ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦និង៤៥នាទី មានករណីអគ្គិភ័យមួយយ៉ាងសន្ធោសន្ធៅបានឆាបឆេះក្លឹប ស៊ីន ជានហ៊ួយ ខេធីវី (នៅEDM ចាស់) នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨៩១, វរៈ៩១១ នាំយករថយន្តទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងយោធាសឹករងក្រុង ប្រជាការពារ អាជ្ញាធរមូលដ្ឋាន ក្រុមពន្លត់អគ្គិភ័យក្រុមហ៊ុនកាស៊ីណូ ជួយអន្តរាគមន៍ពន្លត់ទីតាំងកើតហេតុ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា : ករណីអគ្គិភ័យនេះបង្កឡើងដោយសារទុស្សេចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ ទើបបណ្តាលឲ្យឆាបឆេះក្លឹបអស់មួយភាគធំ។ ប៉ុន្តែមិនបានបណ្តាលឲ្យជនណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ។ ប្រតិបត្តិការនេះ ប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ត្រូវបានសមត្ថកិច្ចយើងពន្លត់ទាន់ពេលរហូតដល់ម៉ោង៧:៣០នាទី ទើបរលត់ទាំងស្រុង៕
