង ១,០០០ ដុល្លារសិង្ហបុរីសរុបនៅពេលនោះ ដោយសង្ឃឹមថាវានឹងធ្វើឱ្យជំងឺភ្នែកឡើងបាយរបស់ឆ្កែនាងប្រសើរឡើង។

“វាមិនបានកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប្រាំមួយខែនោះទេ ប៉ុន្តែខ្ញុំមិនបានឃើញមានភាពប្រសើរឡើង ឬមានភ្នែកកាន់តែថ្លាឡើងទេ” ស្ថាបនិកក្រុមសុខុមាលភាពសត្វ Hope Dog Rescue បាននិយាយ។

នាងក៏បាននិយាយដែរថា ទោះបីជាថ្នាំបណ្តក់ភ្នែកនេះគ្មានប្រសិទ្ធភាពក៏ដោយ ក៏នាងមានមិត្តភក្តិប្រហែលប្រាំនាក់ដែលនៅតែកំពុងប្រើវាលើសត្វចិញ្ចឹមរបស់ពួកគេ។

“ខ្ញុំគិតថាពួកគេខ្លាចឈប់ប្រើ ក្រែងលោសត្វចិញ្ចឹមពួកគេនឹងងងឹតភ្នែកលឿនជាងមុន”។

  • តើវាប៉ះពាល់ដល់ឆ្កែយ៉ាងដូចម្តេច

បណ្ឌិត Boo ដែលមានគ្លីនិក The Eye Specialist for Animals បាននិយាយថា នាងបានព្យាបាលឆ្កែប្រហែល ២០ ក្បាលដែលម្ចាស់របស់ពួកវាបានប្រើផលិតផល lanosterol។

“ក្នុងចំណោមសត្វឆ្កែទាំង ២០ ក្បាល ខ្ញុំអាចសង្គ្រោះភ្នែកឆ្កែចិញ្ចឹមបានបួនក្បាល” នាងបានរំឭក។ “ចំពោះឆ្កែដែលនៅសល់ យើងចាំបាច់ត្រូវកាត់ភ្នែករបស់ពួកវាចេញ”។

នាងបានពន្យល់ថា ជំងឺភ្នែកឡើងបាយក្នុងឆ្កែជាញឹកញាប់វិវត្តទៅជាជំងឺភ្នែកឡើងសម្ពាធ ដែលអាចនាំឱ្យបាត់បង់ការមើលឃើញប្រសិនបើមិនបានព្យាបាលប្រកបដោយប្រសិទ្ធភាព។ វាក៏អាចបណ្តាលឱ្យភ្នែកហើម ធ្វើឱ្យឆ្កែឈឺចាប់ ហើយចុងក្រោយតម្រូវឱ្យកាត់ភ្នែកចេញ។

ខណៈពេលដែល lanosterol មិនបំផ្លាញភ្នែកដោយផ្ទាល់ ក៏បណ្ឌិត Boo បានព្រមានថា វាពន្យារពេលការព្យាបាលត្រឹមត្រូវតាមរយៈការវះកាត់។

“នៅពេលដែលម្ចាស់សត្វចិញ្ចឹមមានទំនុកចិត្តខុសក្នុងប្រសិទ្ធភាពរបស់ lanosterol ស្ថានភាពភ្នែករបស់សត្វចិញ្ចឹមនឹងបន្តអាក្រក់រហូតដល់ភ្នែកត្រូវបានបាត់បង់ជាអចិន្ត្រៃយ៍” នាងបាននិយាយ។

បណ្ឌិត Sandhya Nair មកពីគ្លីនិក Oasis Vet បានប៉ាន់ប្រមាណថា ១០ ទៅ ២០ ភាគរយនៃករណីជំងឺភ្នែកឡើងបាយដែលនាងជួបប្រទះ ពាក់ព័ន្ធនឹងម្ចាស់សត្វចិញ្ចឹមដែលបានសាកល្បងប្រើ lanosterol ឬផលិតផលស្រដៀងគ្នា។

បណ្ឌិត Cathy Chan មកពីគ្លីនិក The Animal Doctors ក៏បានបង្ហាញពីកង្វល់ទាំងនេះដែរ ដោយនិយាយថា នាងបានឃើញអតិថិជនម្នាក់ដែលបានសាកល្បងវាជាមួយឆ្កែរបស់នាង និងពីរនាក់ផ្សេងទៀតដែលបានសាកល្បងជាមួយទន្សាយរបស់ពួកគេ។

