អន្តរជាតិ

ចិននិងរុស្ស៊ីជា «មិត្តពិត» ដែល «គាំទ្រគ្នាទៅវិញទៅមក» ជាការថ្លែងរបស់លោក ស៊ី ទៅកាន់លោក ពូទីន ក្នុងការសន្ទនាតាមទូរសព្ទ

ប្រែសម្រួល៖សហការី

ទីក្រុងប៉េកាំង៖ ប្រធានាធិបតី ស៊ី ជីនភីង បានថ្លែងថា ចិននិងរុស្ស៊ីគឺជា «មិត្តពិត» ដែល «គាំទ្រគ្នាទៅវិញទៅមក» នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃច័ន្ទ (ថ្ងៃទី២៤ ខែកុម្ភៈ)។

ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ដោយដកស្រង់សម្តីលោក ស៊ី ដែលថា «ប្រវត្តិសាស្ត្រនិងការពិតបង្ហាញថា ចិននិងរុស្ស៊ីគឺជាប្រទេសជិតខាងល្អដែលមិនអាចបែកបាក់គ្នា និងជាមិត្តពិតដែលចែករំលែកទាំងសុខទាំងទុក្ខ គាំទ្រគ្នាទៅវិញទៅមក និងសម្រេចបាននូវការអភិវឌ្ឍរួមគ្នា»។

ទីភ្នាក់ងារព័ត៌មានរដ្ឋបានរាយការណ៍មុននេះថា លោក ស៊ី និងលោក ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទនៅថ្ងៃច័ន្ទ «តាមការអញ្ជើញ» ជាមួយមេដឹកនាំរុស្ស៊ី។

ទីក្រុងម៉ូស្គូនិងប៉េកាំងបានពង្រឹងទំនាក់ទំនងយោធានិងពាណិជ្ជកម្មចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាចិនបានព្យាយាមបង្ហាញខ្លួនថាជាភាគីអព្យាក្រឹតក្នុងជម្លោះដែលបានអូសបន្លាយជិតបីឆ្នាំនេះក៏ដោយ។

ចិននៅតែជាដៃគូនយោបាយនិងសេដ្ឋកិច្ចដ៏ជិតស្និទ្ធរបស់ក្រុងម៉ូស្គូ និងមិនដែលថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ីឡើយ ដែលនាំឱ្យសមាជិកអង្គការណាតូមួយចំនួនចាត់ទុកប៉េកាំងថាជា «អ្នកជួយសម្រួល» នៃជម្លោះនេះ។

ភាគីទាំងសងខាងបានលើកឡើងអំពីចំណងមិត្តភាពផ្ទាល់ខ្លួនដ៏រឹងមាំរវាងលោក ស៊ី និងលោក ពូទីន ដោយលោក ស៊ី ហៅមេដឹកនាំរុស្ស៊ីថាជា «មិត្តល្អបំផុត» និងលោក ពូទីន សរសើរថាជា «ដៃគូដែលគួរឱ្យជឿទុកចិត្ត»៕

ប្រភព៖ AFP/fh