អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើងសព្វថ្ងៃធ្វើទស្សនកិច្ចកម្រទៅកាន់ផ្នូរឪពុក

ប្រែសម្រួល៖សហការី

ក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចូលគាល់នៅសាលាបូជនីយដ្ឋានគ្រួសារ ដើម្បីប្រារព្ធខួបកំណើតឪពុករបស់លោកនិងជាអតីតមេដឹកនាំ គីម ជុងអ៊ីល នេះបើយោងតាមសារព័ត៌មាន KCNA បានឱ្យដឹងកាលពីថ្ងៃចន្ទ (១៧ កុម្ភៈ)។

ខួបកំណើតរបស់លោក គីម ជុងអ៊ីល ដែលត្រូវនឹងថ្ងៃទី១៦ កុម្ភៈ ត្រូវបានប្រារព្ធយ៉ាងទូលំទូលាយជាថ្ងៃបុណ្យសំខាន់មួយនៅក្នុងប្រទេសកូរ៉េខាងជើង ដែលហៅថា ទិវាផ្កាយភ្លឺចែងចាំង។

ប៉ុន្តេ នេះជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ ដែលលោក គីម វ័យក្មេង បានទៅទស្សនាវិមានព្រះអាទិត្យគុមស៊ូសាន នៅរាជធានីព្យុងយ៉ាង ដែលជាទីកន្លែងតម្កល់សពក្រោមកញ្ចក់របស់ឪពុក និងជីតារបស់លោក សម្រាប់ពិធីរំឭកខួបនេះ។

ដោយមានការអមដំណើរដោយលោកស្រី គីម យូ ជុង ដែលជាបងប្អូនស្រី និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សកម្មករដឹកនាំ ក្នុងចំណោមមន្ត្រីផ្សេងទៀត លោក គីម ជុងអ៊ុន បានគោរពវិញ្ញាណក្ខន្ធ “ដោយក្តីគោរពដ៏ស្មោះស្ម័គ្របំផុត” នេះបើតាម KCNA។

“លោកបានសម្តែងឆន្ទៈដ៏មុតមាំរបស់លោកក្នុងការលះបង់ខ្លួនដើម្បីការតស៊ូដ៏ឧត្តុង្គឧត្តមសម្រាប់វិបុលភាពអមតៈនៃប្រទេស សន្តិសុខប្រជាជន និងការលើកកម្ពស់សុខុមាលភាពរបស់ពួកគេ” នេះបើតាមសារព័ត៌មានដដែល។

រាជវង្សគីមដែលបានគ្រប់គ្រងកូរ៉េខាងជើងតាំងពីការបង្កើតឡើងក្រោយសង្គ្រាមលោកលើកទីពីរ បានព្យាយាមពង្រឹងការកាន់កាប់អំណាចរបស់ខ្លួនតាមរយៈការបង្កើតលទ្ធិបូជាបុគ្គលជុំវិញពួកគេ ទោះបីជាលោក គីម ជុងអ៊ុន បានបង្ហាញសញ្ញានៃការព្យាយាមឈរដោយខ្លួនឯងកាន់តែច្រើនឡើង ដោយមិនពឹងផ្អែកលើអ្នកមុនៗរបស់លោក។

នៅក្នុងសេចក្តីរាយការណ៍មួយទៀត KCNA បានឱ្យដឹងថា លោក គីម បានចូលរួមពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃអាទិត្យសម្រាប់ដំណាក់កាលចុងក្រោយនៃគម្រោងដែលលោកពេញចិត្តក្នុងការសាងសង់ផ្ទះថ្មីចំនួន ៥០.០០០ ខ្នង នៅក្នុងក្រុងព្យុងយ៉ាង។

គំនិតផ្តួចផ្តើមដ៏មហិច្ឆតានេះត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២១ ជាផ្នែកមួយនៃផែនការប្រាំឆ្នាំរបស់លោក គីម ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងត្រូវបានរៀបចំឡើងដើម្បីចែកចាយផ្ទះបែងយ៉ាងតិច ១០.០០០ ខ្នង នៅក្នុងក្រុងព្យុងយ៉ាងជារៀងរាល់ឆ្នាំ ទោះបីជាអ្នកវិភាគមួយចំនួនបានសង្ស័យពីលទ្ធភាពអនុវត្តបាននៅក្នុងបរិបទនៃទណ្ឌកម្មអន្តរជាតិ និងបញ្ហាសេដ្ឋកិច្ច។

ក្នុងអំឡុងពិធីនេះ លោក គីម បានសរសើរកម្មករសំណង់ និងមន្ត្រីសម្រាប់ការសម្រេចបានវឌ្ឍនភាពជិត ៤០០ ភាគរយក្នុងឆ្នាំមុន បើប្រៀបធៀបនឹងឆ្នាំ២០២០ និងបានប្តេជ្ញាអនុវត្តផែនការមួយទៀតដើម្បីបន្តពង្រីកទីក្រុង។

គម្រោងនេះនឹង “នាំមកនូវយុគសម័យថ្មីនៃវិបុលភាពនៃក្រុងព្យុងយ៉ាង ដែលដងវិថីឧត្តមគតិរបស់ប្រជាជនដែលត្រូវមោទនភាពនៅលើពិភពលោកត្រូវបានសាងសង់ជារៀងរាល់ឆ្នាំ” នេះបើតាម KCNA៕

ប្រភព៖ Reuters/ec