ប្រែសម្រួល៖សហការី

ក្រុងគីវ៖ អ៊ុយក្រែននិងសហរដ្ឋអាមេរិកកំពុងរៀបចំលម្អិតនៃកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់ឱ្យវ៉ាស៊ីនតោនការចូលប្រើប្រាស់ធនធានធម្មជាតិរបស់អ៊ុយក្រែន ដោយប្តូរជាមួយនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក នេះបើយោងតាមការថ្លែងរបស់ក្រុងគីវកាលពីថ្ងៃច័ន្ទ (ថ្ងៃទី២៤ ខែកុម្ភៈ)។
ការចរចារនេះបានបង្កឱ្យមានភាពតានតឹង ដោយមន្ត្រីអាមេរិកបានដាក់សម្ពាធលើអ៊ុយក្រែនឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ទោះបីជាក្រុងគីវបានអះអាងថាសេចក្តីព្រាងដំបូងខ្វះការធានាសន្តិសុខសំខាន់ៗក៏ដោយ។
«ក្រុមការងារអ៊ុយក្រែននិងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចារទាក់ទងនឹងកិច្ចព្រមព្រៀងរ៉ែ។ ការចរចារនេះមានលក្ខណៈស្ថាបនាខ្លាំង ដោយព្រមព្រៀងគ្នាស្ទើរតែទាំងស្រុងលើចំណុចសំខាន់ៗ» នេះបើយោងតាមការថ្លែងរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី អូលហ្គា ស្តេហ្វានីស៊ីណា នៅលើបណ្តាញ X។
ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានមានប្រសាសន៍ថា លោកមានគោលបំណងទទួលបានការធានាសន្តិសុខជាក់លាក់ពីសហរដ្ឋអាមេរិក ដោយប្តូរជាមួយនឹងការផ្តល់សិទ្ធិឱ្យវ៉ាស៊ីនតោនចូលប្រើប្រាស់ធនធានសំខាន់ៗ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទាមទារឱ្យអ៊ុយក្រែនផ្តល់សិទ្ធិចូលប្រើប្រាស់រ៉ែកម្រ ដើម្បីទូទាត់ជំនួយពេលសង្គ្រាមដែលក្រុងគីវបានទទួលក្រោមរដ្ឋបាលលោក ចូ បៃដិន។
«យើងប្តេជ្ញាបញ្ចប់កិច្ចការនេះឱ្យបានឆាប់រហ័សដើម្បីឈានទៅដល់ការចុះហត្ថលេខា» លោកស្រី ស្តេហ្វានីស៊ីណា បានបន្ថែមក្នុងការផ្សាយរបស់លោកស្រីលើបណ្តាញសង្គម។
លោកស្រីបានថ្លែងថា លោកស្រីសង្ឃឹមថា លោក ត្រាំ និងលោក ហ្សេឡេនស្គី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្រុងវ៉ាស៊ីនតោន «ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងសម្រាប់ទសវត្សរ៍ខាងមុខ»៕
ប្រភព៖ AFP/rl
