សេដ្ឋកិច្ច

ប្រធានាធិបតី ស៊ី នឹងដឹកនាំសន្និសីទដែលមានវត្តមាន លោក ចេក ម៉ា និងមេដឹកនាំអាជីវកម្មចិនផ្សេងទៀត

ប្រែសម្រួល៖ ស្រីនិច

ប៉េកាំង៖ ប្រធានាធិបតីចិន ស៊ី ជីនភីង មានគម្រោងដឹកនាំសន្និសីទមួយដើម្បីលើកកម្ពស់ទឹកចិត្តវិស័យឯកជននៅសប្តាហ៍ក្រោយ ដែលនឹងមានវត្តមានមេដឹកនាំអាជីវកម្មរបស់ប្រទេស រួមទាំងសហស្ថាបនិកក្រុមហ៊ុន Alibaba លោក ចេក ម៉ា ដោយយោងតាមប្រភពចំនួនបីនាក់ដែលបានដឹងអំពីកិច្ចប្រជុំនេះ។

លោក ស៊ី កម្រដឹកនាំសន្និសីទអំពីវិស័យឯកជនណាស់ ហើយព្រឹត្តិការណ៍នេះបង្ហាញពីបញ្ហាប្រឈមជាច្រើនដែលក្រុមហ៊ុនចិនកំពុងជួបប្រទះ ចាប់ពីភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រហូតដល់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចក្នុងស្រុក។

សហគ្រិនជាច្រើននឹងមកពីវិស័យបច្ចេកវិទ្យា ហើយលោក ស៊ី ត្រូវបានរំពឹងថានឹងលើកទឹកចិត្តពួកគេឱ្យពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងស្រុកនិងអន្តរជាតិ ក្នុងបរិបទនៃសង្រ្គាមបច្ចេកវិទ្យារវាងចិននិងអាមេរិកដែលកំពុងកើនឡើង នេះបើតាមប្រភពពីរបានឱ្យដឹង។

សន្និសីទនេះទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ (ថ្ងៃទី១៧ ខែកុម្ភៈ) នេះបើតាមប្រភពបីបានឱ្យដឹង។ ព័ត៌មាននៃសន្និសីទនេះត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reuters។

លោក ផូនី ម៉ា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent នឹងមានវត្តមាននៅទីនោះ នេះបើតាមប្រភពពីរបានឱ្យដឹង។ លោក ឡេ ជុន នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតស្មាតហ្វូននិងរថយន្តអគ្គិសនី Xiaomi ព្រមទាំងលោក វ៉ាង ស៊ីងស៊ីង ស្ថាបនិកក្រុមហ៊ុនមនុស្សយន្ត Yushu Technology ទំនងជានឹងចូលរួមផងដែរ នេះបើតាមប្រភពមួយបានឱ្យដឹង។

ថ្នាក់ដឹកនាំម្នាក់នៃក្រុមហ៊ុន Huawei Technologies ក៏ត្រូវបានរំពឹងថានឹងចូលរួមផងដែរ នេះបើតាមប្រភពពីរបានឱ្យដឹង។

សារព័ត៌មាន Bloomberg News បានរាយការណ៍ថា លោក លៀង វិនហ្វេង ស្ថាបនិកក្រុមហ៊ុន DeepSeek នឹងចូលរួម។ ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលទើបចាប់ផ្តើមនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងពិភពបច្ចេកវិទ្យា ជាមួយនឹងម៉ូដែលដែលក្រុមហ៊ុននិយាយថាបានអភិវឌ្ឍក្នុងតម្លៃតិចជាងគូប្រជែងខាងលិចច្រើន។

Reuters បាននិយាយជាមួយមនុស្សប្រាំនាក់ដែលបានដឹងអំពីសន្និសីទនេះសម្រាប់អត្ថបទនេះ ដោយទាំងអស់គ្នាបានបដិសេធមិនបញ្ចេញអត្តសញ្ញាណ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។

ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋ ដែលគ្រប់គ្រងការឆ្លើយឆ្លងជាមួយប្រព័ន្ធផ្សព្វផ្សាយជំនួសថ្នាក់ដឹកនាំរដ្ឋ មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណួររបស់ Reuters អំពីព្រឹត្តិការណ៍នេះទេ។

ក្រុមហ៊ុន Alibaba, Tencent, Xiaomi, Huawei, Yushu និង DeepSeek ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអធិប្បាយដែរ។

ភាគហ៊ុនដែលចុះបញ្ជីនៅហុងកុងរបស់ក្រុមហ៊ុន Alibaba, Tencent និង Xiaomi បានបន្តកើនឡើងក្នុងការជួញដូរពេលរសៀលបន្ទាប់ពីដំណឹងនេះ។ Xiaomi បានបញ្ចប់នៅកំណត់ត្រាខ្ពស់បំផុតដោយកើនឡើង ៧ ភាគរយ។ Tencent ក៏បានបិទដោយកើនឡើង ៧ ភាគរយផងដែរ ខណៈដែល Alibaba បានបញ្ចប់ដោយកើនឡើង ៦ ភាគរយ។

