ដោយ : បន្ទាយ

ព្រំដែនកម្ពុជា ថៃ : ស្ថានភាពនៅប្រាសាទតាមាន់មានសភាពធម្មតាដូចដើមឡើងវិញហើយចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មក។
មន្ត្រីអាជ្ញាធរ កងកម្លាំងភាគីកម្ពុជា ថៃបានជួបគ្នានៅប្រាសាទតាមាន់ធំដើម្បីបង្ហាញថា អ្វីៗប្រក្រតីដូចដើមឡើងវិញ ហើយប្រាប់គ្នាថា យើងស្រឡាញ់រាប់អានគ្នា អត់មានបញ្ហាអីនឹងគ្នា។
លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យនិងប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី១៨ខែកុម្ភ:ឆ្នាំ២០២៥ បានធ្វើដំណើរឡើងទៅដល់ប្រាសាទតាមាន់ ហើយបានជួបផ្ទាល់ជាមួយមេទ័ព មេនគរបាលនិងនាយ នាយរងកងទ័ពកម្ពុជានិងមេទ័ពថៃ ដែលឈរជើងនៅទីនោះ។
លោកនិយាយថា នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីដូចដើមវិញ។ លោកក៏បានណែនាំដល់ដល់មេទ័ព នាយទាហាន នគរបាលខ្មែរ និងថៃ រក្សាទំនាក់ទំនងឲ្យល្អជាមួយគ្នា។លោកបន្តថា ប្រាសាទតាមាន់របស់ខ្មែរនេះ ត្រូវបានកំណត់យកជានិមិត្តរូប(LOGO Symbol) នៃរដ្ឋបាលស្រុកបន្ទាយអំពិល ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភ:ឆ្នាំ២០២៥ ទាហានថៃហាមពលរដ្ឋ តាជីដូនជីនិងព្រះសង្ឃខ្មែរ១ក្រុមបានទៅទស្សនាប្រាសាទតាមាន់ធំដូចដែលមានភ្ញៀវទៅទស្សនាហូរហែរាល់ថ្ងៃ គឺប្រាសាទបុរាណខ្មែរស្ថិតលើទឹកដីកម្ពុជា ។
ភាគីថៃចោទថា កងកម្លាំងកម្ពុជាបានគាំទ្រឲ្យពលរដ្ឋនិងព្រះសង្ឃច្រៀងភ្លេងជាតិខ្មែរបទ”ដែនដីខ្មែរ” លើទឹកដីថៃ(ទឹកដីដែលភាគីទាំងពីរមិនទាន់បានឯកភាពនិងបោះបង្គោលព្រំដែន)។ទាហានថៃដែលឈរជើងនៅប្រាសាទនោះ ចេញមកហាមឃាត់និងបំបែកហ្វូង ។
ពេលនោះ កងកម្លាំងទាហានកម្ពុជាពីកងពលតូចថ្មើរជើងលេខ៤២ នគរបាលការពារព្រំដែននៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនិងភាគីថៃ មាននគរបាលការពារព្រំដែន កងកម្លាំងទាហានសូរ៉:ណារី ដែលឈរជើងរួមគ្នានៅប្រាសាទតាមាន់ធំបានប៉ះទង្គិចកាយវិការនិងសម្ដីគ្នា។
ហើយតមក ករណីនេះបានរីកកាន់តែធំ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកភូមថាំ វីឆៃយ៉ាឆៃ (Phumtham Wechayachai ) បានថ្លែងប្រាប់សារព័ត៌មាន ហើយក្រសួងនេះបានផ្ញើលិខិតតវ៉ាមកភាគីកម្ពុជា ពីព្រោះថៃមិនចង់ឱ្យការប្រឈមមុខដាក់គ្នានៅប្រាសាទតាមាន់ធំក្លាយទៅជារឿងធំចម្រូងចម្រាសឡើយ ៕
