ប្រែសម្រួល៖ សហការី

វ៉ាស៊ីនតោន — លោក អីឡុន ម៉ាស្ក បានចោទប្រកាន់អតីតប្រធានាធិបតី ចូ បៃដិន ថាបានទុកចោល ទ័ពអវកាសពីរនាក់នៅស្ថានីយអវកាសអន្តរជាតិដោយសារ «ហេតុផលនយោបាយ»។
បុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកបាននិយាយថា «ពួកគេត្រូវបានទុកចោលនៅទីនោះដោយសារហេតុផលនយោបាយ ដែលមិនល្អទេ» ក្នុងពេលផ្តល់បទសម្ភាសន៍រួមគ្នាជាមួយប្រធានាធិបតី ត្រាំ ជាមួយអ្នកសារព័ត៌មាន Sean Hannity នៃស្ថានីយទូរទស្សន៍ Fox News កាលពីយប់ថ្ងៃអង្គារ។
ក្រុមហ៊ុន SpaceX របស់លោក ម៉ាស្ក បានបញ្ជូនកាប៊ីន Crew Dragon មួយគ្រឿងក្នុងខែកញ្ញាដើម្បីជួយសង្គ្រោះទ័ពអវកាសទាំងពីរនាក់ ហើយវាបានភ្ជាប់ទៅនឹងស្ថានីយអវកាស ប៉ុន្តែអង្គការ NASA បានសម្រេចពន្យារពេលការត្រឡប់មកវិញ។
លោក អីឡុន ម៉ាស្ក បានចោទប្រកាន់អតីតប្រធានាធិបតី ចូ បៃដិន ថាបានទុកចោលទ័ពអវកាស Butch Wilmore និង Suni Williams នៅស្ថានីយអវកាសអន្តរជាតិ។
មហាសេដ្ឋីរូបនេះបានប្រាប់លោក Hannity ថាយានអវកាសនឹងត្រឡប់មកផែនដីវិញក្នុងរយៈពេល «ប្រហែលបួនសប្តាហ៍» បន្ទាប់ពីផែនការត្រូវបាន «ពន្យារពេលដោយគ្មានហេតុផល»។
«យើងបានដឹកនាំទ័ពអវកាសត្រឡប់មកពីស្ថានីយអវកាសជាច្រើនដងមកហើយ ហើយតែងតែទទួលបានជោគជ័យ» លោកបានបន្ថែម ដោយនិយាយថាក្រុមការងាររបស់លោកនៅតែនឹង «ប្រុងប្រយ័ត្នខ្ពស់»។
ទ័ពអវកាស Butch Wilmore និង Suni Williams ត្រូវបានជាប់គាំងនៅក្នុងខែមិថុនា នៅពេលដែលគេរកឃើញបញ្ហាជាមួយនឹងកាប៊ីន Starliner របស់ក្រុមហ៊ុន Boeing ដែលបានត្រឡប់មកវិញដោយគ្មានពួកគេ។
ពួកគេត្រូវស្នាក់នៅស្ថានីយត្រឹមតែប្រាំបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះពួកគេបានស្នាក់នៅទីនោះអស់រយៈពេល ២៥៨ ថ្ងៃហើយ។
អង្គការ NASA បានប្រកាសកាលពីខែធ្នូថា ទ័ពអវកាសទាំងពីរនាក់នឹងត្រូវរង់ចាំយានសង្គ្រោះ SpaceX មួយទៀតដែលនឹងមកដល់ជាមួយអ្នកវិទ្យាសាស្ត្រជំនួស «មិនឱ្យហួសមុនចុងខែមីនាទេ» ហើយបន្ទាប់មកត្រូវឆ្លងកាត់រយៈពេលប្រគល់ភារកិច្ចមួយមុនពេលចាកចេញជាចុងក្រោយ។
លោក ត្រាំ បាននិយាយក្នុងសារបណ្តាញសង្គមកាលពីខែមុនថា លោក បៃដិន បាន «បោះបង់ចោល» លោក Wilmore និងអ្នកស្រី Williams។
«យើងមិនមានអារម្មណ៍ថាត្រូវបានគេបោះបង់ចោល យើងមិនមានអារម្មណ៍ថាជាប់គាំង យើងមិនមានអារម្មណ៍ថាត្រូវបានគេទុកចោលទេ» លោក Wilmore បានអះអាងប្រាប់លោក Anderson Cooper នៃស្ថានីយទូរទស្សន៍ CNN ដោយបន្ថែមថា «ខ្ញុំយល់ពីមូលហេតុដែលអ្នកដទៃអាចគិតបែបនោះ»។
អ្នកស្រី Williams បាននិយាយថា «វាជាការស្នាក់នៅយូរជាងការរំពឹងទុករបស់យើងបន្តិច» ប៉ុន្តែ «យើងបានធ្វើឱ្យអស់ពីសមត្ថភាព»៕
