ដោយ៖ស-សម្បត្តិ
ភ្នំពេញ៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA បានរៀបចំឲ្យមានវេទិកាស្តីពីបញ្ហាប្រឈមក្នុងអាជីវកម្មចំពោះ គណនេយ្យ ពន្ធដារ និងសវនកម្ម កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

វេទិកាដ៏មានសារសំខាន់ដែលរៀបចំដោយសមាគម សហព័ន្ធ ភ្នាក់ងារ សេវកម្មពន្ធដារកម្ពុជា CTAFAនៅពេលនេះ គឺបានរៀបចំធ្វើឡើងនៅស្នាក់ការសមាគម CTAFAតែម្តង ដែលមានទីតាំងស្ថិតនៅបុរីអ័រគីដេ ដឹពោធិ៍ចិនតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាភ្នាក់ងារសេវាកម្មពន្ធដារ និងម្ចាស់អាជីវកម្ម សរុបទាំងអស់ប្រមាណជាង៣០នាក់។
វេទិកានេះមានវាគ្មិនកិត្តិយសជាថ្នាក់ដឹកនាំសមាគមCTAFAពួកគាត់មានចំណេះជំនាញនិងបទពិសោធស៊ីជម្រៅជាច្រើនរូបមានដូចជាឯកឧត្តមអ៊ុំ សារ៉ាវុធ ប្រធានសមាគម ,លោក ហំ ហាក់ អនុប្រធានសមាគម, លោកទេព សិដ្ឋាន់ណា ប្រធានគណៈកម្មការ ប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយហៅថា(គបផ)និងជាអនុប្រធានសមាគម ព្រមទាំង កញ្ញា អៀប លីឈុន ប្រធានអនុគណៈកម្មការតែងតាំងនិងលាភកា នៃសមាគមCTAFAបានធ្វើបទបង្ហាញចែករំលែកពាក់ព័ន្ធទៅនឹងវិធីសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលតែងកើតមានក្នុងអាជីវកម្មចំពោះ គណនេយ្យ ពន្ធដារ និងសវនកម្ម។ លើសពីនេះវេទិកាក៏បានបង្កើតឲ្យមានកម្មវិធីសំណួរចម្លើយរវាងអ្នកចូលរួមនិងសមាគមបានយ៉ាងផុលផុសនូវរាល់បញ្ហាដែលម្ចាស់អាជីវកម្មបានជួបប្រទះពេលអនុវត្តជាក់ស្តែងកន្លងមក។
ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសាមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅថា CTAFAបានបញ្ជាក់យ៉ាងដូច្នេះថា ដោយសារតែនៅកម្ពុជាយើង ជាលក្ខណៈ SME ជាប្រទេសអាជីវកម្មខ្នាតតូច និងមធ្យម ដូច្នេះហើយ ទាក់ទងនឹងធនធានមនុស្ស ដែលមានចំណេះដឹង ទៅលើផ្នែកពន្ធដារ គណនេយ្យ និងហិរញ្ញវត្ថុ នៅមានកម្រិត អ៊ីចឹងម្ទាស់អាជីវកម្មតែងតែមានបញ្ហា តាំងតែពីចុះបញ្ជី តាំងពីសុំច្បាប់ មិនដឹងថាគាត់ រកស៊ីមុខរបរទាំងអស់ហ្នឹង គឺត្រូវទៅសុំច្បាប់នៅកន្លែងណាខ្លះ ទៅសុំអាជ្ញាបណ្ណនៅកន្លែងណា អស់ថ្លៃប៉ុន្មាន ហើយមិនដឹងធ្វើយ៉ាងម៉េចដើម្បីឲ្យខ្លួនឯងក្លាយទៅជាអ្នករកស៊ីស្របច្បាប់។ គាត់រកស៊ី មានន័យថា ជាលក្ខណៈគ្រួសារ ហើយគាត់ខ្លាច មិនហ៊ានពង្រីកធំទេ ដោយសារការយល់ដឹងផ្នែកផ្លូវច្បាប់ គឺនៅមានកម្រិត អ៊ីចឹងគាត់ចេះតែបារម្ភខ្លាច ពន្ធដារ ខ្លាចនេះ ខ្លាចនោះ ចឹងទាំងអស់នោះហើយ សុទ្ធតែជាមូលហេតុបានជាខ្ញុំបង្កើតសមាគមCTAFA នេះឡើងដើម្បីរួមចំណែកចែករំលែក បទពិសោធជាក់ស្តែងផង ជាមួយនឹង ចំណេះដឹងទាក់ទងនឹងផ្លូវច្បាប់នេះ។
