អន្តរជាតិ

ប្រជាជនអាមេរិកនៅជនបទមានការរំភើបរីករាយ ដោយជឿថា លោក ត្រាំនឹងលុបចោលច្បាប់ដ៏ចម្រូងចម្រាសមួយដែលមានអាយុកាល១០០ឆ្នាំ ដែលធ្វើឲ្យគណបក្សប្រជាធិបតេយ្យខឹងសម្បា

ប្រែសម្រួល៖ ស-សម្បត្តិ

ប្រជាជនអាមេរិកនៅតំបន់ជនបទកំពុងមានការរំភើបអំពីលទ្ធភាពដែលលោក ដូណាល់ ត្រាំ នឹងបញ្ចប់ការរឹតត្បិតអាវុធដ៏ចម្រូងចម្រាសមួយ។

ប្រធានាធិបតីបានបង្ហាញសញ្ញាថា លោកនឹងលុបចោលច្បាប់ដែលមានអាយុកាល៩១ឆ្នាំស្តីពីឧបករណ៍កាត់បន្ថយសំឡេង ហើយក្នុងរដ្ឋបាលដំបូងរបស់លោក បានបញ្ចប់ការហាមឃាត់រយៈពេល២០ឆ្នាំលើការលក់ឧបករណ៍បំបាត់សំឡេងទៅឲ្យជនបរទេស។

ការហាមឃាត់នោះ ដែលត្រូវបានអនុវត្តក្នុងឆ្នាំ២០០២ គឺមានគោលបំណងបង្ការក្រុមភេរវករពីការទទួលបានឧបករណ៍បំបាត់សំឡេងផលិតនៅអាមេរិក។

ប៉ុន្តែរដ្ឋបាលត្រាំបានអះអាងថា ការបញ្ច្រាសការហាមឃាត់នេះនឹងផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនផលិតរបស់អាមេរិក។

កាលពីដើមខែនេះ លោកត្រាំក៏បានចេញបទបញ្ជាប្រតិបត្តិដោយណែនាំឲ្យអគ្គមេធាវីដែលទើបតែងតាំងថ្មី លោកស្រី ផាម បុនឌី ពិនិត្យឡើងវិញនូវគោលនយោបាយអាវុធថ្នាក់សហព័ន្ធ ដោយស្វែងរកគោលនយោបាយណាដែលអាចរឹតត្បិតសិទ្ធិកាន់អាវុធដោយមិនត្រឹមត្រូវ យោងតាមព្រឹត្តិបត្រព័ត៌មាន The Reload។

លោកបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសទៅលើបទបញ្ញត្តិដែលត្រូវបានអនុវត្តក្រោមរដ្ឋបាលបៃដិន។

ឥឡូវនេះ សកម្មជនសិទ្ធិកាន់អាវុធជាច្រើនគិតថា លោកត្រាំអាចនឹងដំណើរការទៅមុខជាមួយនឹងការសន្យាក្នុងយុទ្ធនាការរបស់លោកក្នុងការបញ្ចប់ការរឹតត្បិតលើឧបករណ៍បំបាត់សំឡេង ដែលពួកគេនិយាយថាយឺតយ៉ាវពេកហើយ យោងតាមព័ត៌មាន Cowboy State Daily។

អ្នកគាំទ្រឧបករណ៍កាត់បន្ថយសំឡេង ដែលក៏ត្រូវបានស្គាល់ថាជាឧបករណ៍បំបាត់សំឡេង និយាយថាវាជួយការពារត្រចៀករបស់អ្នកបាញ់កាំភ្លើង។

ឧបករណ៍នេះអាចភ្ជាប់ទៅនឹងកាំភ្លើងវែង ដោយកាត់បន្ថយកម្រិតសំឡេងតាមរយៈការចាប់សម្ពាធផ្ទុះ និងឧស្ម័ននៅចុងកាំភ្លើង យោងតាមវេទិកាអ្នកដឹកនាំអ្នកប្រមាញ់របស់ NRA។

