សន្ដិសុខសង្គម

ក្រោយអភិបាលខេត្តបន្ទោសប្រធានមន្ទីរវប្បធម៌ករណីមន្ត្រីកិច្ចសន្យាម្នាក់រារាំងការសង់របងវិទ្យាល័យបន្ទាយឆ្មារព្រះរាជអំណោយព្រះមហាក្សត្រ ,ទើបធ្លាយរឿងចង់ស៊ីដាច់ដីរបស់សាលា៥ហិកតា

បន្ទាយមានជ័យ ៖ក្រោយពីលោកអភិបាលខេត្តបន្ទាយមានជ័យបានបន្ទោសធ្ងន់ៗទៅលោកប្រធានមន្ទីរវប្បធម៌ខេត្តករណីបណ្តោយឲ្យមន្ត្រីកិច្ចសន្យាម្នាក់បង្កព្យុះភ្លៀង អុកឡុក រារាំងការសង់របងនិងសមិទ្ធផលនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារដែលជាព្រះរាជអំណោយអង្គព្រះមហាក្សត្រកន្លងមកនោះ តាមការស៊ើបអង្កេតព័ត៌មានមកទល់ពេលនេះ ទើបបែកធ្លាយនូវរឿងដែលសង្ស័យថា មន្ត្រីនោះចង់ស៊ីដាច់ដីសាលារៀននេះទំហំ៥ហិកតា។

សូមរំលឹកថា ក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៥ នាសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យកន្លងមក លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ទោសធ្ងន់ៗទៅកាន់លោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្យសិល្ប:ខេត្ត ដែលសម្បូរតែរឿង មិនចេះធ្វើការ។

ករណីដោយឡែកមួយ ក្នុងនោះបានបណ្តោយឲ្យមន្ត្រីកិច្ចសន្យាម្នាក់(ឈ្មោះ ម៉ៅ ស៊ី នៅបន្ទាយឆ្មារ) បង្កព្យុះភ្លៀង អុកឡុក រារាំងការសង់របងបេតុងព័ទ្ធលួសបន្លានៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារស្ថិតនៅផ្លូវជាតិលេខ៥៦បេ ភូមិស្រះជ្រៃឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។

លោកអភិបាលខេត្តបានបន្តថា:  ហេតុអីក៏លោកប្រធានមន្ទីរទុកឲ្យមន្ត្រីជាប់កិច្ចសន្យាសោះ( យោងកាតមួយថា មន្ត្រីកិច្ចសន្យារបស់លោកម៉ៅ ស៊ី បានផុតសុពលភាពតាំងពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣?) អាងយ៉ាងទៅបង្ករាំងស្ទះដល់សំណង់ជាព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រផង ។

លោកអភិបាលឲ្យពិនិត្យនិងចាត់ការរឿងនេះប្រកបដោយការទទួលខុសត្រូវ  ហើយមិនឲ្យមានបាតុភាពដូច្នេះទៀតទេ។

លោកបញ្ជាក់ថា : លិខិតបទដ្ឋានពីក្រសួងព្រះបរមរាជវាំង  ពីសាលានិងអប់រំ ក៏ដូចរដ្ឋបាលខេត្តបន្ទាយមានជ័យ ពីក្រសួងវប្បធម៌និងវិចិត្រសិល្ប: មានអស់ហើយ  អីក៏បុគ្គលមន្ត្រីកិច្ចសន្យាម្នាក់សោះ បង្ករឿងឲ្យរាំងស្ទះដូច្នេះ ?

