ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យណែនាំឲ្យសន្សំសំចៃទឹកនារដូវក្តៅហួតហែង

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ស្មារតីកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៥ បានលើកឡើងពីការត្រូវប្រុងប្រយ័ត្ន បង្ការការពារនិងត្រៀមដោះស្រាយឲ្យបាននោះ គឺណែនាំឲ្យសន្សំសំចៃទឹកនារដូវក្តៅហួតហែងជាច្រើនខែតទៅនេះ ។

លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលនោះ កាលពីថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៥ ហើយដាក់បញ្ជានិងណែនាំថា មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ កងកម្លាំងគ្រប់ប្រភេទត្រូវតែក្តាប់និងតាមដានបញ្ហាទឹកប្រើប្រាស់ គឺត្រូវបន្តយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពទឹកនៅតាមភូមិសាស្ត្ររបស់ខ្លួន ដេីម្បីវិធានការបន្ត រិះរកគ្រប់មធ្យោបាយ រកប្រភពទឹកសម្រាប់ត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងករណីខ្វះខាតទឹកប្រើប្រាស់នាពេលនេះនិងពេលខាងមុខ ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីស្រុកមង្គលបូរីបានឲ្យដឹងថា: ជាស្រុកជង្រុកស្រូវធំជាងគេបង្អស់ ហើយកសិករធ្វើស្រូវលើសផែនការនោះ នាំឲ្យមានការប្រើប្រាសទឹកដ៏ច្រើននិងលើសកម្រិត ដែលផល១ទៀតនោះ គឺនាំឲ្យវាកំពុងប្រឈមនឹងការកង្វះខាតទឹកសម្រាប់បរិភោគនិងប្រើប្រាស់។

ដងស្ទឹងមង្គលបូរីដែលជាស្ទឹងធំបង្អស់ឆ្លងកាត់ស្រុកនេះ អូរនិងប្រភពទឹកផ្សេងទៀតបាននឹងកំពុងរីងខះ  និងចំណែកក្រុងសិរីសោភ័ណ អភិបាលរងក្រុងម្នាក់ លោកវី វ៉ា ឲ្យដឹងថា: ទឹកស្ទឹងសិរីសោភ័ណក៏បានស្រកសណ្តកជាខ្លាំង គួរឲ្យបារម្ភ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ក្នុងនោះ ត្រូវណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃបំផុត ។

បញ្ហានេះ អ៊ុំ រាត្រី អភិបាលខេត្តបានដាក់បញ្ជានិងណែនាំថា : សម្រាប់ស្រុកក្រុងនេះ មន្ត្រីអាជ្ញាធរគ្រប់ឃុំ-សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋប្រកបរបរធ្វេីស្រែ ត្រូវណែនាំពលរដ្ឋគឺមិនអនុញ្ញាតឱ្យមានការបូមទឹកពីស្ទឹង ឬប្រភពទឹកផ្សេងទៀតដើម្បីស្រោចស្រពស្រែប្រាំងតទៅទៀតឡើយ ពោលគឺត្រូវរួមគ្នារក្សាទុកទឹកសម្រាប់ប្រើប្រាស់និងបរិភោគពីពេលនេះ និងតទៅពេលខាងមុខ។

ចំណកលោកញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតឲ្យដឹងថា: ពេលនេះ ស្ថានភាពទឹកប្រើប្រាស់និងទឹកបរិភោគ មិនទាន់អីមែន ប៉ុន្តែ អាជ្ញាធរ មានក្តីបារម្ភយ៉ាងជ្រាលជ្រៅណាស់ នឹងការប្រឈមមុខនឹងខ្វះខាតទឹកបរិភោគនិងប្រើប្រាសនេះ ដោយសារប្រភពទឹកនៅសល់តិច ។
អាងអូរខៃដន ដែលនៅសល់១ផ្នែកតូច ដែលក្រុមហ៊ុនអានកូរក្សាទុកធ្វើជាអាងស្តុកទឹកនិង
ពលរដ្ឋទាំងអ្នករស់នៅអចិន្ត្រៃយ៍ ទាំងអ្នកមកស្នាក់នៅបណ្តោះអាសន្ន ពិសេសបានកើតនិងកើនឡើងសំណង់ធំដែលផ្ទុកអ្នកស្នាក់នៅបានកើនឡើងជាលំដាប់ ។

ករណីនេះ លោកអ៊ុំ រាត្រី បានដាក់បញ្ជា ណែនាំឲ្យមន្ទីរជំនាញឧស្សាកម្ម,មន្ទីរធនធានទឹក,អាជ្ញាធរដែនដីគ្រប់ថ្នាក់និងក្រុមហ៊ុនឬសេវករទឹកស្អាតត្រូវរួមគ្នាចុះពិនិត្យ វាយតម្លៃនិងប្រើគ្រប់មធ្យោបាយដើម្បីដោះស្រាយនិងបម្រុងបង្ការ ពោលគឺត្រូវទទួលខុសត្រូវចំពោះមុខស្ថានភាពនៃការឡើងកំដៅហួតហែង ការប្រើប្រាស់ទឹកលើសកម្រិតលើការស្រោចស្រពនិងការប្រឈមនឹងគ្រោះខ្វះទឹកប្រើប្រាស់ជាយថាហេតុដូចកាលពីឆ្នាំ២០១៥-១៦ទៀត ដែលខេត្តបន្ទាយមានជ័យជួបគ្រោះខ្វះទឹកប្រើប្រាស់ ហើយអាជ្ញាធរ សមត្ថកិច្ចកងកម្លាំងនិងក្រុមហ៊ុនគ្រប់ថ្នាក់លើកគ្នាមកដឹកទឹកចែកពលរដ្ឋជាង៦ម៉ឺនគ្រួសារលើពលរដ្ឋសរុបជាង៧០ម៉ឺនគ្រួសារ មនុស្សរាយជិត៨០ម៉ឺននាក់នោះ៕