កម្សាន្ដ

ក្រុមរថយន្តផ្លូវលំបាក(OFF ROAD ) ខេត្តបន្ទាយមានជ័យបោះជំរំជាថ្មីជំរុញទេសចរណ៍និងអភិរក្សសត្វស្លាប នៅតំបន់ការពារធម្មជាតិរហាលកេះ  -អាវៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ក្រុមរថយន្តទេសចរណ៍ផ្លូវលំបាក(OFF ROAD ) ខេត្តបន្ទាយមានជ័យចំនួនជាង១០០រថយន្តនិងមនុស្សជាង៣០០នាក់ កាលពីល្ងាច និងយប់ថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៥ បានទៅបោះជំរំលើកទី៣ ដើម្បីជំរុញទេសចរណ៍និងអភិរក្សសត្វស្លាប នៅតំបន់ការពារធម្មជាតិរហាលកេះ – អាវៀន ស្ថិតនៅឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីជ័យ ណារី ព្រមទាំងមន្ត្រី អ្នកពាក់ព័ន្ធបានអញ្ជើញដឹកនាំ និងសហការផងដែរ។នេះបើតាមលោកជា តារា ប្រធានក្រុមរថយន្តទេសចរណ៍ផ្លូវលំបាក(OFF ROAD ) ខេត្តបន្ទាយមានជ័យនិងលោកតាប់ ខែម ប្រធានក្រុមជិះកង់ខេត្តបន្ទាយមានជ័យបានឲ្យដឹង ។

ជាការសង្កេត គេឃើញថា នៅឆ្នាំ២០២៥ នេះ  ការរៀបចំព្រឹត្តិការណ៍បានឧឡារឹកជាងលើកទី១ កាលពីឆ្នាំ២០២១ និងលើកទី២ កាលពីឆ្នាំ២០២៣  ដោយមានទាំងរថយន្ត ទាំងសមាសភាពអ្នកចូលរួមចម្រុះ ច្រើនជាងមុន មកពីក្នុងនិងក្រៅខេត្តផង ។ឯកន្លែងបោះជំរំបានធ្វើនៅមាត់រហាលមួយ នៅឆ្ងាយបន្តិចពីពីរហាលកេះ(ទីអភិរក្សមច្ឆជាតិ) និងអាវៀន(ទីអភិរក្សសត្វស្លាបទឹក) ។

នៅទីបោះជំរំលើកនេះ  ក៏មានរៀបចំរថយន្តដឹកទឹកនិងរថយន្តបង្គន់អនាម័យចល័តបម្រើសេវាងូតទឹកនិងបន្ទោបង់ ។ហើយការញ៉ាំងការកម្សាន្តសប្បាយ ក៏ប្រសើរដោយញ៉ាំអាហារ ភេសជ្ជ: ផ្លែឈើនិងការរាំច្រៀងកម្សាន្តក៏រៀបចំល្អជាងមុនដែរ ។

ចំណែកសន្តិសុខ សណ្តាប់ធ្នាប់ វិន័យ អនាម័យបានល្អប្រសើរដូចមុនជាដើម ។ ប៉ុន្តែ ឆ្នាំ២០២៥ នេះ ធ្វើឡើងតែ១យប់ មិនដូចកាលពីខែមីនាឆ្នាំ២០២១និងខែកុម្ភ:ឆ្នាំ២០២៣ ដែលធ្វើឡើង២ៗយប់ ។

