កីឡា

ការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាមូស គឺជារឿងដែលត្រូវតែកើតឡើង ក្រោយពេលវេលាមួយ នេះបើតាមការលើកឡើងរបស់ហ្គាឌីយ៉ូឡា

ប្រែសម្រួល៖ តារា
ម៉េនឆេស្ទ័រ អង់គ្លេស៖ លោក ភេប ហ្គាឌីយ៉ូឡា គ្រូបង្វឹកក្រុមម៉េនឆេស្ទ័រ ស៊ីធី បានមានប្រសាសន៍ថា ការស៊ុតបាល់បញ្ចូលទីបាន ៣គ្រាប់ (Hat-trick) របស់កីឡាករថ្មី អូម៉ា ម៉ាមូស កាលពីថ្ងៃសៅរ៍ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ក្រោយពីរដូវកាលដ៏ល្អប្រសើររបស់ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ នៅក្នុងក្របខ័ណ្ឌ Bundesliga។

ខណៈដែលការចាប់អារម្មណ៍មុនការប្រកួតផ្តោតទៅលើ Erling Haaland របស់ក្រុមស៊ីធី និង Alexander Isak របស់ញូខាសល ដែលជាខ្សែប្រយុទ្ធល្បីៗនៅក្នុងក្របខ័ណ្ឌ ម៉ាមូស បានក្លាយជាតួឯកប្រចាំថ្ងៃ ដោយស៊ុតបញ្ចូលទី ៣គ្រាប់លើកដំបូងក្នុងអាជីពរបស់គាត់ ក្នុងជ័យជម្នះ ៤-០ របស់ក្រុមស៊ីធី លើក្រុមញូខាសល យូណៃធីដ នៅក្របខ័ណ្ឌ Premier League។

“យើងដឹងហើយ” នេះជាការលើកឡើងរបស់ហ្គាឌីយ៉ូឡា អំពីខ្សែប្រយុទ្ធដែលត្រូវបានចុះកុងត្រាកាលពីខែមុន ពីក្លឹប Eintracht Frankfurt ក្នុងតម្លៃ ៥៩លានផោន (៧៤,២៥លានដុល្លារ)។

“នៅអាល្លឺម៉ង់ នៅក្លឹបហ្វ្រែងហ្វឺត គាត់ធ្វើបានល្អណាស់។ ប្រឆាំងនឹងក្រុម Orient (ជ័យជម្នះ ២-១ របស់ស៊ីធី នៅ FA Cup កាលពីថ្ងៃសៅរ៍មុន) គាត់មានឱកាសច្បាស់ៗ ៣លើក តែមិនអាចស៊ុតចូលបាន។ យើងដឹងថា មុនក្រោយ ដោយសារភាពរស់រវើកក្នុងក្រុមល្អ និងទម្រង់លេងល្អ គាត់នឹងបង្ហាញពីសមត្ថភាពរបស់គាត់។”
“សង្ឃឹមថា គាត់អាចគ្រប់គ្រងការសរសើរទាំងនេះបាន។”

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀត គឺការស៊ុតបញ្ចូលទី ៣គ្រាប់របស់កីឡាករជនជាតិអេហ្ស៊ីប រូបនេះ ក្នុងរយៈពេល ១៣នាទី នៅតង់ទីមួយ ដែលបានបង្ហាញពីសមត្ថភាពរបស់គាត់នៅអង់គ្លេស បន្ទាប់ពីស៊ុតបាន ១៥គ្រាប់រួចមកហើយ នៅក្របខណ្ឌ Bundesliga រដូវកាលនេះ ដែលឈរនៅលេខ២ ក្រោយ Harry Kane របស់ក្រុមបាយឺន មុនិច ក្នុងតារាងស៊ុតបញ្ចូលទីនៅអាល្លឺម៉ង់។

នៅពេលត្រូវបានសួរថា តើហេតុអ្វីបានជាម៉ាមូស អាចសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយក្រុមស៊ីធី ហ្គាឌីយ៉ូឡា បានឆ្លើយថា៖ “ស្តាប់ចុះ វាសាមញ្ញទេ ចម្លើយគឺ នៅពេលអ្នកលេងបានល្អ គ្រប់គ្នាសម្របខ្លួនបានលឿន។”