នាងបាននិយាយថាវាពិបាកក្នុងការបញ្ចុះបញ្ចូលម្ចាស់សត្វចិញ្ចឹមមិនឱ្យប្រើផលិតផលទាំងនេះ។

“ចំពោះផលិតផលដែលគ្មានភស្តុតាងវិទ្យាសាស្ត្រច្រើន ខ្ញុំតែងតែមិនលើកទឹកចិត្តម្ចាស់សត្វចិញ្ចឹមឱ្យប្រើវាទេ ប៉ុន្តែពួកវាងាយស្រួលរកទិញ ដូច្នេះអតិថិជនអាចទិញដោយខ្លួនឯងបាន”។

CNA បានទាក់ទងពេទ្យសត្វជាច្រើនដែលលក់ lanosterol តាមប្រព័ន្ធអនឡាញ ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។

  • ក្រុមហ៊ុនផលិតការពារផលិតផលរបស់ខ្លួន

ទោះបីជាមានការសង្ស័យពីអ្នកជំនាញក៏ដោយ ក៏ក្រុមហ៊ុនផលិតផលថ្នាំបន្តក់ភ្នែកដែលមានផ្ទុកសារធាតុ lanosterol នៅតែបន្តអះអាងពីប្រសិទ្ធភាព។

CatarClear បានចែងនៅលើគេហទំព័ររបស់ខ្លួនថា ការស្ទង់មតិលើឆ្កែដែលមានជំងឺភ្នែកឡើងបាយជាង ១០០ ក្បាល បានបង្ហាញអត្រាភាពប្រសើរឡើង ៩៨ ភាគរយ។ ទោះយ៉ាងណា នៅពេលដែលត្រូវបានសួររកព័ត៌មានលម្អិត ក្រុមហ៊ុនមេរបស់វា គឺ Singapore Sciences បានបញ្ជាក់ថា ការស្ទង់មតិនេះផ្អែកលើ “បទពិសោធពេទ្យសត្វក្នុងពិភពពិត” ជាជាងការសិក្សាក្នុងមន្ទីរពិសោធដែលមានការគ្រប់គ្រង។

“ទិន្នន័យស្ទង់មតិលើ CatarClear គាំទ្រលទ្ធផលវិជ្ជមាន” Singapore Sciences បានចែង។

Lanomax ក៏បានការពារផលិតផលរបស់ខ្លួនដែរ ដោយទទួលស្គាល់ថា lanosterol “មិនអាចជ្រាបចូលទៅក្នុងកញ្ចក់ភ្នែក” ប៉ុន្តែបានអះអាងថា “ប្រព័ន្ធដឹកជញ្ជូន lanosterol” ដែលជាកម្មសិទ្ធិរបស់ខ្លួន បានយកឈ្នះលើដែនកំណត់នេះ។ ក្រុមហ៊ុនក៏បានដកស្រង់ករណីសិក្សាឆ្នាំ២០១៨ ដែល Lanomax បានព្យាបាលជំងឺភ្នែកឡើងបាយក្នុងអ្នកជំងឺជាមនុស្សម្នាក់ផងដែរ។

CNA បានទាក់ទងក្រុមហ៊ុនផលិតថ្នាំបន្តក់ភ្នែកមួយទៀត គឺ LumenPro ប៉ុន្តែមិនទាន់បានទទួលការឆ្លើយតបនៅឡើយទេ។

  • អ្នកជំនាញអំពាវនាវឱ្យមានភាពតឹងរ៉ឹងខាងវិទ្យាសាស្ត្រ

អ្នកស្រាវជ្រាវនៅមិនទាន់ជឿលើការអះអាងរបស់ក្រុមហ៊ុនផលិតនៅឡើយទេ។ បណ្ឌិត Eric Ledbetter សាស្ត្រាចារ្យផ្នែកជំងឺភ្នែកនៅសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិក បានចង្អុលបង្ហាញថា ការស្ទង់មតិរបស់ CatarClear ហាក់ដូចជាមិនត្រូវបានពិនិត្យដោយសហភាព និងបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដែលគួរឱ្យជឿទុកចិត្តទេ។

“ព័ត៌មានលម្អិតស្ទើរតែទាំងអស់អំពីការរចនាការសិក្សា ឬលទ្ធផលរបស់វាមិនត្រូវបានផ្តល់នៅលើគេហទំព័រដើម្បីគាំទ្រការអះអាងទេ… ផលប្រយោជន៍ហិរញ្ញវត្ថុ និងទំនាស់ផលប្រយោជន៍ ដែលច្បាស់លាស់និងអាចពាក់ព័ន្ធមិនត្រូវបានបង្ហាញឱ្យឃើញច្បាស់ទេ” បណ្ឌិត Ledbetter បានប្រាប់ CNA។

