ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅ (CTAFA) និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ (IFA) បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយស្ដីពីបច្ចុប្បន្នភាព និងនីតិវិធីរដ្ឋបាលសារពើពន្ធ ក្នុងកាតព្វកិច្ចនៃការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់អ្នកជាប់ពន្ធឆ្នាំ២០២៤ ជូនដល់សាធារណជន ម្ចាស់ជីវកម្ម សិស្ស និស្សិត ជាពិសេសអ្នកដែលឈរនៅលើវិស័យពន្ធដារគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ ជាដើម។
សមាគម CTAFA គឺជាសមាគមដ៏ធំមួយនិងដំបូងគេបង្អស់នៅកម្ពុជា ដែលបានចូលរួមលើកកម្ពស់ការអនុវត្តកាតព្វកិច្ចសារពើពន្ធ របស់ធុរកិច្ចជនឲ្យបានត្រឹមត្រូវនិងស្របច្បាប់ ចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្ដុះបណ្ដាលច្បាប់សារពើពន្ធ ជាពិសេសគឺចូលរួមសហការជំរុញឲ្យមានវប្បធម៌ ចូលរួមបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ និងធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនបានឆាប់រហ័ស។ ជាក់ស្ដែង នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាប់ដៃគូជាមួយ វិទ្យាស្ថាន IFA រៀបចំសិក្ខាសាលា ដែលធ្វើឡើងនៅអគារវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ ជាន់ទី៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សិក្ខាសាលាដ៏ពិសេសនេះ មានការអញ្ជើញចូលរួមពីលោកអគ្គនាយកវិទ្យាស្ថាន IFA, អនុប្រធាន សមាគម CTAFA និងថ្នាក់ដឹកនាំមួយចំនួនទៀត, វាគ្មិនសំខាន់ៗចំនួន ៣រូប, ម្ចាស់អាជីវកម្ម, គណនេយ្យករ, សិស្ស, និស្សិត បានអញ្ជើញចូលរួមជាង ៣០ នាក់។ ដោយក្នុងកម្មវិធីវាគ្មិននីមួយៗបានលើកយកនូវប្រធានបទសំខាន់ៗដើម្បីចែករំលែកដល់អ្នកចូលរួម ដែលទាក់ទងទៅនឹងបច្ចុប្បន្នភាពស្ដីពីវិធាននិងនីតិវិធីរដ្ឋបាលសារពើពន្ធក្នុងកាតព្វកិច្ចនៃការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤, បទបង្ហាញស្ដីពីសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា និងបទបង្ហាញស្ដីពីកាតព្វកិច្ចសហគ្រាសចំពោះការចុះអធិការកិច្ចក្នុងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម (ប.ស.ស.)។
បន្ទាប់ពីវាគ្មិនទាំង ៣រូប បានធ្វើបទបង្ហាញរួចរាល់ សង្កេតឃើញមានការសួរដេញដោលយ៉ាងផុសផុលពីសិក្ខាកាម ដែលបានអញ្ជើញចូលរួម។ ដោយសំណួរទាំងអស់នោះសុទ្ធសឹងទាក់ទងនឹងការប្រកាសពន្ធប្រចាំឆ្នាំប្រចាំខែការកត់ត្រាបញ្ជីគណនេយ្យនីតិវិធីនៃការបង់ពន្ធជាដើម។ ដូច្នេះសបញ្ជាក់ឲ្យឃើញថា កម្មវិធីសិក្ខាសាលាខាងលើនេះ ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់អាជីវកម្ម សិស្ស និស្សិតដែលបានអញ្ជើញចូលរួម នឹងបានយល់កាន់តែច្បាស់ពីវិស័យពន្ធដារ គណនេយ្យ ហិរញ្ញវត្ថុ និងការប្រកាសពន្ធឱ្យបានត្រឹមត្រូវ។
