អន្តរជាតិ

វៀតណាមដាក់ពន្ធនាគារអ្នកសារព័ត៌មានលេចធ្លោពាក់ព័ន្ធនឹងការបង្ហោះនៅលើហ្វេសប៊ុក

ប្រែសម្រួល៖ លនស្រស់

ហាណូយ៖ កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២៧ ខែកុម្ភៈ) តុលាការវៀតណាមបានផ្តន្ទាទោសអ្នកសារព័ត៌មានឯករាជ្យលេចធ្លោម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ខែ ពាក់ព័ន្ធនឹងការបង្ហោះនៅលើហ្វេសប៊ុកដែលរិះគន់រដ្ឋាភិបាល ដូចបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

លោក ហ៊ុយ ឌឹក បានធ្វើការឱ្យកាសែតរដ្ឋដែលមានឥទ្ធិពលមុននឹងក្លាយជាអ្នកនិពន្ធប្លក់មួយក្នុងចំណោមប្លក់ដែលពេញនិយមបំផុតនៅវៀតណាម និងគណនីហ្វេសប៊ុក ដែលលោកបានរិះគន់មេដឹកនាំកុម្មុយនិស្តនៃប្រទេសលើបញ្ហានានា ដូចជាអំពើពុករលួយ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយប្រទេសចិន។

តុលាការនៅទីក្រុងហាណូយបានសម្រេចថាលោកមានអាយុ ៦៣ ឆ្នាំ មានទោសពីបទ “រំលោភបំពានលើសេរីភាពប្រជាធិបតេយ្យដើម្បីរំលោភបំពានលើផលប្រយោជន៍របស់រដ្ឋ” តាមរយៈការបង្ហោះអត្ថបទចំនួន ១៣ នៅលើហ្វេសប៊ុក យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម។ការជំនុំជម្រះក្តីបានប្រព្រឹត្តទៅតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

“អត្ថបទទាំងនេះមានការប្រតិកម្ម មតិយោបល់ និងការចែករំលែកជាច្រើន ដែលបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព” បញ្ជីចោទបាននឹងបញ្ជាក់ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

មុនពេលលោកត្រូវបានចាប់ខ្លួនកាលពីខែមិថុនាឆ្នាំមុន លោក ហ៊ុយ ឌឹក ដែលជាឈ្មោះអក្សរសាស្ត្ររបស់អ្នកសារព័ត៌មានរូបនេះ បានវាយប្រហារតាមអ៊ីនធើណិតលើលោក តូ ឡាម មេដឹកនាំដ៏មានអំណាចបំផុតរបស់វៀតណាម និងអ្នកមុនលោក គឺលោក ងវៀន ភូ ត្រុង។

នៅមិនទាន់ច្បាស់ទេថាការចោទប្រកាន់ទាំងនេះទាក់ទងនឹងការបង្ហោះជាក់លាក់ទាំងនេះឬអត់។

វៀតណាម ជារដ្ឋបក្សតែមួយ គ្មានប្រព័ន្ធផ្សព្វផ្សាយសេរីទេ ហើយប្រឆាំងយ៉ាងខ្លាំងចំពោះការជំទាស់ណាមួយ។ វាជាប្រទេសមួយក្នុងចំណោមប្រទេសពិភពលោកដែលដាក់អ្នកសារព័ត៌មានក្នុងគុកច្រើនបំផុត យោងតាមក្រុមយុទ្ធនាការសេរីភាពសារព័ត៌មាន អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF)។

ការជំនុំជម្រះក្តីនៅទីក្រុងហាណូយបានកើតឡើងប៉ុន្មានខែបន្ទាប់ពីអ្នកសរសេរប្លក់ ឌួង វ៉ាន់ ថៃ ដែលមានអ្នកតាមដានជិត ១២០.០០០ នាក់នៅលើយូធ្យូប ដែលជាកន្លែងដែលលោកធ្វើការផ្សាយផ្ទាល់ជាទៀងទាត់ដើម្បីរិះគន់រដ្ឋាភិបាល ត្រូវបានជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ ក្រោមការចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានប្រឆាំងរដ្ឋ។  កាលពីខែមករា មេធាវីលេចធ្លោមុនម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពាក់ព័ន្ធនឹងការបង្ហោះនៅលើហ្វេសប៊ុក។

  • “ប្រភពព័ត៌មានដ៏មានតម្លៃ”

លោក ហ៊ុយ ឌឹក ដែលមានឈ្មោះពិតប្រាកដថា ទ្រឿង ហ៊ុយ សាន ធ្លាប់ជាអនុសេនីយ៍ឯកកងទ័ពជាន់ខ្ពស់។   លោកត្រូវបានបណ្តេញចេញពីស្ថាប័នព័ត៌មានរបស់រដ្ឋនៅឆ្នាំ ២០០៩ ដោយសារតែការរិះគន់សកម្មភាពនាពេលអតីតកាលដោយសម្ព័ន្ធមិត្តកុម្មុយនិស្តអតីតរបស់វៀតណាម សហភាពសូវៀត។

លោក ហ៊ុយ ឌឹក បានចំណាយពេលមួយឆ្នាំនៅសាកលវិទ្យាល័យហាវឺដក្នុងនាមជាអ្នកទទួលអាហារូបករណ៍ Nieman Fellowship នៅឆ្នាំ ២០១២។

ក្នុងអំឡុងពេលនៅក្រៅប្រទេសរបស់លោក រឿងរ៉ាវអំពីជីវិតនៅវៀតណាមបន្ទាប់ពីការបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក “The Winning Side” ត្រូវបានបោះពុម្ពផ្សាយ។

RSF បាននិយាយកាលពីមុនថាអត្ថបទរបស់លោកគឺជា “ប្រភពព័ត៌មានដ៏មានតម្លៃដែលអនុញ្ញាតឱ្យសាធារណជនវៀតណាមចូលប្រើប្រាស់ព័ត៌មានដែលត្រូវបានត្រួតពិនិត្យដោយរបបហាណូយ”។

អ្នកយុទ្ធនាការសិទ្ធិមនុស្សនិយាយថារដ្ឋាភិបាលបានបង្កើនការបង្ក្រាបសង្គមស៊ីវិលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

“គ្មានប្រទេសណាអាចអភិវឌ្ឍប្រកបដោយនិរន្តរភាពដោយផ្អែកលើការភ័យខ្លាចទេ” លោក ហ៊ុយ ឌឹក បានសរសេរនៅលើហ្វេសប៊ុកកាលពីខែឧសភា ខែមុនពេលលោកត្រូវបានចាប់ខ្លួន។

កាលពីខែធ្នូ វៀតណាមបានអនុម័តវិធានថ្មីដែលតម្រូវឱ្យហ្វេសប៊ុក និងធីកធកផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងប្រគល់ទិន្នន័យទៅឱ្យអាជ្ញាធរ។

ក្រោម “អនុក្រឹត្យ ១៤៧” ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងអស់ដែលដំណើរការនៅវៀតណាមត្រូវតែផ្ទៀងផ្ទាត់គណនីអ្នកប្រើប្រាស់តាមរយៈលេខទូរសព្ទ ឬលេខអត្តសញ្ញាណប័ណ្ណវៀតណាម ហើយរក្សាទុកព័ត៌មាននោះជាមួយនឹងឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ៕

ប្រភព៖ AFP/lh