ប្រែសម្រួល៖ រតនា

អតីតប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ សេឡេនស្គី «គ្មានអ្វីនៅក្នុងដៃ» ហើយ «មិនសំខាន់ក្នុងការចូលរួមកិច្ចប្រជុំ» ដោយលោកបានព្រមានថា ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន អាចយកប្រទេសអ៊ុយក្រែនទាំងមូល «បើគាត់ចង់បាន» កាលពីថ្ងៃសុក្រ។
លោក ត្រាំ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ Fox News ក្នុងកម្មវិធី “The Brian Kilmeade Show” ក្រោយពីលោក Kilmeade បានសួរអំពីការទទួលខុសត្រូវរបស់រុស្ស៊ីចំពោះសង្គ្រាមថា៖ «ខ្ញុំបានតាមដានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំបានឃើញគាត់ចរចាដោយគ្មានអ្វីនៅក្នុងដៃ។ គាត់គ្មានអ្វីទាំងអស់។ ហើយអ្នកនឹងធុញទ្រាន់នឹងវា។ អ្នកគ្រាន់តែធុញទ្រាន់នឹងវា។ ហើយខ្ញុំបានឃើញគ្រប់គ្រាន់ហើយ។»
លោកបានបន្តនិយាយអំពីលោក សេឡេនស្គី ថា៖ «គាត់បានចូលរួមកិច្ចប្រជុំអស់រយៈពេលបីឆ្នាំហើយ ហើយគ្មានអ្វីត្រូវបានសម្រេច។ ដូច្នេះ ខ្ញុំមិនគិតថាវាសំខាន់ទេដែលគាត់ត្រូវចូលរួមកិច្ចប្រជុំ ដើម្បីនិយាយការពិត។ គាត់ធ្វើឱ្យវាពិបាកណាស់ក្នុងការធ្វើកិច្ចព្រមព្រៀង។ តែមើលអ្វីដែលបានកើតឡើងចំពោះប្រទេសរបស់គាត់ វាត្រូវបានបំផ្លាញអស់។»
ប្រធានាធិបតីអាមេរិកក៏បាននិយាយថា លោក ពូទីន អាចយកប្រទេសអ៊ុយក្រែនទាំងមូល «បើគាត់ចង់បាន» ដោយបន្ថែមថា នេះជាមូលហេតុដែលលោក សេឡេនស្គី គួរតែធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយប្រទេសដែលបានឈ្លានពានជិតបីឆ្នាំមកហើយ។
«គាត់ចង់ធ្វើកិច្ចព្រមព្រៀង» លោក ត្រាំ បាននិយាយអំពីលោក ពូទីន៖ «ហើយគាត់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងទេ ព្រោះបើគាត់ចង់បាន គាត់នឹងទទួលបានប្រទេសទាំងមូល។»
លោក ត្រាំ បានរិះគន់អតីតប្រធានាធិបតី ចូ បៃដិន និងលោក សេឡេនស្គី ដោយចោទប្រកាន់ថាពួកគេមិនបានធ្វើការគ្រប់គ្រាន់ដើម្បីឈានទៅរកការសម្របសម្រួលដែលអាចបង្ការការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។
«លោក ពូទីន អាចត្រូវបានចរចាឱ្យចេញពីរឿងនេះយ៉ាងងាយស្រួល ប៉ុន្តែពួកគេមិនដឹងពីរបៀបនិយាយទេ» លោក ត្រាំ បាននិយាយ។ លោកបាននិយាយថា លោក «មិនព្យាយាមធ្វើឱ្យលោក ពូទីន ក្លាយជាមនុស្សល្អឬប្រសើរជាងមុនទេ» ប៉ុន្តែបានបន្ថែមថា សង្គ្រាមមិនគួរកើតឡើងទេ។
លោកក៏បានសម្តែងការខកចិត្តចំពោះការបដិសេធរបស់លោក សេឡេនស្គី ចំពោះកិច្ចព្រមព្រៀងរ៉ែកម្រផងដែរ៕
ប្រភព៖ CNN
