សន្ដិសុខសង្គម

បន្ទាប់ពីការប្រឈមមុខនៅប្រាសាទតាមាន់ធំខេត្តឧត្តរមានជ័យ ទល់មុខខេត្តសុរិន្ទ ,ឥឡូវនេះសភាពការណ៍បានធូរស្រាលវិញ

ដោយ : បន្ទាយ 

ព្រំដែនកម្ពុជា ថៃ : បន្ទាប់ពីប៉ះទង្គិចនិងប្រឈមមុខគ្នាខាងកាយវិការ ពាក្យសម្ដីនៅប្រាសាទតាមាន់ធំ ស្ថិតនៅភូមិតាមន្តតេជោសែនជ័យ ឃុំគោកមនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទល់មុខឃុំ/ស្រុកភ្នំដុងរ៉ាក់ខេត្តសុរិន្ទប្រទេសថៃកាលពីថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៥ កន្លងមកនោះ មកទល់ថ្ងៃទី១៨ខែកុម្ភ:ឆ្នាំ២០២៥ នេះ ស្ថានភាពទូទៅត្រូវគេនិយាយថា បានវិលមកប្រក្រតីឡើងវិញ។

ប៉ុន្តែជាក់ស្តែង អ្វីនៅមិនទាន់ល្អូកល្អិននឹងគ្នាវិញទេ ឬអាចថានៅល្អក់កករនៅឡើយ។

ឯអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាមិនបានប្រាប់ថា តើកម្ពុជា.ថៃបានសម្របសម្រួលគ្នាយ៉ាងណាជាមួយថៃ ជុំវិញការប្រឈមមុខដាក់គ្នាកន្លងមកនោះ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៥ ទាហានថៃហាមពលរដ្ឋ តាជី ដូនជីនិងព្រះសង្ឃខ្មែរ១ក្រុមបានទៅទស្សនាប្រាសាទតាមាន់ធំដូចដែលមានភ្ញៀវទៅទស្សនាហូរហែរាល់ថ្ងៃ។ប៉ុន្តែពេលពួកគេច្រៀងភ្លេងជាតិខ្មែរ”ដែនដីខ្មែរប្រែថា សុវណ្ណភូមិ” ក៏ត្រូវទាហានថៃដែលឈរជើងនៅប្រាសាទនោះ ចេញមកហាមឃាត់និងបំបែកហ្វូង។

ពេលនោះ កងកម្លាំងទាហានកម្ពុជាពីកងពលតូចថ្មើរជើងលេខ៤២ នគរបាលការពារព្រំដែននៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនិងភាគីថៃ មានគរបាលការពារព្រំដែន កងកម្លាំងទាហានសូរ៉ាក់ណារី ដែលឈរជើងរួមគ្នានៅប្រាសាទតាមាន់ធំបានប៉ះទង្គិចកាយវិការនិងសម្ដីគ្នា។

ភាគីថៃថា ពលរដ្ឋ មន្ត្រីថៃនិងកម្ពុជាអាចឡើងមកគោរពសក្ការ:និងទស្សនាប្រាសាទនេះបានដោយសេរីភាព ពេញមុខ ។ ប៉ុន្តែករណីនេះ ពលរដ្ឋកម្ពុជាបានមកច្រៀងចម្រៀងជាតិខ្មែរលើទឹកដីថៃ។

ករណីនេះ កងកម្លាំងកម្ពុជា ក្នុងនោះលោកឧត្តមសេនីយ៍ទោនាក់ វង្ស មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១ បានព្រមានថា : ចាប់ពីថ្ងៃនេះទៅ ពួកកងកម្លាំងឯងមើល ហើយហាមទាំងកងកម្លាំងថៃកុំឲ្យឡើងមកនិងឈរជើងនៅប្រាសាទទៀត បាញ់គ្នាក៏បាញ់ទៅ កុំខ្លាច… ។

មកទល់ថ្ងៃទី១៨ខែកុម្ភៈ ក្រសួងការពារជាតិកម្ពុជា បានប្រាប់សារព័ត៌មានបារាំងអន្តរជាតិ(RFI) ក្នុងប្រទេសថា សភាពការណ៍ព្រំដែនកម្ពុជា-ថៃ នៅត្រង់ប្រាសាទតាមាន់ធំ «គ្មានអ្វីប្លែកទេ» ថ្វីបើមានការប្រឈមមុខដាក់គ្នារវាងទាហានកម្ពុជានិងទាហានថៃនៅតំបន់នោះ កាលពីថ្ងៃទី១៣កុម្ភៈកន្លងមក។

