ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមថ្លែងថាបើគ្មានធនធានមនុស្សកុំនិយាយរឿងការអភិវឌ្ឍន៍

ដោយ៖ គង់ហេង

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា បើគ្មានធនធានមនុស្សទេកុំនិយាយរឿងដល់ការអភិវឌ្ឍន៍ គឺជាក់ស្តែងរបបប្រល័យពូជសាសន៍ ប៉ុលពត គ្រប់គ្រងអំណាចមិនបានមួយអាណត្តិ(៥ឆ្នាំ)ផង បានដួលរលំកាលពីជាង ៤៦ ឆ្នាំមុន។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងការដែលឯកឧត្តមបានអញ្ជើញចូលរួមបើកជំរំយុវជន ក្រោមប្រធានបទ«ការអភិវឌ្ឍន៍សមត្ថភាពយុវជន នៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា» នៅចំពោះមុខសិស្សានុសិស្សជាសមាជិកជំរំប្រមាណ ៦០០ នាក់នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស នារសៀលថ្ងៃទី ១៨ កុម្ភៈ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា៖ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺសម្រួចជាងគេការបណ្តុះបណ្តាលធនធានមនុស្ស និងការបោះជំហានទៅមុខឈានដល់ការបណ្តុះបណ្តាល និងការកសាងមូលធនមនុស្ស។ អ៊ីចឹងត្រូវចាប់ផ្តើមពីកម្រិតបឋមទៅ រហូតដល់កម្រិតវិទ្យាល័យ ដែលជាការបណ្តុះបណ្តាលនៅក្នុងកម្រិតសិក្សា ចំណេះទូទៅ ដែលជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅថ្នាក់ឧត្តមសិក្សា ដើម្បីចាប់យកជំនាញមកបម្រើ ការងារដើម្បីចិញ្ចឹមជីវិត និងការកសាងជីវិតរបស់ខ្លួន គឺជារឿងសំខាន់។

ឯកឧត្តមបានបន្ថែមថា៖ដូច្នេះក្មួយៗ(សិស្សានុសិស្ស)ចាំបាច់ត្រូវចេះទាំងអស់ ដើម្បីឱ្យសក្តិសមជាកូនល្អ សិស្សល្អ មិត្តល្អ គឺប្រែក្លាយខ្លួនជាពលរដ្ឋល្អ ក្នុងការចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងសហគមន៍ឱ្យកាន់តែរីកចម្រើនបានល្អ។ មានន័យថា បើគ្មានធនធានមនុស្សទេកុំនិយាយរឿងការអភិវឌ្ឍន៍គឺទៅមិនរួចទេ។

ឯកឧត្តមបានបន្តថា៖ ជាក់ស្តែងរបបបនប្រល័យពូជសាសន៍ ប៉ុលពត រយៈពេល បី ឆ្នាំជាងគ្មានការអភិវឌ្ឍន៍បានដួលរលំ គឺអត់បានមួយអាណត្តិ( ៥ឆ្នាំ)ផង។ដោយមូលហេតុ ចម្បង គឺការបំផ្លាញសិទ្ធិមនុស្ស គ្មានការបណ្តុះបណ្តាល។ ក្នុងនោះមុខសញ្ញាត្រូវបំផ្លាញមុនគេ គឺបញ្ញវន្ត លោកគ្រូ អ្នកគ្រូ គឹអ្នកចេះដឹងត្រូវបានសម្លាប់ចោលទាំងអស់។ ដោយចាប់ផ្តើមកសាងនូវរដ្ឋបាលស្អាតស្អំ ហៅថាអង្គការភ្នែកម្នាស់ បំផ្លាញវត្តអារាម។ ហេតុនេះសង្គមជាតិមួយដែលគ្មានការអប់រំ គ្មានសាសនា គ្មានវប្បធម៌ គឺសង្គមជាតិនោះច្បាស់ជាអន្តរាយហើយ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលមានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន បានផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។ដោយ បានបែងចែកដីកម្មសិទ្ធិជូនប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព មានការងារ មុខរបរ រហូតមានសុខសន្តិភាពដល់ពេលបច្ចុប្បន្ន។ ជាសរុបការកសាងធនធានមនុស្ស គឺសំខាន់ណាស់បង្កើតឱ្យមានការ ចេះគិត ចេះវិភាគ គឺជាធនធានមនុស្សប្រកបដោយសក្តានុពល៕