ជាទូទៅ វាអាចកាត់បន្ថយសំឡេងនៃការបាញ់ជាមធ្យមពី២០ទៅ៣៥ដេស៊ីបេល ហើយត្រូវបានប្រើប្រាស់នៅអឺរ៉ុបផងដែរសម្រាប់ការការពារការស្តាប់។

សម្រាប់លោក អាដាម អាស់ម៉រ ឧបករណ៍បំបាត់សំឡេងបំប្លែងកាំភ្លើង AR-15 របស់លោក ដែលអាចបង្កើតសំឡេងផ្ទុះខ្លាំង និងរំញ័រខ្លាំងនៅពេលបាញ់ ឲ្យមានសំឡេងស្ទើរតែមិនខ្លាំងជាងកាំភ្លើង .22 rimfire ស្តង់ដារ។

ទោះយ៉ាងណា វាមិនធ្វើឲ្យមានសំឡេង ‘ភៀវ’ ដូចក្នុងខ្សែភាពយន្តនោះទេ។

“សាធារណជន ពួកគេមើលខ្សែភាពយន្ត ហើយគិតថាវាស្ងាត់ទាំងស្រុង ប៉ុន្តែវាមិនមែនដូច្នោះទេ” លោកបាននិយាយ។

លោក ម៉ាក ចូនស៍ នាយកជាតិនៃអង្គការម្ចាស់កាំភ្លើងអាមេរិក បានបន្ថែមថា ឧបករណ៍បំបាត់សំឡេងកំពុងកាន់តែពេញនិយមក្នុងចំណោមអ្នកប្រមាញ់សត្វធំៗ ដែលមិនចូលចិត្តឲ្យត្រចៀករបស់ពួកគេប៉ះទង្គិចដោយគ្រាប់កាំភ្លើងម៉ាញ៉ុមនៅពេលពួកគេបាញ់សត្វគោព្រៃ ក្តាន់ និងសត្វអង់ទីឡូប។

អ្នកគាំទ្រនិយាយថា ឧបករណ៍បំបាត់សំឡេងក៏អាចកាត់បន្ថយការរញ៉េរញ៉ៃនៃកាំភ្លើងផងដែរ។

ប៉ុន្តែក្រោមច្បាប់អាវុធជាតិ ដែលចូលជាធរមាននៅឆ្នាំ១៩៣៤ ឧបករណ៍បំបាត់សំឡេងត្រូវបង់ពន្ធតែ២០០ដុល្លារសម្រាប់អាវុធ និងគ្រឿងបន្លាស់ដែលមានការរឹតត្បិត។

វាក៏តម្រូវឲ្យមានអាជ្ញាប័ណ្ណពិសេស និងរយៈពេលរង់ចាំយូរដើម្បីទទួលបានឧបករណ៍បំបាត់សំឡេង។

អ្នកដែលអាចទទួលបានឧបករណ៍បំបាត់សំឡេង មិនអាចឲ្យអ្នកប្រមាញ់ផ្សេងទៀតខ្ចីកាំភ្លើងបានទេ។

គោលបំណងនៃច្បាប់នេះគឺដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សារបស់ក្រុមចោរក្នុងសម័យហាមឃាត់គ្រឿងស្រវឹង។

“ដូចដែលប្រវត្តិនីតិកម្មនៃច្បាប់បានបង្ហាញ គោលបំណងមូលដ្ឋានរបស់វាគឺដើម្បីកាត់បន្ថយ ប្រសិនបើមិនហាមឃាត់ ប្រតិបត្តិការអាវុធ NFA” គេហទំព័រ ATF បាននិយាយ។

