អន្តរជាតិ

សុនខដែលត្រូវបានគេចងទុកយ៉ាងឃោរឃៅនៅក្នុងព្យុះ Milton នៅរដ្ឋ Florida ជាសះស្បើយពីជំងឺមហារីក និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត

ប្រែសម្រួល៖សហការី

សុនខដ៏រឹងមាំមួយក្បាល ដែលត្រូវបានគេចងទុកយ៉ាងឃោរឃៅនៅជាប់របង អំឡុងពេលព្យុះ Milton បានយកឈ្នះលើជំងឺមហារីក ប៉ុន្មានខែក្រោយពីវាត្រូវបានគេជួយសង្គ្រោះ និងរកឃើញគ្រួសារថ្មី។

Trooper ដែលជាសុនខពូជ bull terrier ពណ៌ស ត្រូវបានគេរកឃើញនៅក្បែរផ្លូវល្បឿនលឿន Interstate 75 ជិតក្រុង Tampa រដ្ឋ Florida ដោយត្រូវបានទុកចោលឲ្យងាប់ និងព័ទ្ធជុំវិញដោយទឹកជំនន់កើនឡើង មុនពេលព្យុះកម្រិត៣ដ៏គួរឲ្យភ័យខ្លាចនេះវាយប្រហារនៅខែតុលា។

ក្រោយពីនគរបាលចរាចរណ៍រដ្ឋ Florida រកឃើញ Trooper លោក Frank និងអ្នកស្រី Karla Spina បានសុំយកសុនខនេះទៅចិញ្ចឹមនៅផ្ទះជាមួយគ្រួសាររបស់ពួកគេ។

ប៉ុន្តែគ្រាន់តែពីរសប្តាហ៍ក្រោយពី Trooper ចាប់ផ្តើមជីវិតថ្មី គ្រួសារ Spina បានសង្កេតឃើញដុំពកប៉ុនកាក់មួយចំនួននៅលើចំហៀងខាងឆ្វេងរបស់វា យោងតាមរបាយការណ៍របស់ CBS News។

លោក Frank បានបង្ហើបប្រាប់ CBS News ថា៖ “វេជ្ជបណ្ឌិតបាននិយាយភ្លាមៗថា ‘អូ ទេ នេះជាដុំពកកោសិកាមហារីក។ នេះជាជំងឺមហារីក។’ ដូច្នេះយើងមានការភ័យស្លន់ស្លោទាំងស្រុង។”

ពេទ្យសត្វបានវះកាត់យកមហារីកចេញ ប៉ុន្តែបានកត់សម្គាល់ឃើញថាមានបញ្ហានៅក្នុងក្រពះរបស់ Trooper។ Trooper បានលេបថង់ទឹកកកដែលមានទម្ងន់ជិតមួយគីឡូក្រាម។

លោក Frank បាននិយាយថា៖ “វាជាការរួមបញ្ចូលគ្នានៃសំរាមប្រហែល ១១០ ទៅ ១២០ ចំណែក។”

Trooper បានទទួលការវះកាត់សង្គ្រោះជីវិតភ្លាមៗ ដែលចំណាយពេលជាង៤ម៉ោង ដោយក្រុមវេជ្ជបណ្ឌិតបានដកយកទាំងលោហៈ និងកៅស៊ូចេញពីក្រពះរបស់វា។

យោងតាមប្រភពដដែល សំរាមទាំងនោះស្ថិតនៅក្នុងខ្លួន Trooper មុនពេលវាត្រូវបានគេយកទៅចិញ្ចឹម។

លោក Frank បានមានប្រសាសន៍ថា៖ “តើអ្នកអាចស្រមៃដល់ទេថា វាត្រូវឃ្លានខ្លាំងប៉ុណ្ណា ទើបហ៊ានលេបដុំលោហៈ ឬដុំកៅស៊ូដែលមានទំហំប៉ុនកាក់?”

ម្ចាស់ដើមរបស់ Trooper គឺលោក Giovanny Garcia ត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្មសត្វក្នុងកម្រិតធ្ងន់ធ្ងរ ដែលជាបទល្មើសកម្រិតទីបី។

បុរសវ័យ២៣ឆ្នាំរូបនេះ បានប្រាប់មន្ត្រីថា គាត់បានទុកចោលសុនខនោះ ព្រោះ “គាត់រកមិនឃើញនរណាម្នាក់មកយកសុនខនោះទេ។”

ការជំនុំជម្រះក្តីលើកក្រោយរបស់ម្ចាស់សត្វចិត្តអាក្រក់រូបនេះ នឹងធ្វើឡើងនៅខែមីនា។

Trooper ត្រូវបានដាក់ឈ្មោះដូច្នេះ ដើម្បីផ្តល់កិត្តិយសដល់មន្ត្រីនគរបាលចរាចរណ៍រដ្ឋ Florida ដែលបានជួយសង្គ្រោះវា។

សមាគមសប្បុរសធម៌សត្វនៅខោនធី Leon បានចូលរួមជួយ Trooper ក្រោយពេលជួយសង្គ្រោះ។

មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចង់ក្លាយជាឪពុកម្តាយចិញ្ចឹមសុនខ បន្ទាប់ពីរឿងរ៉ាវរបស់ Trooper បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ប៉ុន្តែនៅទីបំផុត អង្គការមិនរកប្រាក់កម្រៃនេះបានជ្រើសរើសលោក Frank និងអ្នកស្រី Karla Spina ឲ្យយកវាទៅចិញ្ចឹម ដោយសារពួកគេមានបទពិសោធន៍ក្នុងការថែទាំសុនខពូជ bull terrier អស់រយៈពេលជាង៣០ឆ្នាំ យោងតាមការបង្ហោះនៅលើ Facebook។

គ្រួសារ Spina មានសុនខមួយក្បាលទៀតឈ្មោះ Dallas។

លោក Frank Spina បាននិយាយដោយមោទនភាពថា៖ “យើងមិនមានកូនទេ។ ពួកវាជាកូនរបស់យើង៕”