ព័ត៌មានជាតិ

គម្រោងផ្លូវខេត្ត២៥៦១ នៅឃុំតាបែន,ស្លក្រាមស្រុកស្វាយចេកស្ថាបនាជាក្រួសល្បាយថ្ម៨គីឡូម៉ែត្រលើប្រវែង២៥ គីឡូម៉ែត្រ

ដោយ : បន្ទាយ 

បន្ទាយមានជ័យ : គម្រោងផ្លូវខេត្ត២៥៦១ហៅផ្លូវតែហាំង ដែលបំបែកពីផ្លូវជាតិលេខ៥៦ ត្រង់មុខអនុវិទ្យាល័យតាបែនភ្ជាប់ទៅផ្លូវជាតិលេខ៥៨ ត្រង់តំបន់១ ស្ថិតនៅភូមិសាស្ត្រឃុំតាបែននិងស្លក្រាមស្រុកស្វាយចេក ដែលពលរដ្ឋនិងអាជ្ញាធរទន្ទឹងរង់ចាំជាយូរមកហើយនោះ ឥឡូវនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនម៉ៅការស្ថាបនាជំហានដំបូងជាក្រួសល្បាយថ្ម៨គីឡូម៉ែត្រលើប្រវែងសរុប២៥ គីឡូម៉ែត្រ ។

បានដឹងដូច្នេះ កាលពីថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០២៥ ខណ:លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីស្នើសុំដោះស្រាយផលប៉ះពាល់របងលើការស្ថាបនាផ្លូវក្រាលល្បាយថ្ម ប្រវែង៨ គីឡូម៉ែត្រស្ថិតនៅឃុំស្លក្រាមនិងឃុំតាបែន ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។

យោងអភិបាលរងស្រុកស្វាយចេកបានឲ្យដឹងថា: កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអឹង សឹមស៊ា មកពីរាជធានីភ្នំពេញ ដែលដេញថ្លៃបានពីការស្ថាបនាផ្លូវនេះបានដាក់គ្រឿងចក្រចុះអនុវត្តគម្រោងផ្លូវ២៥៦១ ហៅផ្លូវតែ ហាំងបំបែកពីផ្លូវជាតិលេខ៥៦ ឆ្ពោះទៅផ្លូវលេខ៥៨ តាមរយ:ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលប្រើប្រាស់ថវិកាហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុនJICA (ចៃកា) ។

មន្ត្រីបន្តថា : គឺគេអនុវត្តជំហាន១ ដោយលេីកគ្រឹះក្រាលក្រួស ល្បាយថ្មប្រវែង ៨គីឡូម៉ែត្រលើ២៥គីឡូម៉ែត្រ សិន និងបន្តជាជំហាន ៗ រហូតដល់គោលដៅកំណត់ ឈានទៅក្រាលកៅស៊ូបញ្ចប់គម្រោង ។

ចំណែកលោកឃ្លោក នួយ បានឲ្យដឹងថា: ពេលនេះ មន្ត្រីអាជ្ញាធរនិងជំនាញ ក៏ដូចជាភាគីពាក់ព័ន្ធមកពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីស្នើសុំដោះស្រាយផលប៉ះពាល់របង សំណងនិងដីធ្លីទាំងឡាយជាមុន ៕