“សភាបានរកឃើញថាអាវុធទាំងនេះបង្កើតបញ្ហាឧក្រិដ្ឋកម្មគួរឲ្យកត់សម្គាល់ ដោយសារតែការប្រើប្រាស់ញឹកញាប់ក្នុងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មក្រុមចោរនៅសម័យនោះ ដូចជាការសម្លាប់រង្គាលនៅថ្ងៃនៃក្តីស្រឡាញ់។”

ប្រសិនបើកំណែទម្រង់ដែលលោកត្រាំហាក់កំពុងជំរុញដំណើរការទៅមុខ ឧបករណ៍បំបាត់សំឡេងអាចត្រូវបានទិញដោយគ្មានការរឹតត្បិតបន្ថែម ឬការចំណាយបន្ថែមនៃតែមពន្ធ។

អ្នកដែលចង់ទិញឧបករណ៍បំបាត់សំឡេងគ្រាន់តែត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ និងបំពេញទម្រង់ត្រួតពិនិត្យប្រវត្តិរូប។

ប្រសិនបើពួកគេឆ្លងផុតការត្រួតពិនិត្យប្រវត្តិរូប ដែលជាធម្មតាត្រូវការតែប៉ុន្មាននាទីប៉ុណ្ណោះ ពួកគេអាចដើរចេញពីហាងជាមួយនឹងឧបករណ៍បំបាត់សំឡេង។

លោក អាស់ម៉រ ជាមនុស្សម្នាក់ដែលគាំទ្រចំពោះការផ្លាស់ប្តូរនេះ។

“ខ្ញុំមិនយល់ថាបញ្ហាគឺអ្វីទេ” លោកបានអះអាង ដោយនិយាយថា “មនុស្សនៅហូលីវូដបានធ្វើឲ្យវាក្លាយជាអ្វីមួយដែលវាមិនមែន។”

“ខ្ញុំមិនគិតថានឹងមានឧក្រិដ្ឋកម្មកើនឡើងជាមួយវាទេ។”

ក្នុងពេលជាមួយគ្នានេះ ជំហានក៏កំពុងត្រូវបានធ្វើឡើងនៅក្នុងសភាដើម្បីដកបទបញ្ញត្តិចេញពីឧបករណ៍ទាំងនេះ ដោយតំណាងរាស្ត្រ បិន ក្លៃន៍ និងសមាជិកព្រឹទ្ធសភា ម៉ៃក៍ ក្រាប៉ូ បានដាក់ស្នើច្បាប់ការពារការស្តាប់ឡើងវិញនៅក្នុងសភាទាំងពីរ។

“ជនជាតិអាមេរិកដែលចូលចិត្តការប្រមាញ់ និងការបាញ់គោលដៅ គួរតែអាចធ្វើវាដោយសុវត្ថិភាព និងស្របច្បាប់ដោយមិនប្រឈមនឹងបទបញ្ញត្តិរដ្ឋាភិបាលដ៏ធ្ងន់ធ្ងរ” លោក ក្លៃន៍ បាននិយាយ។

“ច្បាប់ការពារការស្តាប់នឹងចាត់ថ្នាក់ឧបករណ៍បំបាត់សំឡេងឡើងវិញ ដែលធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ម្ចាស់កាំភ្លើងដែលគោរពច្បាប់ក្នុងការការពារការស្តាប់របស់ពួកគេ ខណៈពេលកំពុងរីករាយនឹងសកម្មភាពកម្សាន្ត” លោកបានពន្យល់។

“វាដល់ពេលហើយដើម្បីធានាថាសិទ្ធិវិសោធនកម្មទីពីររបស់យើងត្រូវបានគាំទ្រ ដោយអនុញ្ញាតឲ្យពលរដ្ឋដែលទទួលខុសត្រូវរីករាយនឹងសេរីភាពរបស់ពួកគេដោយគ្មានឧបសគ្គដែលមិនចាំបាច់។”

ប៉ុន្តែសេចក្តីព្រាងច្បាប់នេះមិនទាន់ទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យនៅឡើយទេ៕