សេដ្ឋកិច្ច

មូលនិធិ​​ ២៥រៀល​ របស់វីតាល់​ សហការជាមួយ​​ កាកបាទក្រហមផ្សព្វផ្សាយទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥

ដោយ៖ សិរីមតី

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទៅដល់ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ​មូលនិធិ២៥រៀល របស់វីតាល់ បានចូលរួមសហការ ជាមួយកាកបាទក្រហមកម្ពុជា រៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ» ដែលមានអ្នកចូលរួមប្រមាណជាង​ ២០០នាក់ នាព្រឹកថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាព​របស់លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព លោកគ្រូ អ្នកគ្រូពេទ្យ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំង ៣ រួមទាំងស្ត្រី និងក្រុមគ្រួសារជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ អនុវត្តន៍ការងាររបស់មន្ទីរពេទ្យ ដែលបានផ្ដល់ជូននូវសេវាពិនិត្យសុខភាពជាប្រចាំ និងសេវាផ្តល់កំណើតជូនស្ត្រី រួមជាមួយសេវាតំហែទាំសុខភាពមាតា និងទារក បន្ទាប់ពីសម្រាលរួច ប្រកបដោយប្រសិទ្ធិភាព។ ព្រមទាំងបង្កើតនូវកម្មវិធីចែករំលែកចំណេះដឹង ក្នុងការលើកកម្ពស់សុខភាពរបស់ទារក និងកុមារតូចៗនៅកម្ពុជា ប្រកបដោយសុខុមាលភាពល្អ និងវិជ្ជាជីវៈខ្ពស់ ។ លោកជំទាវបន្ត លើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប ទទួលទានចំណីអាហារដែលមានសារធាតុចិញ្ចឹមប្រកបដោយអនាម័យខ្ពស់ និងពិសាទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីទ្រទ្រង់ជីវិត និងការលូតលាស់របស់ទារកឱ្យបានល្អប្រសើរ។ ​លោកជំទាវ បានបន្ថែមថា ក្នុងនាមជាវិស័យឯកជន វីតាល់ជឿថា ការផ្តល់ជូនទៅដល់សង្គមតាមរយៈការផ្តល់ជំនួយឧបត្ថម្ភ និងចូលរួមចំណែកលើកិច្ចការសង្គមផ្សេងៗទោះក្នុងរូបភាពណាក៏ដោយ គឺជាការបង្កើតឱ្យមានវប្បធម៌ នៃការចែករំលែកដ៏ល្អមួយ។​ តាមរយៈមូលនិធិ២៥រៀល វីតាល់បានតាំងចិត្ត ក្នុងការបន្តគាំទ្រ និងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារសង្គមឱ្យកាន់តែទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមាន សុខភាពមាតា ទារក និងកុមារ។

ទន្ទឹមនឹងគ្នានេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយលើកឡើងថា ការពង្រឹង និងបន្តអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលសាធារណៈ និងឯកជនប្រកបដោយការវិនិយោគលើធនធានមនុស្ស វិស័យសុខាភិបាល និងបច្ចេកវិទ្យាថ្មីៗ ជាគោលដៅសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាព ការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ​ យ៉ាងសកម្ម ហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះនាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានរួមចំណែកយ៉ាងធំធេងជារឿយៗ ជាមួយកាកបាទក្រហមកម្ពុជា ជាក់ស្ដែងក្នុងការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ នេះផងដែរ។

គួរបញ្ជាក់ដែរថា​ វីតាល់ ជាក្រុមហ៊ុនទឹកពិសា ដែលមានមូលនិធិ ២៥រៀល ជានិច្ចកាល បន្តរក្សាមូលដ្ឋាននៃការប្រើប្រាស់មូលធនដល់ការបង្កើតគម្រោងថ្មីៗ ជាពិសេសលើកិច្ចការងារសុខុមាលភាពសង្គម​នៃវិស័យសុខាភិបាល។  រាល់ការជាវទឹកពិសាវីតាល់១ដប លោកអ្នកបានចូលរួមចំណែកបរិច្ចាគចំនួន២៥រៀល ទៅក្នុងកិច្ចការសង្គមនានា។​ វីតាល់ ជាផលិតផលទឹកពិសាក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ដំណាក់កាល យ៉ាងទំនើបពីសហគមន៍អ៊ឺរ៉ុប ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានវត្តមានក្នុងទីផ្សារតាំងពីឆ្នាំ២០១០ មកម៉្លេះ។ វីតាល់ មោទនភាព ផលិតផលជាតិ៕