ដោយ៖សុវណ្ណ

រតនគិរី៖ ឡានមន្ត្រីប៉េអឹមមួយគ្រឿងព្រលះឡានបែនដឹកដីបណ្ដាលឲ្យមនុស្សចំនួន៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលហេតុការណ៍នេះបានកើតឡើងកាលពីសៀលថ្ងៃ១៨ ខែកុម្ភ:ឆ្នាំ២០២៥ នៅក្នុងបរិវេណដីចម្ការចេកវៀតណាមមួយកន្លែង ក្នុងស្រុកលំផាត់។
មន្ត្រីប៉ូលិសចរាចរណ៍ស្រុកលំផាត់បានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះដែលបាត់បង់ជីវិតទាំង៥នាក់នោះគឺ៖ ទី១.ឈ្មោះ ប្រាក់សក្ខី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកងរាជអាវុធហត្ថ អ្នកបើកបរ។ទី២.ឈ្មោះម៉ុន ម៉េងលាង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកងរាជអាវុធហត្ថ អ្នករួមដំណើរ។ ទី៣.ឈ្មោះ អេង ពិសី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកងរាជអាវុធហត្ថ អ្នករួមដំណើរ។
ទី៤.ឈ្មោះ អ៊ុក ផានី្ន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកងរាជអាវុធហត្ថ អ្នករួមដំណើរ និងទី៥.ឈ្មោះ TRUONG VAN THANH ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនចម្ការចេក អ្នករួមដំណើរ ។ ជនរងគ្រោះទាំង៥នាក់ខាងលើនោះមានទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៨ខែកុម្ភ:ឆ្នាំ២០២៥នេះ មានឡានម៉ាក CAMRY បាឡែនពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2N-0340 បើកបរនិងរួមដំំណើរដោយមន្ត្រីប៉េអឹម៤នាក់ រួមនិងជនជាតិវៀតណាមម្នាក់។ រថយន្ដបើកពីកើតទៅពីលិចតាមបណ្ដោយផ្លូវលំក្នុងបរិវេណដីចម្ការចេកវៀតណាមមួយកន្លែងស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពដដែលបានបន្ដថា៖ ពេលឡានមន្ត្រីប៉េអឹមនោះបើកទៅដល់កន្លែងកើតហេតុ គេបានបន្ថែមល្បឿនដើម្បីវ៉ាឡានមួយគ្រឿងទៀតដែលនៅខាងមុខ ខណ:នោះធូលីដីកំពុងតែហុយសំពោងឡើងដូចព្យុះ ហើយឡានបែនដឹកដីពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3D-4650ក៏បានបើកមកដល់ដែរ ឡានរបស់មន្ត្រីប៉េអឹមបានបោះពួយចូលពីមុខឡានបែនដឹកដីនោះពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះឡានបាឡែនចំនួន៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ចំណែកតៃកុងឡានបែនដឹកដីដឹងថាមានមនុស្សស្លាប់បានចុះរត់គេចខ្លួនបាត់ស្រមោលទៅ។
មន្ត្រីប៉ូលិសចរាចរណ៍បានបញ្ជាក់បន្ថែមថា៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបណ្តាលមកពីអ្នកបើកបរឡានCAMARY បាឡែន បានជ្រុលចូលទៅគន្លងផ្លូវខាងស្តាំរថយន្តធុនធ្ងន់បែនដឹកដីនោះ។ ក្រោយធ្វើការត្រួតពិនិត្យរួចរាល់បានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឡានទាំងពីរគ្រឿងដែលខូចខាតកម្រិតធ្ងន់កំពុងរកមធ្យោបាយអូសយកទៅរក្សាទុកនៅអធិការនគរបាលស្រុកលំផាត់ដើម្បីដោះស្រាយតាមច្បាប់៕
