ដោយ៖ សុខុម

ស្ទឹងត្រែងៈក្នុងដំណើរកម្សាន្តមកកាន់ទឹកដីខេត្តស្ទឹងត្រែងបានជាជ្រុលមកហើយនោះស្នាក់នៅ១យប់ ឬចង់ជិះទូក ងូតទឹក ថតរូបស្អាតៗ ដើម្បីទុកជាអនុស្សាវរីយ៍ពេលត្រឡប់ទៅវិញ។ សូមកុំភ្លេចណា មានកន្លែងច្រើនណាស់ជាពិសេសនោះគឺកោះហានតំបន់រ៉ាមសារតាមដងទន្លេមេគង្គ។
បើចង់ទៅលេងកោះហាន យើងគ្រាន់តែធ្វើដំណើរពីក្រុងស្ទឹងត្រែងឆ្លងកាត់ស្ពានសេកុងផ្លូវទៅឡាវ មានចម្ងាយត្រឹម២៤គីឡូម៉ែត្រប៉ុណ្ណោះ។ អ្នកធ្លាប់បានឃើញនិងអ្នកមិនទាន់ស្គាល់សូមអានទាំងអស់គ្នា។ តំបន់រ៉ាមសារខេត្តស្ទឹងត្រែងស្ថិតនៅខ្សែកណ្ដាលនៃទន្លេមេគង្គខាងជើងនៃខេត្តស្ទឹងត្រែង។ មានផ្ទៃដីទំហំ១.៤៦០ហិកតា និងត្រូវបានចុះបញ្ជីលេខ ៩៩៩ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩។
តំបន់រ៉ាមសារនេះ ជាតំបន់មានសក្តានុពលទេសចរណ៍ដោយសារសម្បូរកោះ ដូចជាកោះហាន កោះថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ។នាពេលបច្ចុប្បន្ន ក្រៅពីសក្តានុពលរបស់តំបន់ ទីតាំងនោះក៏ជាទីជម្រកសម្រាប់សត្វទឹកប្រភេទកម្រៗ និងមច្ឆាជិតផុតពូជដូចជា៖ ត្រីរាជ និងផ្សោតក្បាលត្រឡោកផងដែរ។
ដើម្បីជួយទៅដល់សហគមន៍ឱ្យទទួលបានប្រាក់ចំណូល យើងគូរជួលទូកកម្ម៉ង់អាហារ ភេសជ្ជៈ កៅអី បោះតង់ ឬជួលទូកកាយ៉ាក់ជិះលេង។នៅទីនោះយើងឃើញទេសភាពប្លែកៗ បែបធម្មជាតិ ឆ្នេរខ្សាច់ សត្វស្លាបនិងដើមឈើនៅតាមកោះ ផ្ទៃទឹកពណ៌ខៀវនារដូវប្រាំង។
ភ្ញៀវទេសចរតែងតែទៅលេងនៅកោះហាន ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យជារៀងរាល់ថ្ងៃ។សហគមន៍នៅទីនោះប្រាប់យើងថា៖ ថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យជាតិ ភ្ញៀវទៅលេងច្រើនណាស់ ពីព្រោះពួកគេចង់ឃើញជិះទូកមើលកោះព្រៃលិចទឹក ថតរូបសត្វ អុំទូកលេង និងងូតទឹកតាមក្រោមដើមឈើ៕