លោក ប៊ុន សុន្ធរង្គ អគ្គនាយកវិទ្យាស្ថាន IFA មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកវិស័យគណនេយ្យ សវនកម្ម ហិរញ្ញវត្ថុ ពន្ធដារ ជាដើម ដល់ម្ចាស់អាជីវកម្ម ធុរកិច្ចជន សិស្ស និស្សិត ពិសេសគណនេយ្យករ ក្នុងការរៀបចំបញ្ជីគណនេយ្យ និងប្រកាសពន្ធឱ្យបានត្រឹមត្រូវ។ លើសពីនេះ ក៏ជាផ្នែកមួយជួយជំរុញដល់អ្នកដែលឈរនៅលើវិស័យទាំងនេះ ត្រូវឈ្វេងយល់បន្ថែមនិងបន្តផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យានាសម័យទំនើបឌីជីថលផងដែរ។
លោក ប៊ុន សុន្ធរង្គ បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា”នេះជាលើកដំបូងហើយដែលសមាគមCTAFAនិងIFA បានចាប់ដៃគូគ្នានិងបានរៀបចំសិក្ខាសាលាជាមួយគ្នាស្តី ពីបច្ចុប្បន្នភាពនៃសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗដែលចូលរួមជាសមាជិករបស់CTAFA។ ខ្លឹមសារនៃការពន្យល់គឺមានលក្ខណៈក្តោបន័យ អ្នកដែលធ្លាប់ធ្វើឬក៏អ្នកដែលមិនយល់ក៏អាចដឹងអំពីព័ត៌មានច្រើននៅក្នុងការដាក់លិខិតបង្គាប់ពន្ធប្រចាំឆ្នាំក៏ដូចជាបច្ចុប្បន្នភាពនៃសារពើពន្ធ ការអាប់ដេតឬការធ្វើបច្ចុប្បន្នភាព មួយចំនួនដែលគាត់អាចយល់ដឹង ថាតើដើម្បីប្រសេះឬក៏ដំណើរការនៅក្នុងអាជីវកម្មរបស់គាត់តើគាត់ត្រូវត្រៀមអ្វីខ្លះដើម្បី រៀបចំការប្រកាសពន្ធ ឬការដាក់លិខិតប្រកាសពន្ធ ឱ្យមានភាពត្រឹមត្រូវហើយស្តបតាមច្បាប់។ យើងស្វាគមន៍គ្រប់ដៃគូសហការទាំងអស់ឱ្យតែមានការរៀបចំអ៊ីវិន ហើយអ៊ីវិននេះមានពីរប្រភេទទី១ យើងអញ្ជើញខាងCTAFA ធ្វើជាមួយIFA ហើយទី ២ ខាងCTAFAក៏អាចអញ្ជើញខ្ញុំជាវាគ្មិនកិត្តិយសខាងCTAFAក៏បាន ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺ digital transformation accounting and finance little girl taxation ដែលយើងឆ្ពោះទៅចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលមានសសរស្ដម្ភបី ការកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ តាមចក្ខុវិសីរបស់ខ្ញុំបើសិនជាអាចយើងនឹងមានសិក្ខាសាលារួមគ្នាដោយឈរលើប្រធានបទ បដិវត្តន៍កម្មឌីជីថល ក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ សារពើពន្ធ”។