“នៅពេលក្រុមមិនលេងល្អ អ្នកត្រូវការពេលវេលា។ គាត់ជាកីឡាករដែលចូលចិត្តវាយសម្រុកទៅក្នុងចន្លោះទំនេរ ដើម្បីជួយបង្កើតឱកាស។ ប៉ុន្តេនៅពេលយើងលេងដូចថ្ងៃនេះ គ្រប់គ្នាកាន់តែល្អឡើង។”

ម៉ាមូស បាននិយាយថា គ្រាប់បាល់ដំបូងរបស់គាត់នៅនាទីទី១៩ ដែលជាការស៊ុតបោះលើក្បាលអ្នកចាំទី Martin Dubravka ដែលរត់ចេញមក គឺជាគ្រាប់បាល់ដែលគាត់ចូលចិត្តជាងគេ។

“ពេលមើលការថតឡើងវិញ (នៃគ្រាប់បាល់ដំបូង) ខ្ញុំកំពុងអបអរ និងមានអារម្មណ៍រីករាយខ្លាំងណាស់” នេះជាសម្តីរបស់ម៉ាមូស ដែលបានយកបាល់មាសមកក្រោមក្លៀកបន្ទាប់ពីការប្រកួតបញ្ចប់។

“សូមអរគុណព្រះជាម្ចាស់ដែលបានស៊ុតចូល ៣គ្រាប់ និងក្រុមយើងឈ្នះ។ នោះជារឿងសំខាន់បំផុត។”

អ្នកចាំទីរបស់ក្រុមស៊ីធី Ederson បានកត់ត្រាប្រវត្តិសាស្ត្រជាមួយនឹងគ្រាប់បាល់នោះ។ ការបោះបាល់វែងរបស់គាត់ទៅឱ្យម៉ាមូស បានធ្វើឱ្យគាត់ក្លាយជាអ្នកចាំទីដែលមានការជួយបង្កើតគ្រាប់បាល់ច្រើនជាងគេ – ៦ដង – នៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League។

“យើងត្រូវការការបញ្ជូនបាល់ យើងត្រូវការចលនា យើងត្រូវការអ្វីៗជាច្រើនទៀត ហើយថ្ងៃនេះយើងមានគ្រប់យ៉ាង” ហ្គាឌីយ៉ូឡា បានមានប្រសាសន៍។

មានភាពតានតឹងខ្លះនៅពេលដែល Haaland ដួលទៅដី ដោយញ៉ាំញីមុខ និងកាន់ជង្គង់របស់គាត់នៅចុងម៉ោងប្រកួត។ គាត់អាចដើរចេញពីទីលានបាន ហើយហ្គាឌីយ៉ូឡា មិនបានបង្ហាញការព្រួយបារម្ភថា វាជារបួសធ្ងន់ធ្ងរនោះទេ។

“នៅពេលគាត់ដួល គ្រប់គ្នាភ័យខ្លាច ប៉ុន្តែគាត់ក្រោកឡើង និងដើរដោយញញឹមដូចធម្មតា” ហ្គាឌីយ៉ូឡា បាននិយាយ។ “ខ្ញុំមិនទាន់បាននិយាយជាមួយគាត់ទេ។ ខ្ញុំមិនទាន់បាននិយាយជាមួយគ្រូពេទ្យទេ។ ប៉ុន្តែប្រសិនបើគ្រូពេទ្យមិនមកជាមួយដំណឹងអាក្រក់ទេ សង្ឃឹមថាគាត់នឹងមិនអីទេ។”

ក្រុមស៊ីធី មានពេលសម្រាកតិចតួចបន្ទាប់ពីជោគជ័យនៅថ្ងៃសៅរ៍ ដោយពួកគេត្រូវប៉ះជាមួយក្រុម Real Madrid នៅថ្ងៃពុធ ក្នុងជើងទី២នៃវគ្គ playoff Champions League ដែលក្រុមរបស់ហ្គាឌីយ៉ូឡា កំពុងស្ថិតក្នុងស្ថានភាពចាញ់ ៣-២ ពីជើងទី១៕
ប្រភព៖ Reuters