ប្រែសម្រួល៖ស-សម្បត្តិ
ទីក្រុងតៃប៉ិ៖ យន្តហោះបង្វឹកទំនើបដែលផលិតក្នុងស្រុករបស់កងទ័ពអាកាសតៃវ៉ាន់មួយគ្រឿង បានធ្លាក់កាលពីថ្ងៃសៅរ៍ (ថ្ងៃទី១៥ ខែកុម្ភៈ) បន្ទាប់ពីរាយការណ៍ថាម៉ាស៊ីនមានបញ្ហា ប៉ុន្តែអ្នកបើកបរបានលោតចេញដោយសុវត្ថិភាព នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធា ដែលជាការរាំងស្ទះមួយដល់កម្មវិធីនេះ។

យន្តហោះ AT-5 Brave Eagle ដែលផលិតដោយក្រុមហ៊ុនរដ្ឋ Aerospace Industrial Development Corp ជាមួយនឹងថវិកា ៦៨,៦ ពាន់លានដុល្លារតៃវ៉ាន់ (២,១ ពាន់លានដុល្លារអាមេរិក) បានធ្វើការហោះហើរសាកល្បងលើកដំបូងក្នុងឆ្នាំ២០២០។
កងទ័ពអាកាសតៃវ៉ាន់បានឱ្យដឹងថា យន្តហោះនេះបានចាប់ផ្តើមហោះហើរពីមូលដ្ឋានទ័ពអាកាសឈីហាង នៅក្នុងតំបន់តៃទុង នៅឆ្នេរខាងកើតនៃកោះ ហើយបន្ទាប់មកបានរាយការណ៍ថាម៉ាស៊ីនទាំងពីរគ្រឿងមានបញ្ហា។ អ្នកបើកបរបានប្រើឧបករណ៍លោតចុះដោយសុវត្ថិភាព ហើយត្រូវបានជួយសង្គ្រោះ។
ក្រុមអ្នកស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាស។
នេះគឺជាគ្រោះថ្នាក់លើកដំបូងចាប់តាំងពីយន្តហោះ AT-5 ចាប់ផ្តើមប្រគល់ជូនកងទ័ពអាកាសក្នុងឆ្នាំ២០២១។
កងទ័ពអាកាសតៃវ៉ាន់មានគម្រោងទទួលយកយន្តហោះចំនួន៦៦គ្រឿងត្រឹមឆ្នាំ២០២៦ ដើម្បីជំនួសយន្តហោះបង្វឹក AT-3 ដែលចាស់ និងយន្តហោះ F-5 ផលិតនៅសហរដ្ឋអាមេរិក ដែលបានជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ភាគច្រើនទទួលបានគ្រឿងបរិក្ខារពីសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋាភិបាលបានកំណត់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិទំនើបក្នុងស្រុកជាអាទិភាព ជាពិសេសនៅពេលដែលចិន ដែលអះអាងថាកោះនេះជាផ្នែកមួយរបស់ខ្លួន បានពង្រឹងកិច្ចខិតខំទំនើបកម្មយោធា និងការហ្វឹកហាត់នៅជិតតៃវ៉ាន់។
AT-5 គឺជាយន្តហោះចម្បាំងដំបូងគេដែលផលិតក្នុងស្រុករបស់តៃវ៉ាន់ បន្ទាប់ពីយន្តហោះ F-CK-1 Ching-kuo Indigenous Defence Fighter ឬ IDF ដែលបានផលិតកាលពីជាងបីទសវត្សរ៍មុន ហើយយន្តហោះទាំងពីរមានរូបរាងស្រដៀងគ្នា និងមានសមត្ថភាពស្រដៀងគ្នា។
AT-5 ត្រូវបានប្រើប្រាស់សម្រាប់ការបង្វឹកប្រយុទ្ធពីអាកាសទៅអាកាស និងពីអាកាសទៅដី ហើយអាចចុះចត និងហោះឡើងដោយប្រើផ្លូវរត់ខ្លីជាងមុន។
យន្តហោះនេះអាចបំពាក់អាវុធបាន ទោះបីជាស្ថិតក្នុងដំណាក់កាលសាកល្បងក៏ដោយ ហើយយន្តហោះនេះត្រូវបានរចនាឡើងដើម្បីមានមុខងារគាំទ្រក្នុងពេលមានសង្គ្រាម៕
ប្រភព៖ Reuters/ao
