ប្រែសម្រួល៖ រតនា

ទីក្រុងតៃប៉ិ៖ តៃវ៉ាន់បានថ្លែងថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន២៤គ្រឿងនៅជិតកោះនេះកាលពីថ្ងៃអាទិត្យ (ថ្ងៃទី១៦ ខែកុម្ភៈ) ខណៈដែលនាវាចម្បាំងកាណាដាមួយគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។
ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា នេះគឺជានាវាកងទ័ពជើងទឹកកាណាដាដំបូងគេដែលឆ្លងកាត់ផ្លូវទឹកនេះក្នុងឆ្នាំនេះ ហើយការឆ្លងកាត់នេះកើតឡើងប៉ុន្មានថ្ងៃក្រោយពីនាវាអាមេរិកពីរគ្រឿងបានធ្វើដំណើរឆ្លងកាត់តំបន់នេះ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនតែងតែឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលមានប្រវែង១៨០គីឡូម៉ែត្រ ដើម្បីបញ្ជាក់ពីស្ថានភាពជាផ្លូវទឹកអន្តរជាតិរបស់វា ដែលធ្វើឱ្យប្រទេសចិនខឹងសម្បារ។
ប៉េកាំងមិនដែលគ្រប់គ្រងតៃវ៉ាន់ទេ ប៉ុន្តែខ្លួនអះអាងថាកោះប្រជាធិបតេយ្យនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមនឹងដាក់វាក្រោមការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំង។
ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងក្នុងសេចក្តីប្រកាសមួយថា “នាវាពិឃាតថ្នាក់ Halifax HMCS Ottawa របស់កងទ័ពជើងទឹកកាណាដាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី១៦ ខែកុម្ភៈ”។
សេចក្តីប្រកាសបន្តថា “កាណាដាបានចាត់វិធានការជាក់ស្តែងម្តងទៀតដើម្បីគាំទ្រសេរីភាព សន្តិភាព និងភាពបើកចំហនៃច្រកសមុទ្រតៃវ៉ាន់ ដោយបង្ហាញពីជំហររឹងមាំរបស់ខ្លួនថាច្រកសមុទ្រនេះគឺជាដែនទឹកអន្តរជាតិ”។
ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា យន្តហោះចិនចំនួន២៤គ្រឿង រួមទាំងយន្តហោះចម្បាំង និងដ្រូន ត្រូវបានរកឃើញថាកំពុងធ្វើ “ការល្បាតត្រៀមប្រយុទ្ធរួមគ្នា” ជាមួយនាវាយោធានៅជុំវិញកោះនេះ។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា អំឡុងពេលនាវាចម្បាំងកាណាដាឆ្លងកាត់ កងទ័ពចិនបានទាក់ទងនាវានេះតាមវិទ្យុ និងព្រមានឱ្យប្តូរទិសដៅ។
នាវាពិឃាត និងនាវាអង្កេតសមុទ្រមួយគ្រឿងរបស់អាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដែលបានទទួលការរិះគន់ពីកងទ័ពចិន ដោយបានថ្លែងថាវាបាន “បញ្ជូនសញ្ញាខុស និងបង្កើនហានិភ័យសន្តិសុខ”។
ទិន្នន័យដែលបានចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់បានបង្ហាញថា យន្តហោះយោធាចិនចំនួន៦២គ្រឿងត្រូវបានរកឃើញនៅជិតកោះនេះក្នុងរយៈពេល៤៨ម៉ោង គិតត្រឹមម៉ោង៦ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធ ដែលត្រូវនឹងពេលនាវាអាមេរិកឆ្លងកាត់។
ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចុងក្រោយបង្អស់របស់វ៉ាស៊ីនតោនគឺជាលើកដំបូងចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា។
ការឆ្លងកាត់នេះកើតឡើងក្រោយពីលោកត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្គេរុ អ៊ីស៊ីបា បានថ្លែងថាពួកគេ “ប្រឆាំងនឹងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (នៅច្រកសមុទ្រតៃវ៉ាន់) ដោយកម្លាំង ឬការបង្ខិតបង្ខំ”៕
ប្រភព៖ AFP/as
