អន្តរជាតិ

តុលាការព្រហ្មទណ្ឌថៃមិនអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជានិងវៀតណាមទេ ទោះជាទៅប្រទេសព្រុយណេ និងម៉ាឡេស៊ីបាន

ដោយ : បន្ទាយ 

បាងកក៖ ដើម្បីចូលរួមកិច្ចប្រជុំមួយ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ តុលាការព្រហ្មទណ្ឌថៃបានបដិសេធសំណើរបស់លោកថាក់ស៊ីន ដែលក្នុងឱកាសជាមួយគ្នានោះ ចង់ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងកម្ពុជាផងដែរ ។ សារព័ត៌មានឌឺ ណេសិន ប្រទេសថៃ ( The Nation of Thailand) ផ្សាយកាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅថ្ងៃនោះ ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រុយណេ ដោយសារថា ការធ្វើជាប្រធានរបស់ម៉ាឡេស៊ី នៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំ២០២៥ នេះ ។

លោកធ្លាប់ធ្វើទស្សនកិច្ចរបស់ទៅកាន់ម៉ាឡេស៊ី កាលពីថ្ងៃទី២-៣ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim ) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ។លោកអាន់វ៉ាបានតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាក្រៅផ្លូវការខាងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងធុរកិច្ច កាលពីខែធ្នូ ឆ្នាំ២០២៤។ ហើយដំណើរទៅកាន់ប្រទេសព្រុយណេ ក៏ក្នុងនាមទីប្រឹក្សានេះផងដែរ ដើម្បីចូលរួមវេទិកាវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម។

បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសដូច្នេះ ហើយក្នុងបណ្តាប្រទេសជិតខាងអាស៊ានទៀតផង នាំឲ្យលោកថាក់ស៊ីន ក៏ចង់ធ្វើដំណើរទៅប្រទេសកម្ពុជានិងវៀតណាមផងដែរអំឡុងឱកាសចេញក្រៅប្រទេសលើកនេះ ហើយកុំឲ្យខាតជើង ។

ប៉ុន្តែតុលាការព្រហ្មទណ្ឌថៃ បានបដិសេធដោយបានលើកហេតុផលថា ដោយសារគម្រោងធ្វើដំណើរបស់លោកថាក់ស៊ីន ទៅកាន់វៀតណាមនិងកម្ពុជា មិនមែនតបតាមការអញ្ជើញផ្លូវការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរឡើយ។

សូមរំលឹកថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត បាននឹងកំពុងបន្តរងបទចោទប្រកាន់ព្រហ្មទណ្ឌ”ពីការបំពានច្បាប់ការពារព្រះជេស្តារព្រះមហាក្សត្រថៃ »(ឬហៅសាមញ្ញថា ទោសប្រមាថស្តេច គឺពាក់ព័ន្ធនឹងកិច្ចសម្ភាសមួយរបស់លោកថាក់ស៊ីនជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយ តាំងតែពីឆ្នាំ២០១៥ កន្លងមក។

គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌថៃ បានរឹបអូសលិខិតឆ្លងដែនរបស់លោក ថាក់ស៊ីន និងបានដាក់កំហិតឱ្យរូបលោក ត្រូវស្នើសុំការអនុញ្ញាតជាមុន រាល់ពេលដែលលោកត្រូវធ្វើដំណើរចេញក្រៅប្រទេស ។ ហើយពេលត្រឡប់ចូលប្រទេសវិញ ត្រូវរាយការណ៍ដល់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ចអន្តោប្រវេសន៍ យ៉ាងយូរ៣ថ្ងៃ៕