“ការសិក្សាដែលមានការរចនាសមស្រប គ្រប់គ្រង និងបិទបាំងត្រឹមត្រូវលើឆ្កែដែលមានជំងឺភ្នែកឡើងបាយគឺមានភាពចាំបាច់ដើម្បីបង្កើតប្រសិទ្ធភាពនៃ lanosterol ក្នុងការព្យាបាលជំងឺភ្នែកឡើងបាយក្នុងឆ្កែ។”

ចំពោះការសិក្សាដែលបានបង្ហាញដោយ Lanomax បណ្ឌិត Boo មកពីសិង្ហបុរីបាននិយាយថា វាផ្អែកលើអ្នកជំងឺជាមនុស្សតែម្នាក់ប៉ុណ្ណោះ។

“ការសិក្សាត្រឹមត្រូវទាមទារឱ្យមានទំហំសំណាកសមហេតុផល និងក្រុមគ្រប់គ្រង” នាងបានបន្ថែម។ “វិធានការស្តង់ដារទាំងនេះធានាថាសេចក្តីសន្និដ្ឋានដែលទាញចេញពីការសិក្សាមិនផ្អែកលើសំណាងចៃដន្យទេ”។

នាងក៏បានរំលេចផងដែរថា ការសិក្សាបានវាស់តែកម្រិត lanosterol នៅក្នុងទឹកភ្នែករបស់អ្នកជំងឺប៉ុណ្ណោះ ប៉ុន្តែមិនបានបង្កើតកម្រិត lanosterol នៅក្នុងភ្នែកនិងកញ្ចក់ភ្នែកទេ។

“ដូច្នេះ គ្មានភស្តុតាងថា lanosterol មានតម្លៃព្យាបាលណាមួយទេ” បណ្ឌិត Boo បាននិយាយ។

បណ្ឌិត Ledbetter បាននិយាយថា អ្នកគាំទ្រការប្រើប្រាស់ lanosterol ក្នុងឆ្កែដែលមានជំងឺភ្នែកឡើងបាយគួរតែផ្តល់ “ភស្តុតាងវិទ្យាសាស្ត្ររឹងមាំបន្ថែមថា ផលិតផលរបស់ពួកគេមានសុវត្ថិភាព និងប្រសិទ្ធភាព”។

“ដោយគ្មានការនេះ ‘ភស្តុតាង’ ដែលមានហាក់ដូចជាគ្រាន់តែជាការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។”

សេវាកម្មសត្វ និងពេទ្យសត្វ ដែលជាផ្នែកមួយនៃគណៈកម្មការឧទ្យានជាតិនៃសិង្ហបុរី (NParks) បានដឹងអំពីរូបមន្តផ្សេងៗគ្នានៃថ្នាំបន្តក់ភ្នែក lanosterol ដែលកំពុងត្រូវបានលក់ជាផលិតផលសុខភាពសត្វនៅទីនេះ។

បណ្ឌិត Charlene Fernandez នាយកក្រុមនៃសេវាកម្មវិជ្ជាជីវៈនិងវិទ្យាសាស្ត្រនៅ NParks បានប្រុងប្រយ័ត្ន៖ “យើងសូមជំរុញយ៉ាងខ្លាំងដល់ម្ចាស់សត្វចិញ្ចឹមឱ្យនាំសត្វចិញ្ចឹមរបស់ពួកគេទៅជួបពេទ្យសត្វសម្រាប់ការវិនិច្ឆ័យរោគ និងការព្យាបាលត្រឹមត្រូវសម្រាប់បញ្ហាសុខភាពផ្សេងៗ។”

“ម្ចាស់សត្វចិញ្ចឹមគួរតែចៀសវាងការព្យាបាលដោយខ្លួនឯងដើម្បីសុវត្ថិភាព និងសុខុមាលភាពនៃសត្វចិញ្ចឹមរបស់ពួកគេ ព្រោះវាអាចបណ្តាលឱ្យមានការពន្យារពេលក្នុងការព្យាបាលត្រឹមត្រូវ ដែលអាចធ្វើឱ្យស្ថានភាព និងសុខភាពនៃសត្វចិញ្ចឹមរបស់ពួកគេកាន់តែអាក្រក់៕”

ប្រភព៖ CNA/jx(cy)