នាឱកាសដ៏វិសេសវិសាលនោះ លោក ទេព សិដ្ឋាន់ណា អនុប្រធានសមាគម CTAFA និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងផ្ដល់ដំណោះស្រាយ (គ.ប.ផ.)របស់សមាគម បានមានប្រសាសន៍លើកឡើងដែរថា ការរៀបចំសិក្ខាសាលានៅថ្ងៃនេះ គឺជាវត្ថុបំណង និងជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សមាគម ដែលចង់ឲ្យធុរកិច្ចជន និងអ្នកពាក់ព័ន្ធទាំងអស់ យល់ច្បាស់ពីវិស័យវិស័យខាងលើតាមរយៈការបញ្ជ្រាបចំណេះដឹង នៅក្នុងវគ្គបណ្ដុះបណ្ដាលខ្លីឬក៏សិក្ខាសាលាជាដើម។ ហើយក្នុងនោះក៏បានផ្ដល់នូវអត្ថប្រយោជន៍ដល់ដៃគូសហការនៅក្នុងការផ្ដល់នូវព័ត៌មានសំខាន់ៗចុងក្រោយ ទាំងដៃគូសហការ ម្ចាស់អាជីវកម្ម ធុរកិច្ចជន ជាពិសេសគឺការបើកឱកាសដល់សិស្សនិស្សិត បានសាកល្បងបំពេញការងារផងដែរ។
លោក ទេព សិដ្ឋាន់ណា បានបន្ថែមយ៉ាងដូច្នេះថា” ជាក់ស្ដែង ទីមួយវាគឺជាវត្ថុបំណងរបស់សមាគម ដែលបង្កើតឡើងក្នុងកម្មវត្ថុមួយ ជួយសាបព្រោះនូវព័ត៌មានមួយចំនួនដែលជាកាតព្វកិច្ចរបស់ធុរកិច្ចជនគាត់ត្រូវតែចូលរួមអនុវត្ត ដែលក្នុងនោះយើងមើលឃើញទាំងទិដ្ឋភាពនៅក្រោមច្បាប់រដ្ឋបាលសារពើពន្ធ ទាំងទិដ្ឋភាពនៅក្រោមច្បាប់ក្រសួងការងារ ប.ស.ស និយ័តករគណនេយ្យ ជាដើម។ ដូច្នេះបានជាសមាគមបង្កើតឡើង និងរៀបចំនូវផែនការយុទ្ធសាស្ត្រក្នុងការចូលរួមចែករំលែក ចំណេះដឹងទាំងនោះទៅដល់ធុរកិច្ចជន និងដៃគូសហការ បណ្ដាសាលា បណ្ដាក្រុមហ៊ុនឯកជន ជាពិសេសភ្នាក់ងារផ្ដល់សេវាកម្មពន្ធដារតែម្ដង។ ហើយការរៀបចំសិកាសាលានៅថ្ងៃនេះ គឺបានជួយទៅដល់ដៃគូសហការនៅក្នុងការផ្ដល់ឱកាសដល់សន្និស្សិតដែលបានចូលរួមស្វែងយល់នូវចំណេះដឹងបន្ថែម និងបានផ្ដល់នូវព័ត៌មានចុងក្រោយទាក់ទងទៅនឹងវិស័យទាំងអស់ខាងលើ។ ហើយមួយទៀតអ្នកដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះក៏ទទួលបានអត្ថប្រយោជន៍ពីសមាគមស៊ីតាហ្វានិងវិទ្យាស្ថានអាយហ្វាដែរ។ តាមរយៈប្រធានបទពីសំខាន់ៗ ដោយប្រធានបទទីមួយនោះទាក់ទងទៅនឹងនីតិវិធីនៃការរៀបចំប្រកាសពន្ធឱ្យបានត្រឹមត្រូវនៅក្នុងការីឆ្នាំ២០២៤ ដែលនៅក្នុងនោះយើងបានអញ្ជើញអ្នកជំនាញ ដែលជាធនធាននៅក្នុងសមាគម មកជួយចែករំលែក ទៅដល់អ្នកដែលស្វ័យសិក្សា ជំនាញពន្ធនេះឯង ហើយមួយទៀតយើងក៏បានលើកយកនូវប្រធានបទក្តៅមួយទៀតដែរ ដែលស្ថិតនៅក្រោមច្បាប់ ប.ស.ស ស្ដីពីកាតព្វកិច្ចនៅពេលដែលគាត់បានចុះបញ្ជីរួចរាល់ ថាតើគាត់គួរចូលរួមអនុវត្តទៅលើវិធានដែលស្ថិតនៅក្រោមច្បាប់ប.ស.ស. នោះយ៉ាងម៉េច ដែលនេះក៏ជាព័ត៌មានក្តៅមួយ សម្រាប់ម្ចាស់ជីវកម្ម ដែលគាត់គួរតែសិក្សាឈ្វេងយល់ អ៊ីចឹងយើងឃើញថាអត្ថប្រយោជន៍បានទាំងដៃគូ និងសិក្ខាកាមដែលគាត់អញ្ជើញចូលរួម”។
គួរបញ្ជាក់ថា សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) និងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) នឹងបន្តរៀបចំសិក្ខាសាលាបែបនេះជាបន្តបន្ទាប់ទៀត ដោយឈរលើប្រធានបទផ្សេងៗដែលជាសារៈប្រយោជន៍ដល់ធុរកិច្ចជន ទាំងក្នុងស្រុកនិងក្រៅប្រទេស ម្ចាស់ជីវកម្ម សិស្សនិស្សិត ដែលចង់ឆឈ្វេងយល់កាន់តែច្បាស់ពីវិស័យទាំងអស់ខាងលើនេះ៕
