ប្រែសម្រួល៖តារា

ម៉ាឌ្រីដ៖ ក្រុមរៀល ម៉ាឌ្រីដ បានយកឈ្នះក្រុមម៉េនឆេស្ទ័រ ស៊ីធី ដោយលទ្ធផល ៣-១ ក្រោមស្នាដៃស៊ុតបីគ្រាប់របស់ Mbappe កាលពីថ្ងៃពុធ (ថ្ងៃទី១៩ ខែកុម្ភៈ) ក្នុងការប្រកួតជើងទីពីរនៃវគ្គ playoff ពានរង្វាន់ Champions League នៅកីឡដ្ឋាន Santiago Bernabeu ដែលពោរពេញដោយអ្នកគាំទ្រ ធ្វើឱ្យពួកគេឈ្នះសរុប ៦-៣ និងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។
ជើងឯកការពារពានរង្វាន់ពីឆ្នាំមុននឹងត្រូវប្រឈមមុខជាមួយក្រុម Bayer Leverkusen ឬក្រុមជិតខាងក្នុងទីក្រុងតែមួយ Atletico Madrid អាស្រ័យលើការចាប់ឆ្នោតនៅថ្ងៃសុក្រ ខណៈពួកគេស្វែងរកពានរង្វាន់ទី១៦ ដែលជាកំណត់ត្រាថ្មី។
Mbappe បានបើកការនាំមុខដោយការវាយលុកដំបូងរបស់រៀល ម៉ាឌ្រីដ នៅនាទីទី៤ ដោយឆក់ឱកាសពីកំហុសដ៏ធំមួយទៀតរបស់ការពាររបស់ស៊ីធី ពេលដែលអ្នកបញ្ជាការក្រុម រូបេន ឌៀស តែតបាល់ក្បាលមិនត្រូវ ទុកឱ្យខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះមានឱកាសទម្លាក់បាល់ពីលើអ្នកចាំទី អេដឺសុន ដែលរត់ចេញមកទប់។
Mbappe បានស៊ុតបញ្ចូលទីម្តងទៀតនៅនាទីទី៣៣ ដោយការស៊ុតពីចម្ងាយជិតក្រោយពីការបោកបញ្ឆោតដ៏អាម៉ាស់មួយដែលធ្វើឱ្យខ្សែការពារ យូស្កូ ហ្គវាឌូល ដួលទៅលើដី។
រៀល ម៉ាឌ្រីដ នៅតែបន្តសង្កត់និងខ្ជះខ្ជាយឱកាសជាច្រើនប្រឆាំងនឹងក្រុមរបស់លោក ប៉េប ហ្គាឌីយ៉ូឡា ដែលកំពុងជួបការលំបាក។ Mbappe បានស៊ុតគ្រាប់ទីបីរបស់គាត់នៅនាទីទី៦១ ដោយការស៊ុតដោយជើងឆ្វេងពីគែមប្រអប់ទីចូលទៅបង្គោលទីខាងស្តាំរបស់ អេដឺសុន។
ម៉េនឆេស្ទ័រ ស៊ីធី រកបានគ្រាប់លួងចិត្តមួយគ្រាប់នៅចុងម៉ោង ដោយ នីកូ ហ្គុនសាឡេស ស៊ុតបញ្ចូលទីពីបាល់ខ្ទាត ពីការស៊ុតបាល់ពិន័យរបស់ អូម៉ា ម៉ាមូស បុកនឹងបង្គោល ប៉ុន្តែវាមិនអាចធ្វើឱ្យប៉ះពាល់ដល់រាត្រីដ៏អស្ចារ្យមួយសម្រាប់ក្រុមអេស្ប៉ាញឡើយ៕
ប្រភព៖ Reuters/kg
