ដោយ៖ គង់ហេង

កំពង់ចាម៖ បុរសជនសង្ស័យម្នាក់ដែលបានបាញ់តដៃជាមួយសមត្ថកិច្ចក្នុងការឡោមព័ទ្ធករណីចោរប្លន់ម៉ូតូដែលបណ្តាលឱ្យរងរបួសភ្លៅម្ខាងលើកម្លាំងនគរបាលម្នាក់ នៅភូមិឡឥដ្ឋទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ កុម្ភៈនេះ គឺធ្លាប់ជាប់ពន្ធនាគារត្រពាំងផ្លុងរយៈពេល ១៨ ឆ្នាំពីបទឃាតកម្ម។
នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅប្រហែលជាងមួយម៉ោងមុនការផ្សាយនេះ នៅក្នុងបណ្តាញសង្គមហ្វេបុក ដោយបានឱ្យដឹងថា៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាង ពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាលមួយរូបចំភ្លៅ នៅភូមិឡឥដ្ឋទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិការបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។
លោកអ្នកនាំពាក្យបានបន្ថែមថា៖ ដោយសារជនសង្ស័យបានអះអាងថាខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖ ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេស៊ីល មុខរបរអ្នករត់តាក់ស៊ី និងជាបុគ្គលិកវីង រស់នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យម្នាក់នេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។ ករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី។
សូមបញ្ជាក់ថា ឈ្មោះ អែម នាង ហៅប្រេស៊ីល ជាប់សង្ស័យពីបទប្លន់ម៉ូតូមួយគ្រឿង កាលពីថ្ងៃទី ២១ កុម្ភៈ នៅក្នុងភូមិសាស្រ្តឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ ក្រោយពីការស៊ើបអង្កេតរបស់ខាងស្នងការនគរបាលខេត្តកំពង់ចាម បានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ អែម នាង ហៅប្រេស៊ីលនេះ ឈានដល់ការបង្រ្កាបឡោមព័ទ្ធលំនៅឋានខាងលើនេះ៕
