បច្ចេកវិទ្យា

ផលិតរថយន្តជាសកលរបស់ក្រុមហ៊ុន Toyota កើនឡើងជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ នៅខែមករាដើមឆ្នាំ២០២៥

ប្រែសម្រួល៖ លនស្រស់

ទីក្រុងតូក្យូ៖ ក្រុមហ៊ុន Toyota Motor បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២៧ ខែកុម្ភៈ) ថា ការផលិតទូទាំងពិភពលោករបស់ខ្លួនបានកើនឡើងជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំក្នុងខែមករា ដោយបានបង្កើនការផលិតនៅប្រទេសជប៉ុន បន្ទាប់ពីបានងើបឡើងវិញពីរឿងអាស្រូវវិញ្ញាបនបត្រកាលពីឆ្នាំមុននៅទីផ្សារក្នុងស្រុក។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតនៅលើពិភពលោកនេះ មានការផលិតសកលសម្រាប់ខែមករាបានកើនឡើង ៦ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៧៨១.៧២៩ គ្រឿង ដោយការផលិតក្នុងស្រុកកើនឡើង ២២ ភាគរយ បានទូទាត់នឹងការថយចុះនៃការផលិតនៅបរទេស។ការផលិតរបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើងបានកើនឡើង ៣ ភាគរយក្នុងខែមករា ដោយសារតែការលោតឡើងនៃការផលិតនៅប្រទេសម៉ិកស៊ិកបានទូទាត់នឹងការធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងកាណាដា ជាប្រទេសដែលក្រុមហ៊ុននៅតែផលិតរថយន្តច្រើនជាងនៅប្រទេសម៉ិកស៊ិកសម្រាប់ខែនោះ។

ក្រុមហ៊ុនបានផលិតរថយន្តប្រមាណ ២៦.៥០០ គ្រឿងនៅប្រទេសម៉ិកស៊ិកក្នុងខែមករា ដោយផលិតរថយន្តច្រើនជាងស្ទើរតែ ៣,៥ ដងនៅក្នុងប្រទេសនោះបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុន Toyota បានឱ្យដឹងថា ការលោតឡើងនេះគឺដោយសារតែការប្តូរការផលិតកាលពីឆ្នាំមុន បណ្តាលឱ្យមានការកើនឡើងខ្លាំងធៀបនឹងឆ្នាំមុន។

ការលក់សកលរបស់ក្រុមហ៊ុន Toyota ស្ថិតនៅក្នុងកម្រិតស្ទើរតែមិនមានការប្រែប្រួល ដោយសារតែការលោតឡើង ១៣ ភាគរយនៃការលក់ក្នុងស្រុកបានជួយរក្សាតុល្យភាពនឹងការធ្លាក់ចុះ ១៤ ភាគរយនៃការលក់នៅប្រទេសចិន និងការធ្លាក់ចុះ ១ ភាគរយនៃការលក់នៅសហរដ្ឋអាមេរិក។ការ

ក្រុមហ៊ុនបានឱ្យដឹងថា តម្រូវការនៅអាមេរិកខាងជើងចំពោះរថយន្តរបស់ខ្លួននៅតែរឹងមាំ ទោះបីជាមានផលប៉ះពាល់អវិជ្ជមានពីការធ្លាក់ព្រិលក្នុងខែមករាក៏ដោយ។

តួលេខផលិតកម្ម និងការលក់ទាំងនេះ រួមបញ្ចូលទាំងម៉ាកប្រណិតរបស់ខ្លួនគឺ Lexus ផងដែរ៕/

ប្រភព៖ Reuters/ec