ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង÷ និយតករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) ប្រកាសជំហរទទួលពាក្យបណ្តឹងរបស់សាធារណជនដែលមានវិវាទ មិនពេញចិត្តជាមួយក្រុមហ៊ុនធានារ៉ាប់រងទាំងឡាយ។

នៅក្នុងសិក្ខាសាលាពីផលិតផលធានារ៉ាប់រងទូទៅនៅក្នុងខេត្តបាត់ដំបង ដែលបើកធ្វើនៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៊ូ ចាន់ភីរ៉ូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា÷ ក្រៅពីការធានានូវភាពរឹងមាំ ភាពកក់ក្តៅ និងជំនឿទុកចិត្តដល់អតិថិជន និយ័តករធានារ៉ាប់រងកម្ពុជា ក៏មានយន្តការបើកទូលាយទទួលពាក្យបណ្តឹងរបស់សាធារណជនទាំងឡាយផងដែរប្រសិនបើមានវិវាទធានារ៉ាប់រង ឬមិនពេញចិត្តនឹងសកម្មភាពគ្រឹះស្ថានធានារ៉ាប់រងនានាដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។
ន.ធ.ក ក៏អាចផ្តល់នូវការឆ្លើយបំភ្លឺជាលិខិតលាយលក្ខណ៍អក្សរ ផ្ទាល់មាត់ដល់អ្នកដាក់ពាក្យបណ្តឹងតាមរយ:ទូរសព្ទ បណ្តាញសង្គម សារអេឡិចត្រូនិក និងតាមរយ:គេហទំព័រផ្លូវការរបស់ ន.ធ.ក។
ឯកឧត្តម ប៊ូ ចាន់ភីរ៉ូ បានបញ្ជាក់បន្តថា÷ និយ័តករធានារ៉ាប់រងកម្ពុជា ជាស្ថាប័នឯករាជ្យក្នុងការបំពេញមុខងារ តួនាទី ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យធានារ៉ាប់រង ក៏ដូចជា សោធនឯកជន បច្ចុប្បន្ន និងពេលចំពោះមុខ ន.ធ.ក បាននឹងកំពុងដើរតួយ៉ាងសំខាន់ ពិសេសបានធានានូវភាពរឹងមាំ ឧត្តមភាពប្រកួតប្រជែងប្រកបដោយចីរភាពរបស់គ្រឹះស្ថានធានារ៉ាប់រងទាំងអស់ដើម្បីបម្រើដល់ពលរដ្ឋកម្ពុជាគ្រប់រូប និងជំរុញកំណើនសេដ្ឋកិច្ចជាតិមួយផ្នែកថែមទៀត។

ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងដែរថា÷ តាមរយ:ការផ្តល់សេវាពីនិយ័តករកម្ពុជា ពលរដ្ឋប្រាកដជានឹងទទួលបាននូវសារប្រយោជន៍តាមកម្រិតស្តង់ដា ពិសេសកញ្ចប់រ៉ាប់រងជាច្រើនត្រូវបានរ៉ាប់រងទៅលើបញ្ហាសុខភាព និងការធានារ៉ាប់រងទៅលើយានយន្តជាតម្រូវការចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងនាពេលអនាគតរបស់ពលរដ្ឋក្នុងខេត្តបាត់ដំបង៕