លោក ស្រី ទិត្យ សុធារ៉ា អគ្គនាយិកាក្រុមហ៊ុនគ្រប់គ្រងផលិតផលទឹកឃ្មុំព្រៃធម្មជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងវេទិកាដ៏មានសារសំខាន់នេះបានបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួនថា នាងខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយខ្លាំងមែនទែន ដែលបានចូលរួមក្នុងវេទិកាពិភាក្សាស្តីពីបញ្ហាប្រឈមក្នុងអាជីវកម្ម ចំពោះគណនេយ្យ ពន្ធដារ និងសវនកម្មនេះ ក្នុងនាងខ្ញុំជាម្ទាស់អាជីវកម្មឯកជន វេទិកានេះ ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ម្ទាស់អាជីវកម្ម ។
ចំណែក លោក សេង ចាន់រិទ្ធី សមាជិកសាមញ្ញសភាពាណិជ្ជកម្មរាជធានីភ្នំពេញនិង ជាម្ចាស់អាជីវកម្មដែលបានចូលរួមក្នុងវេទិកាពិភាក្សា ស្តីពីបញ្ហាប្រឈមក្នុងអាជីវកម្មចំពោះគណនេយ្យ ពន្ធដារ និងសវនកម្មខាងលើនេះ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ព្រឹត្តិការណ៍នេះ គឺខាងសមាគម រៀបចំបានល្អមែនទែន។ ក្នុងនោះទាក់ទងទៅនឹងមានជាពេលវេលាសម្រាប់បង្ហាញអំពី សមាគម CTAFA បង្ហាញអំពីថ្នាក់ដឹកនាំសមាគម CTAFA ហើយនឹងសកម្មភាពមួយចំនួនដែលសមាគម បានធ្វើនាពេលកន្លងមក ហើយក៏ផ្តល់ជាឱកាសដ៏សំខាន់ ដល់អ្នកចូលរួមបានយល់ដឹងកាន់តែស៊ីជម្រៅ អំពីបញ្ហាពាក់ព័ន្ធនឹងពន្ធដារ ហើយក៏មានជាសំណួរ ចម្លើយដើម្បីជួយឲ្យអ្នកចូលរួមក្នុងវិទិកាដែលភាគច្រើនជាម្ចាស់អាជីវកម្មទទួលបានការយល់ដឹងថ្មីបន្ថែមទៀតសម្រាប់យកទៅប្រើប្រាស់ក្នុងការធ្វើអាជីវកម្មរបស់ខ្លួនបន្តទៅទៀត ។
ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសាមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA បានបញ្ជាក់ឲ្យដឹងទៀតថា ចាប់ពីពេលនេះតទៅ សមាគម យើងនឹងបង្កើតឲ្យមាននូវវិទិកាពិភាក្សាស្តីពីបញ្ហាប្រឈមក្នុងអាជីវកម្ម ចំពោះគណនេយ្យ ពន្ធដារ និងសវនកម្មបែបនេះ ឲ្យបាន៤ដងក្នុងមួយខែ។
គោលបំណងសំខាន់បំផុតគឺដើម្បីចូលរួមចំណែកផ្តល់ឱកាសឲ្យបងប្អូនជាភ្នាក់ងារសេវាកម្មពន្ធដារ និងម្ចាស់អាជីវកម្មទាំងអស់ រាប់ទាំងអ្នកបានចូលជាសមាជិកសមាគមហើយ និងអ្នកដែលមិនទាន់បានចូលជាសមាជិកបានជួបជុំគ្នាឈ្វេងយល់កាន់តែច្បាស់ ស៊ីជម្រៅ អំពីបញ្ហាប្រឈមក្នុងអាជីវកម្ម ជាពិសេសចំពោះគណនេយ្យ ពន្ធដារ និងសវនកម្មឲ្យយល់បានត្រឹមត្រូវនិងអនុលោមទៅតាមច្បាប់ជាធរមាន៕/