អំពីទិដ្ឋភាពទូទៅ   ទាំងលោកជា តារា ទាំងលោកតាប់ ខែម ព្រមទាំងលោកអ៊ុំ រាត្រី អភិបាលខេត្តបានរំពឹងទុកថា : សារនិងរូបភាពពីព្រឹត្តិការណ៍បោះជំរំពេលយប់នៅតំបន់ការពារធម្មជាតិរហាលកេះ  អាវៀនលើកនេះនឹងរឹងរឹតតែជួយជំរុញកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិច្រើនឡើងមកទស្សនាទីនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអ៊ុំ រាត្រី  ក៏ណែនាំមន្ត្រី ,អ្នកពាក់ព័ន្ធឲ្យមកសហការនឹងលោកខុង ប៊ុន មេឃុំឈ្នួរមានជ័យ-ប្រធានសហគមន៍តំបន់ការពារធម្មជាតិរហាលកេះ  -អាវៀននិងសហការីដើម្បីរៀបចំព្រឹត្តិការណ៍”ចាប់ត្រីរួមគ្នា” នៅបឹងបម្រុងទុកណាមួយ ដោយមានមនុស្សរាប់ពាន់ ម៉ឺននាក់ចូលរួមនាពេលខាងមុខឬឆ្នាំក្រោយៗ ពោលគឺដូចព្រឹត្តិការណ៍ចាប់ត្រីរួមគ្នាដែលជាប្រពៃណី ទំនៀមទម្លាប់់អ្នកស្រុកនៅខេត្តត្បូងឃ្មុំនិងនៅខេត្តសៀមរាបជាដើម ។

សូមរំលឹកថា ដើម្បីចូលទៅទស្សនាតំបន់ការពារធម្មជាតិរហាលកេះ  -អាវៀន ភ្ញៀវអាចធ្វើដំណើរតាមតាមម៉ូតូ រថយន្តឬយានយន្តគ្រប់ប្រភេទតាមផ្លូវគោកទៅទស្សនាសត្វស្លាបទឹកនិងសត្វស្លាបគោក ​ចាប់ពីចុងខែមករា ដើមខែកុម្ភៈ តទៅ ។ពិសេសថ្ងៃ សៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាក គឺធ្វើដំណើរលើផ្លូវខ្នងប្រឡាយ  រួចកាត់វាលស្រែទៅកាន់ទីនោះ ។

នៅវេលាម៉ោង៥:៣០នាទី ទៅម៉ោង៦ល្ងាចបងប្អូនភ្ញៀវអាចអង្គុយមើលថ្ងៃលិច មើលសត្វស្វាបរាប់ម៉ឺនក្បាលហើរវិលចូលទ្រនំ មើលការនេសាទត្រីជាលក្ខណៈ:គ្រួសារនិងជិះទូកបណ្តែតខ្លួនលើរហាលកេះផងដែរ ។

គួរបញ្ជាក់ថា រហាលកេះ – អាវៀន (រហាលមានន័យថា បឹងនៅកណ្តាលវាល) ទីអភិរក្សអេកូទេសចរណ៍មច្ឆជាតិនិងសត្វស្លាបដែលសហគមន៍រៀបចំឡើងដើម្បីកិច្ចការអភិរក្សសត្វស្លាបចម្រុះរាប់ម៉ឺនសែនក្បាលនិងមច្ឆជាតិ  ព្រមទាំងក៏លើកស្ទួយជីវភាពប្រជាសហគមន៍ ។

វាជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី។តំបន់នេះ អាចចែកជា២ ផ្នែក ៖

ទី១ -ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆជាតិចម្រុះដូចជាត្រីរ៉ស់ ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង….។ វាមានទំហំចំនួន៥ហិកតា ដែលហៅថារហាលកែស និងទី២ -ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺនក្បាល (បូកនឹងកុកផងមានដល់សែនក្បាល) មានទំហំចំនួន២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែលគេហៅថាអាវៀន ។ហើយឈ្មោះរួមនៃទីអភិរក្សនេះគេហៅថាទីអភិរក្សរហាលកែស អាវៀន ។

ចំពោះសមាសភាពសត្វស្លាបគឺមានជិត១០ប្រភេទដែលជាសត្វស្លាបសំខាន់ៗដូចជាក្រៀលខ្យង ក្អែកទឹក ស្មោញ ត្រយង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម  មាន់ទឹក ជាដើម។ក្រៅពីនោះសត្វកុកមានច្រើនលើសលប់ ៕