ករណីនេះ លោកយង់ តាំងគួយ  ប្រធានមន្ទីរវប្បធម៌និងវិចិត្យសិល្ប:ខេត្តបន្ទាយមានជ័យបានទទួលស្គាល់កំហុស  ដោយលោកមិនប្រកែក ឬបដិសេធឡើយ ។

សូមបញ្ជាក់ថា  គណ:គ្រប់គ្រងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារ តាមរយ:ការជួយគាំទ្រពីអតីតឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងអាជ្ញាធរ មន្ទីរជំនាញផង កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ បានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសាងសង់អគារសិក្សា២ខ្នងមាន១០បន្ទប់ ខ្លោងទ្វារបេតុងនិងរបងបេតុងព័ទ្ធលួសបន្លា។

ព្រះករុណាទ្រង់សព្វព្រះទ័យប្រទានតាមសំណើ ហើយចាត់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ-ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង គុយ សុផល ចុះពិនិត្យនិងទទួលបន្ទុកសាងសង់។

ក្នុងនោះមានលិខិតលេខ៥៥២/២៣ រវ .សជណ ចុះថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ របស់ក្រសួងព្រះបរមរាជវាំង , លិខិតសំណើរបស់គណ:គ្រប់គ្រងសាលាចុះថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ ដែលបានចារឯកភាពលើសំណើពីមេឃុំបន្ទាយឆ្មារ ,អភិបាលស្រុកថ្មពួកនិងអភិបាលខេត្តផងដែរ និងលិខិតលេខ៤៧១ ឆត ចុះថ្ងៃទី១២ខែតុលាឆ្នាំ២០២៣ របស់លោកស្រីបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានផ្ញើជូនរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងងថា ករណីស្នើសុំកសាងអគារសិក្សាថ្មី១ខ្នងកម្ពស់ពីរជាន់ក្នុងបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារ  ក្រសួងសូមជម្រាបជូនថា តាមរយ:លទ្ធផលកំណាយរបស់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ក្រសួងវប្បធម៌សូមអនុញ្ញាតទី១ :

ឲ្យសាង់សំណង់អគារថ្មីចំនួន២ខ្នងជំនួសឲ្យអគារ១ខ្នងកម្ពស់២ជាន់វិញ ព្រោះការសាងសង់សំណង់អគារកម្ពស់២ជាន់គឺមានផលប៉ះពាល់ដល់សោភ័ណភាព ទេសភាពវប្បធម៌និងបរិស្ថានជុំវិញបុរាណដ្ឋានក្នុងតំបន់ការពារទី២នៃរមណីយដ្ឋានប្រសាទបន្ទាយឆ្មារ និងទី២ ឲ្យរុះរើរបងចាស់ដោយសង់របងថ្មីនៅលើទីតាំងរបងចាស់ដដែលនិងសង់ខ្លោងទ្វារថ្មី។

ចំពោះទីតាំងដែលមិនមានរបងចាស់ សូមសាងសង់ដោយមានមន្ត្រីជំនាញរបស់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ចូលរួមនៅពេលដំណើរការជីកគ្រឹះ ។

យោងដំណើរការសាងសង់ ,ដំណើរចុះពិនិត្យបន្តបន្ទាប់របស់សម្តេចចៅហ្វាវាំងគុយ សុផល ,មន្ត្រីអាជ្ញាធរ មន្ត្រីអប់រំនិងគណ:គ្រប់គ្រងវិទ្យាល័យវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារឲ្យដឹងថ្ងៃទី២៧ខែកុម្ភ:ថា : ការសាងសង់នោះ ត្រឹមត្រូវទាំងស្រុងតាមខ្លឹមសារស្មារតីលិខិតក្រសួងវប្បធម៌និងវិចិត្រសិល្ប:  ប៉ុន្តែលិខិតនោះមិនត្រូវគេបង្ហាញឡើយ ពោលគឺផ្នែកអគារបានប្តូរពីសង់១ខ្នងកម្ពស់២ជាន់មកសង់២ខ្នង កម្ពស់១ជាន់វិញ ។ ហើយមកទល់ពេលនេះសង់បាន៩០% ។ឯផ្នែករបងបង្គោលបេតុងព័ទ្ធលួសបន្លាវិញសង់បាន៧០% ។

ទាក់ទិនការសង់របង គឺមុនបានលទ្ធផលដូចនេះ វាបានជួបឧបសគ្គយ៉ាងខ្លាំង៕