អន្តរជាតិ

DOGE បានលេចធ្លាយព័ត៌មានសម្ងាត់បំផុតអំពីទីភ្នាក់ងារស៊ើបការណ៍នៅលើគេហទំព័ររបស់ខ្លួន ដែលធ្វើឱ្យភ្នាក់ងារចារកម្មរត់វឹកវរ

ប្រែសម្រួល៖រតនា
ការប៉ុនប៉ងចុងក្រោយរបស់ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក (Department of Government Efficiency)ហៅកាត់ថា DOGE របស់លោក Elon Musk ក្នុងការបង្កើតការផ្លាស់ប្តូរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើឱ្យមានការបង្ហោះព័ត៌មានសម្ងាត់នៅលើគេហទំព័ររបស់ខ្លួន។

DOGE ដែលត្រូវបានបង្កើតឡើងដោយលោក Donald Trump និងដឹកនាំដោយលោក Musk ដើម្បីកាត់បន្ថយការខ្ជះខ្ជាយថវិការដ្ឋ បានចាប់ផ្តើមគេហទំព័រមួយកាលពីថ្ងៃពុធ ដែលអះអាងថាអនុញ្ញាតឱ្យប្រជាពលរដ្ឋ «តាមដានប្រាក់ពន្ធរបស់អ្នកតាមរយៈប្រព័ន្ធរដ្ឋបាល»។

ខណៈពេលដែលគេហទំព័រនេះអះអាងថាមិនបង្ហោះព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍អាមេរិកផ្សេងៗ ប៉ុន្តែការអះអាងនោះហាក់ដូចជាត្រូវបានបំពាន។

ការស្រាវជ្រាវដោយកាសែត Huffington Post បានបង្ហាញថា ព័ត៌មានអំពីការិយាល័យស៊ើបការណ៍ជាតិ (National Reconnaissance Office) អាចរកបានយ៉ាងងាយស្រួល។

ទីភ្នាក់ងារសហព័ន្ធនេះទទួលបន្ទុកគ្រប់គ្រងផ្កាយរណបស៊ើបការណ៍របស់អាមេរិក ចាប់ពីការរចនារហូតដល់ការថែទាំ។

មន្ត្រីទីភ្នាក់ងារស៊ើបការណ៍ការ ការពារជាតិម្នាក់បានប្រាប់ Huffington Post កាលពីថ្ងៃសុក្រថា ភ្នាក់ងារចារកម្មកំពុងស្ថិតក្នុងភាពច្របូកច្របល់ទាំងស្រុង។

«DOGE ទើបតែបានបង្ហោះព័ត៌មានសម្ងាត់ NOFORN នៅលើគេហទំព័ររបស់ពួកគេអំពីចំនួនបុគ្គលិក[សហគមន៍ស៊ើបការណ៍] ដូច្នេះបច្ចុប្បន្នមនុស្សកំពុងរត់វឹកវរដើម្បីពិនិត្យមើលថាតើព័ត៌មានរបស់ពួកគេត្រូវបានចូលមើលដែរឬទេ» នេះបើតាមការនិយាយរបស់បុគ្គលិកអនាមិកម្នាក់។

DailyMail.com បានស្នើសុំការអត្ថាធិប្បាយពីសេតវិមាន។

អ្នកនាំពាក្យរបស់ NRO គ្រាន់តែមានប្រសាសន៍ថា៖ «យើងសូមបញ្ជូនសំណួរទៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល សម្រាប់ការអត្ថាធិប្បាយលើការបង្ហោះព័ត៌មាននៅលើ DOGE.gov»។

NOFORN គឺជាពាក្យកាត់សម្រាប់ «មិនអាចផ្សព្វផ្សាយទៅជនបរទេស» ដែលមានន័យថាវាមិនអាចត្រូវបានផ្សព្វផ្សាយទៅអ្នកណាម្នាក់នៅក្រៅរដ្ឋាភិបាលសហព័ន្ធដោយគ្មានការអនុញ្ញាតឡើយ។

NRO គឺជាទីភ្នាក់ងារស៊ើបការណ៍អាមេរិកតែមួយគត់ក្នុងចំណោមទីភ្នាក់ងារទាំង១៨ ដែលហាក់ដូចជាមានព័ត៌មានរបស់ខ្លួនត្រូវបានបង្ហោះនៅលើគេហទំព័រ DOGE រហូតមកដល់ពេលនេះ។

ជំនួយការព្រឹទ្ធសភាម្នាក់បានហៅករណីនេះថាជា «បញ្ហាដ៏ធ្ងន់ធ្ងរមួយក្រោមស្តង់ដារស៊ើបការណ៍បច្ចុប្បន្ន»។

ទោះយ៉ាងណា មានការជជែកវែកញែកក្នុងវិស័យស៊ើបការណ៍ ថាតើ NRO គួរតែជាបញ្ហាកំណត់ត្រាសាធារណៈឬអត់។

ជំនួយការព្រឹទ្ធសភាម្នាក់ទៀតបានអះអាងថា ព័ត៌មាននេះត្រូវបានរក្សាទុកជាឯកជនដើម្បីជៀសវាងកុំឱ្យសត្រូវអាមេរិកដឹងពីអាទិភាពចារកម្មរបស់សហរដ្ឋអាមេរិក។
ពួកគេទាំងពីរយល់ស្របថា វាបានលើកឡើងនូវសំណួរថាតើលោក Musk និង «កងទ័ពអ្នកបច្ចេកវិទ្យា» របស់គាត់កំពុងធ្វើអ្វី។

«អ្នកសរសេរកម្មវិធីអាយុ ២៥ ឆ្នាំទាំងនេះ ខ្ញុំមិនគិតថាពួកគេមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីដឹងថាអ្វីដែលពួកគេមិនដឹងទេ» ពួកគេបាននិយាយ៕”