  • ការលើកកម្ពស់ទំនុកចិត្ត

លោក ស៊ី បានដឹកនាំសន្និសីទដ៏មានសារៈសំខាន់លើកដំបូងសម្រាប់វិស័យឯកជននៅចុងឆ្នាំ ២០១៨ គឺប្រាំមួយឆ្នាំក្រោយពីលោកឡើងកាន់អំណាច។ នៅពេលនោះ លោកបានសន្យាកាត់បន្ថយពន្ធ និងផ្តល់ឱកាសស្មើគ្នា ខណៈដែលបញ្ជាក់ជាថ្មីថាក្រុមហ៊ុនឯកជននឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។

វត្តមានរបស់លោក ចេក ម៉ា នៅក្នុងសន្និសីទដែលត្រូវបានគ្រោងនេះ មានសក្តានុពលក្នុងការលើកកម្ពស់ទំនុកចិត្តផ្នែកអាជីវកម្ម។

សហគ្រិនដែលធ្លាប់មានប្រជាប្រិយភាពរូបនេះ បានដកខ្លួនចេញពីជីវិតសាធារណៈស្ទើរទាំងស្រុង បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនលើកដំបូង (IPO) របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant របស់លោកត្រូវបានផ្អាកដោយអាជ្ញាធរក្នុងឆ្នាំ ២០២០ – ដែលជាការសម្រេចចិត្តត្រូវបានធ្វើឡើងបន្ទាប់ពីសុន្ទរកថារបស់លោកក្នុងឆ្នាំនោះ ដែលរិះគន់ប្រព័ន្ធបទប្បញ្ញត្តិរបស់ចិន។

អាជីវកម្មរបស់លោក និងឧស្សាហកម្មបច្ចេកវិទ្យាទូទៅ បន្ទាប់មកត្រូវបានគោលដៅនៃការបង្ក្រាបបទប្បញ្ញត្តិ ដោយពេលវេលាដែលលោកចាកចេញពីពន្លឺសាធារណៈ ជានិមិត្តរូបនៃការប្រែប្រួលជោគវាសនាសម្រាប់វិស័យឯកជនរបស់ចិន។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការរបស់ចិនក្នុងការសម្រេចបាន “វិបុលភាពរួម” ដោយនិយាយថាក្រុមហ៊ុនឯកជនគួរតែ “មានទ្រព្យសម្បត្តិនិងមានចិត្តសប្បុរស” ព្រមទាំង “ស្នេហាជាតិ” និងចែករំលែកផលនៃការរីកចម្រើនរបស់ពួកគេជាមួយនិយោជិតកាន់តែស្មើភាពគ្នា។

សម្តីរបស់លោកត្រូវបានចាត់ទុកថាជាការបញ្ឈប់ការប្រព្រឹត្តហួសហេតុក្នុងឧស្សាហកម្មជាច្រើន និងដើរតួជាហ្វ្រាំងលើការវិនិយោគដែលមានហានិភ័យខ្ពស់។

វត្តមានរបស់លោក លៀង ស្ថាបនិក DeepSeek នឹងបន្ថែមពន្លឺទៅលើឋានៈថ្មីដែលទើបតែកើតមានរបស់ក្រុមហ៊ុនថ្មីនេះ ថាជាអ្នករំខានធំបំផុតមួយដល់ឧស្សាហកម្ម AI សកល។ កាលពីខែមុន លោកបានថ្លែងសុន្ទរកថានៅក្នុងសន្និសីទបិទទ្វារមួយដែលរៀបចំ សន្និសីទបិទទ្វារមួយដែលរៀបចំដោយនាយករដ្ឋមន្ត្រី លី ឈៀង។

លោក ស៊ី បានសង្កត់ធ្ងន់ជាយូរមកហើយលើតម្រូវការរបស់ចិនក្នុងការសម្រេចបាននូវភាពស្វ័យគ្រប់គ្រាងក្នុងវិស័យសេមីកុងដុចទ័រ ហើយចង់ឱ្យប្រទេសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ចិនត្រូវបានរាំងស្ទះដោយវិធានការគ្រប់គ្រងការនាំចេញឈីបដែលដាក់ចេញដោយវ៉ាស៊ីនតោន ដែលព្រួយបារម្ភថាប៉េកាំងអាចប្រើប្រាស់សេមីកុងដុចទ័រកម្រិតខ្ពស់ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន៕

ប្រភព៖ Reuters/as