ព័ត៌មានជាតិ

អភិបាលរងខេត្តបន្ទាយមានជ័យ១០រូប ,ម្នាក់ចូលនិវត្តន៍ អភិបាលស្រុកម្នាក់ឡើងមកជំនួស

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ក្នុងចំណោមអភិបាលរងខេត្តបន្ទាយមានជ័យចំនួន១០រូប គិតមកត្រឹមពេលនេះលើកនេះមានអភិបាលរងម្នាក់បានចូលនិវត្តន៍។ ហេតុនេះ  រដ្ឋបាលខេត្តបានស្នើទៅក្រសួងមហាផ្ទៃៗស្នើទៅរាជរដ្ឋាភិបាល ទើបសម្រេចតែងតាំងអភិបាលស្រុកម្នាក់ឲ្យឡើងមកជំនួស គឺលោក ឃូ ពៅ ពីអភិបាលស្រុកព្រះនេត្រព្រះឡើងមកជាអភិបាលរងខេត្តបន្ទាយមានជ័យជំនួសលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តដែលចូលនិវត្តន៍ ។

ពិធីធ្វើនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៧  ខែកុម្ភៈ  ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានឡើងថ្លែងស្វាគមន៍និងរាយការណ៍ដោយលើកពីគុណបំណាច់ ស្នាដៃមន្ត្រីដែលចូលនិវត្តន៍និងគុណសម្បត្តិមន្ត្រីដែលត្រូវតែងតាំងជាអភិបាលរងខេត្ត។ក្នុងនោះ ខេត្តខិតខំអនុវត្តគោលនយោបាយ-ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងរួមគ្នាទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋឆ្លងដែនផ្សេងៗ បានខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ  បានផ្តល់សេវារដ្ឋបាលនឹងសេវាសាធារណៈ ។

លោអ៊ួង ចន្ទី ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិលនិងមន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃរាជរដ្ឋភិបាលកម្ពុជាតែងតាំងលោក ឃូ ពៅ ចូលកាន់មុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។

លោកឃូ ពៅ អភិបាលរងថ្មីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលផ្តល់ទំនុកចិត្តតែងតាំងលោកនិងប្តេជ្ញាចិត្តថានឹងយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីខិតខំបំពេញការងារតាមតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

លោកប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសំដែងនូវការអបអរសាទរនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ឃូ ពៅ ដែលបានខិតខំបំពេញតួនាទីភារកិច្ចជាអភិបាលស្រុកជិត៤អាណត្តិបម្រើជាតិ ប្រជាជន ហើយត្រូវបន្តក្នុងតំណែងថ្មីនេះ ក្នុងការចូលរួមអភិវឌ្ឍខេត្តបន្តទៀត ។

លោករដ្ឋលេខាធិការក៏ណែនាំជាច្រើនដល់រដ្ឋបាលខេត្តឲ្យបន្តខិតខំលើការងារទាំងឡាយបន្តទៀត៕