អន្តរជាតិ

សេឡេនស្គី ‘មិនទាន់ត្រៀមខ្លួនរួចរាល់’ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក

ប្រែសម្រួល៖សហការី

ប្រភពមួយបានប្រាប់ AFP ថា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេឡេនស្គី “មិនទាន់ត្រៀមខ្លួនរួចរាល់” ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់សិទ្ធិអាទិភាពដល់សហរដ្ឋអាមេរិកក្នុងការទាញយករ៉ែកម្រពីប្រទេសរបស់លោក។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចង់ឱ្យប្រទេសអ៊ុយក្រែនផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនអាមេរិកជាសំណងសម្រាប់ជំនួយរាប់សិបប៊ីលានដុល្លារដែលបានផ្តល់ក្រោមការដឹកនាំរបស់លោក ចូ បៃដិន។

លោក មៃក៍ វ៉ល់ស៍ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ បានព្យាករកាលពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែកុម្ភៈ) ថា លោកសេឡេនស្គីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗ ប៉ុន្តែខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។

ប្រភពអ៊ុយក្រែនមួយដែលជិតស្និទ្ធនឹងបញ្ហានេះបានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា “ក្នុងទម្រង់ដែលសេចក្តីព្រាងមាននាពេលនេះ លោកប្រធានាធិបតីមិនទាន់អាចទទួលយកបានទេ យើងនៅតែកំពុងព្យាយាមធ្វើការកែប្រែ និងបន្ថែមភាពជាក់ស្តែង”។

“មិនមានកាតព្វកិច្ចរបស់អាមេរិកក្នុងកិច្ចព្រមព្រៀងនេះទាក់ទងនឹងការធានា ឬការវិនិយោគទេ អ្វីៗទាំងអស់អំពីពួកគេមានលក្ខណៈស្រពេចស្រពិលណាស់ ហើយពួកគេចង់យក ៥០០ ប៊ីលានដុល្លារពីយើង”។

“តើនេះជាភាពជាដៃគូបែបណា? … ហើយហេតុអ្វីយើងត្រូវផ្តល់ ៥០០ ប៊ីលានដុល្លារ គ្មានចម្លើយទេ” ប្រភពនោះបានបន្ថែម។

ប្រភពដដែលបានឱ្យដឹងថា អ៊ុយក្រែនបានស្នើសុំវិសោធនកម្ម។

អ៊ុយក្រែនកំពុងស្វែងរកការធានាសន្តិសុខពីសហរដ្ឋអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយដែលលះបង់ធនធានធម្មជាតិ និងរ៉ែសំខាន់ៗរបស់ខ្លួន។

ការមិនឯកភាពគ្នាលើកិច្ចព្រមព្រៀងនេះកើតឡើងក្នុងពេលមានសង្គ្រាមពាក្យសម្តីរវាងលោកសេឡេនស្គី និងលោកត្រាំ ដែលបានហៅប្រធានាធិបតីអ៊ុយក្រែនថាជា “ផ្តាច់ការ” ក្នុងការផ្សាយតាមបណ្តាញសង្គមកាលពីដើមសប្តាហ៍នេះ៕

ប្រភព៖ AFP/fh