អន្តរជាតិ

ក្រុមចោរបន្លំតាមអ៊ីនធឺណិតពាក់ព័ន្ធនឹងករណីតារាសម្តែង វ៉ាង ស៊ីង ត្រូវថៃនិរទេសទៅចិនចំនួន១០នាក់

ប្រែសម្រួល៖ ស-សម្បត្តិ
បាងកក៖ ប៉ូលិសថៃបានប្រាប់ AFP នៅថ្ងៃសៅរ៍ (ថ្ងៃទី១៥ កុម្ភៈ) ថា ប្រទេសថៃបាននិរទេសជនជាតិចិន១០នាក់ដែលពាក់ព័ន្ធនឹងករណីចាប់ជំរិតតារាសម្តែងម្នាក់ដែលត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលបន្លំតាមអ៊ីនធឺណិតនៅប្រទេសមីយ៉ាន់ម៉ា។

វ៉ាង ស៊ីង ដែលត្រូវបានគេស្គាល់ថាជា ស៊ីង ស៊ីង បានហោះមកប្រទេសថៃក្រោយពីជឿថាខ្លួនទទួលបានតួសម្តែងក្នុងការផលិតភាពយន្តថៃមួយ។

គាត់ត្រូវបានគេរាយការណ៍ថាបាត់ខ្លួននៅក្បែរទីក្រុងព្រំដែនថៃមួយ មុនពេលត្រូវបានរកឃើញដោយសុវត្ថិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

មជ្ឈមណ្ឌលបន្លំបានរីកដុះដាលនៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា និងមានបុគ្គលិកជាជនបរទេសដែលជាញឹកញាប់ត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ ដោយបោកប្រាស់ប្រជាជនរួមជាតិរបស់ពួកគេក្នុងឧស្សាហកម្មមួយដែលអ្នកវិភាគនិយាយថាមានតម្លៃរាប់ពាន់លានដុល្លារ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសកាលពីថ្ងៃសុក្រ ជនសង្ស័យទាំងនេះជាផ្នែកនៃក្រុមឧក្រិដ្ឋកម្មដែលប្រតិបត្តិការនៅម្យ៉ាវ៉ាឌី ប្រទេសមីយ៉ាន់ម៉ា និងត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធក្នុងការបោកប្រាស់ប្រជាជនចិន រួមទាំងលោក វ៉ាង ផងដែរ។

មន្ត្រីប៉ូលិសម្នាក់បានប្រាប់ AFP នៅថ្ងៃសៅរ៍ថា “ក្រុមនេះត្រូវបាននិរទេសត្រឡប់ទៅ (ប្រទេសចិន) វិញកាលពីល្ងាចម្សិលមិញ”។

ពួកគេត្រូវបានដឹកជញ្ជូនចេញពីព្រលានយន្តហោះសុវណ្ណភូមិនៅទីក្រុងបាងកក ដោយមានការអមដំណើរពីប៉ូលិសអន្តោប្រវេសន៍ថៃ។

ប៉ូលិសថៃបាននិយាយកាលពីថ្ងៃសុក្រថា ជនទាំង១០នាក់ត្រូវបាននិរទេស “ដើម្បីឱ្យប៉ូលិសចិនកាត់ទោស”។

ការព្រួយបារម្ភអំពីប្រតិបត្តិការបន្លំតាមអ៊ីនធឺណិតបានកើនឡើង បន្ទាប់ពីលោក វ៉ាង ត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលបន្លំនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា។

លោក វ៉ាង បាននិយាយថា គាត់ត្រូវបានល្បួងឱ្យមកប្រទេសថៃដោយសន្យាថានឹងមានការសាកសមនាទការសម្តែង ប៉ុន្តែត្រូវបានគេរត់ពន្ធឆ្លងកាត់ព្រំដែន។

យោងតាមសេចក្តីថ្លែងការណ៍របស់លោក ថាចៃ ពិតានីឡាប៊ូត មន្ត្រីប៉ូលិសជាន់ខ្ពស់ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សកាលពីថ្ងៃសុក្រ បន្ទាប់ពីការជួយសង្គ្រោះរបស់គាត់ ក្រុមឧក្រិដ្ឋជនបានរត់គេចខ្លួនពីមីយ៉ាន់ម៉ាទៅកម្ពុជា មុនពេលត្រូវបានចាប់ខ្លួននៅប្រទេសថៃ។

គាត់បានមានប្រសាសន៍ថា ជនសង្ស័យទាំង១០នាក់ “បានចូលរួមក្នុងតួនាទីផ្សេងៗក្នុងការបន្លំ” រួមមានអ្នកគ្រប់គ្រង សន្តិសុខ និងប្រតិបត្តិករមជ្ឈមណ្ឌលទូរសព្ទដែលបោកបញ្ឆោតជនរងគ្រោះ។

ប៉ូលិសថៃបានសន្យាបង្កើនការស៊ើបអង្កេតទ្រព្យសម្បត្តិ និងសហការជាមួយទីភ្នាក់ងារប្រឆាំងការសម្អាតប្រាក់របស់ប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការបន្លំតាមមជ្ឈមណ្ឌលទូរស័ព្ទ៕
ប្រភព៖ AFP/ao