អន្តរជាតិ

ត្រាំទទួលស្គាល់ថារុស្ស៊ីវាយប្រហារអ៊ុយក្រែន ប៉ុន្តែស្តីបន្ទោសលោក បៃដិន និងលោក ហ្សេឡេនស្គី ដែលមិនបានបញ្ឈប់សង្គ្រាម

ប្រែសម្រួល៖សហការី

នៅថ្ងៃសុក្រ អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានគេចវេះមិនឆ្លើយនឹងសំណួរជាច្រើនលើកពីវិទ្យុ Fox News អំពីការទទួលខុសត្រូវរបស់រុស្ស៊ីចំពោះសង្គ្រាមនៅអ៊ុយក្រែន មុននឹងទីបំផុតទទួលស្គាល់ថា “រុស្ស៊ីបានវាយប្រហារ” ហើយបន្ទាប់មកបានស្តីបន្ទោសរដ្ឋបាលបៃដិន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។

“រុស្ស៊ីបានវាយប្រហារមែន ប៉ុន្តែគ្មានហេតុផលអ្វីដែលពួកគេត្រូវវាយប្រហារនោះទេ អ្នកអាចនិយាយបញ្ចុះបញ្ចូលគាត់បាន” លោកត្រាំបាននិយាយអំពីប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកដឹកនាំកម្មវិធី Fox លោក Brian Kilmeade។ “រឿងទាំងអស់នោះកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ គ្មានហេតុផលដែលគាត់ត្រូវចូលទៅទេ។ វាមិនគួរកើតឡើងទាល់តែសោះ។”

សម្តីនេះបានចេញមកបន្ទាប់ពីលោក Kilmeade បានប្រាប់លោកត្រាំដដែលៗថា ពូទីនគឺជាអ្នក “ទទួលខុសត្រូវ” ចំពោះសង្គ្រាម ដោយនិយាយថាវាជា “ការឈ្លានពានដែលគ្មានហេតុផល” និងបានសួរដដែលៗថា “លោកយល់ស្របទេ?”

លោកត្រាំបានអះអាងថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនទេ ប្រសិនបើលោកនៅក្នុងតំណែង ដោយលើកឡើងថា រដ្ឋបាលអតីតប្រធានាធិបតី ចូ បៃដិន បានគ្រប់គ្រងការទំនាក់ទំនងជាមួយរុស្ស៊ីមិនបានល្អ។ “បៃដិននិយាយខុស។ ហ្សេឡេនស្គីនិយាយខុស” លោកត្រាំបាននិយាយ។

លោកត្រាំបានអះអាងថា រុស្ស៊ី “នឹងត្រូវបានបញ្ចុះបញ្ចូលឱ្យបោះបង់សង្គ្រាមនោះយ៉ាងងាយស្រួល។”

លោកត្រាំក៏បាននិយាយក្នុងបទសម្ភាសន៍នៅថ្ងៃសុក្រផងដែរថា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គៀ ស្តាមឺរ “មិនបានធ្វើអ្វីសោះ” ដើម្បីបញ្ចប់សង្គ្រាម។ លោកត្រាំនឹងជួបជាមួយលោក ម៉ាក្រុង នៅថ្ងៃចន្ទ និងលោក ស្តាមឺរ នៅថ្ងៃព្រហស្បតិ៍។ ការជួបប្រជុំនេះកើតឡើងខណៈមេដឹកនាំអឺរ៉ុបកំពុងប្រញាប់ប្រញាល់ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោកត្រាំក្នុងការចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

សូមរំឭក៖ រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ុយក្រែនជិតបីឆ្នាំមុន បន្ទាប់ពីការកសាងកម្លាំងយោធា និងការគំរាមកំហែងនៅតាមព្រំដែនខាងរុស្ស៊ីអស់រយៈពេលជាច្រើនខែ។

សុន្ទរកថាគាំទ្រការឈ្លានពានរបស់ទីក្រុងមូស្គូ មានលក្ខណៈស្រដៀងគ្នានឹងការឈ្លានពានឧបទ្វីបគ្រីមនៅឆ្នាំ២០១៤ ដែលរុស្ស៊ីបានដណ្តើមយកបន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុងគីវបានបង្ខំឱ្យប្រធានាធិបតីដែលគាំទ្ររុស្ស៊ីចាកចេញពីតំណែង។ រុស្ស៊ីក៏បានញុះញង់ឱ្យមានការបះបោរដាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន ដែលបានគ្រប់គ្រងផ្នែកខ្លះនៃតំបន់ដុនបាស។

លោក ពូទីន បានចាត់ទុកការពង្រីកអង្គការណាតូឆ្ពោះទៅកាន់ព្រំដែនរបស់ខ្លួន និងលទ្ធភាពដែលអ៊ុយក្រែនអាចចូលរួមក្នុងសម្ព័ន្ធយោធាលោកខាងលិចនេះ ថាជាការគំរាមកំហែងដល់អត្ថិភាពរបស់រុស្ស៊ី៕