ក្រសួងការពារជាតិកម្ពុជាថ្លែងដូច្នោះ បន្ទាប់ពីក្រសួងការពារជាតិថៃបានផ្ញើលិខិតតវ៉ាមកភាគីកម្ពុជា ដែលនៅក្នុងនោះ ថៃបានចោទថា ទាហានកម្ពុជាថា បានអនុញ្ញាតឱ្យពលរដ្ឋមានការច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើទឹកដីថៃ និងបានគំរាមប្រើអាវុធតតាំងជាមួយទាហានថៃផង។

សូមរំលឹកថា យោងតាមការចុះផ្សាយរបស់កាសែតថៃ ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃនៅប្រាសាទតាមាន់ធំបានកើតឡើងកាលពីថ្ងៃទី១៣កុម្ភៈ បន្ទាប់ពីទាហានថៃបានចូលទៅហាមពលរដ្ឋខ្មែរ ១ក្រុម ឈរអមដោយទាហាន ច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើប្រាសាទ។
បើតាមការអះអាងរបស់ភាគីថៃ ទាហានកម្ពុជាបានប្រតិកម្មតបវិញភ្លាម ដោយការគំរាមប្រើអាវុធតតាំងជាមួយទាហានថៃ។

ការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃទី១៧កុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកភូមថាំ វីឆៃយ៉ាឆៃ (Phumtham Wechayachai ) បានលើកឡើងថា : ថៃចាំបាច់ផ្ញើលិខិតតវ៉ាមកភាគីកម្ពុជា ពីព្រោះថៃមិនចង់ឱ្យការប្រឈមមុខដាក់គ្នានៅប្រាសាទតាមាន់ធំក្លាយទៅជារឿងធំចម្រូងចម្រាសទេ ។

ប៉ុន្តែ ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការពារជាតិថៃមិនលាក់ពីក្តីបារម្ភចំពោះឧប្បត្តិហេតុនេះ ដែលថៃចាត់ទុកថា កម្ពុជាជាអ្នកបង្ករឿង។
ចំពោះរដ្ឋមន្រ្តីការពារជាតិថៃ ប្រាសាទតាមាន់ធំដែលទាហានកម្ពុជាអនុញ្ញាតឱ្យមនុស្សចូលទៅច្រៀងចម្រៀងជាតិខ្មែរនោះ ស្ថិតក្នុងខេត្តសុរិន្ទរបស់ថៃដែលជាតំបន់មិនទាន់ព្រមព្រៀងបិទបញ្ចប់ការបោះបង្គោលព្រំដែននៅឡើយ។

ដោយឡែក ក្នុងការចុះផ្សាយរបស់កាសែត Bangkok Post មេទ័ពថៃឈរជើងនៅតំបន់ប្រាសាទតាមាន់ធំបាននិយាយថា : ការច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើប្រាសាទតាមាន់ធំគឺជាការដើររំលងកិច្ចព្រមព្រៀងរវាងយោធាថៃនិងកម្ពុជា ដែលហាមមិនឱ្យធ្វើសកម្មភាពអ្វីលើសពីការចូលទស្សនាប្រាសាទតែប៉ុណ្ណោះ។

ករណីនេះ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨កុម្ភៈថា : ការប្រឈមមុខដាក់គ្នានៅប្រាសាទតាមាន់ធំមិនបានបង្កផលប៉ះពាល់ដល់កិច្ចសហការនៅតំបន់ព្រំដែនរវាងកងទ័ពកម្ពុជា និងថៃឡើយ។

ម្យ៉ាង បើតាមលោក ឈុំ សុជាតិ របាយការណ៍ពីតំបន់ព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យបានបង្ហាញថា សភាពការណ៍ជារួម គិតនៅត្រឹមថ្ងៃទី១៨កុម្ភៈនេះគឺ «គ្មានអ្វីប្លែកទេ» ថ្វីបើមានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃនៅតំបន់នេះកាលពីថ្ងៃទី១៣កុម្ភៈក៏ដោយ៕