ប្រែសម្រួល៖ តារា

ភាពតានតឹងកាន់តែកើនឡើងនៅក្នុងក្លិបម៉េនឆេស្ទ័រ យូណៃធីត នាពេលបច្ចុប្បន្ន មិនថាជាការជជែកគ្នាដោយសម្ងាត់របស់កីឡាករអំពីប្រព័ន្ធលេងរបស់លោក រូបិន អាម៉ូរីម ឬការភ័យខ្លាចរបស់បុគ្គលិកចំពោះការកាត់បន្ថយបុគ្គលិកបន្ថែមទៀត ដែលធ្វើឡើងដោយក្រុមហ៊ុន Ineos របស់លោក ស៊ើរ ជីម រ៉ាត់ក្លីហ្វ។
កីឡាករកំពុងប្រឈមនឹងការរិះគន់ពីអ្នកវិភាគកីឡា អ្នកគាំទ្រតវ៉ាប្រឆាំងនឹងការឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួត ខណៈដែលបណ្តាញសង្គមបានបង្កឱ្យមានព្យុះសង្គ្រាមមួយឬពីរ ដោយសារតែការបញ្ចេញមតិយោបល់ដ៏សាមញ្ញនៅលើគណនី Instagram។
រឿងទាំងអស់នេះកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែក្រុមនៅតែបន្តជួបការលំបាកក្នុងទីលាន ដោយធ្លាក់ទៅលេខ១៣ នៅក្នុងតារាង Premier League ជាមួយនឹងគ្រាប់បាល់យកចាញ់ -៦ មុនពេលធ្វើដំណើរទៅជួបក្រុម តុតតិនហេម ហុតស្ព៊ើរ នាចុងសប្តាហ៍នេះ។
ក្រុមរបស់លោក អាម៉ូរីម នៅតែបន្តប្រកួតក្នុងពាន Europa League និងពាន FA Cup ប៉ុន្តែរដូវកាលនេះពោរពេញទៅដោយពេលវេលាដ៏លំបាកទាំងក្នុងនិងក្រៅទីលាន។
លោក ណាថាន សលត៍ អ្នកកាសែតកីឡារបស់ Mail Sport នឹងពិនិត្យមើលសមរភូមិសំខាន់ៗមួយចំនួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
- ស្កូលស៍ និង ម៉ាទីណេស
ការប្រកួតប្រជែងមួយដែលកំពុងកើតឡើងថ្មីៗនេះគឺ លីសាន់ដ្រូ ម៉ាទីណេស តបតទៅនឹងអតីតកីឡាករដ៏ល្បីល្បាញរបស់ម៉េនឆេស្ទ័រ យូណៃធីត គឺលោក ផល ស្កូលស៍។
ស្កូលស៍បាននិយាយយ៉ាងចំៗអំពីស្ថានភាពនៃខ្សែការពាររបស់ម៉េនឆេស្ទ័រ យូណៃធីត – ជាពិសេសទាក់ទងនឹងម៉ាទីណេស និងសមត្ថភាពរបស់គាត់ក្នុងការក្លាយជាផ្នែកមួយនៃក្រុមដែលអាចឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស។
“ទោះបីពេលគាត់មានសុខភាពល្អក៏ដោយ គាត់មិនល្អគ្រប់គ្រាន់ដើម្បីឈ្នះពាន Premier League ដែរ” នេះជាសម្ដីរបស់ស្កូលស៍នៅលើកម្មវិធី The Overlap របស់ Sky Sports។
ជាការឆ្លើយតប ម៉ាទីណេសបានសរសេរនៅលើបណ្តាញសង្គមថា៖ “មនុស្សម្នាក់នេះពិតជាឈឺចាប់មែន…. បើអ្នកយកគាត់ទៅប្រទេសអាហ្សង់ទីន គាត់នឹងមិនអាចរស់រានបានទេ។”
ស្កូលស៍ធ្លាប់បានសរសើរម៉ាទីណេសច្រើនដងពីមុនមក ប៉ុន្តែឥឡូវកំពុងចាប់ផ្តើមផ្លាស់ប្តូរទស្សនៈរបស់គាត់ ដែលធ្វើឱ្យកីឡាករអាហ្សង់ទីនរូបនេះមិនពេញចិត្ត។
ម៉ាទីណេសបច្ចុប្បន្នត្រូវឈប់សម្រាកសម្រាប់រដូវកាលនេះ និងត្រូវវះកាត់ជង្គង់របស់គាត់ ដូចដែលបានបង្ហាញនៅក្នុងស្តង់របស់យើង Man United Confidential ប៉ុន្តែគាត់បដិសេធមិនព្រមស្តាប់ការរិះគន់ពីតួអង្គល្បីៗរបស់ក្លិប។
ស្កូលស៍ជឿជាក់ថា វិធីតែមួយគត់ដើម្បីចេញពីភាពស្រពេចស្រពិលរបស់យូណៃធីតគឺត្រូវចំណាយប្រាក់បន្ថែមទៀត – ទោះបីជាពួកគេបានចំណាយអស់ ៦០០លានផោនក្រោមការដឹកនាំរបស់លោក រូបិន អាម៉ូរីម ដែលជាអ្នកបន្តពីលោក អេរិក ធិន ហាក់។
“ខ្ញុំគិតថាយើងត្រូវការអ្នកចាំទីថ្មីម្នាក់ ប្រហែលជាខ្សែការពារកណ្តាលពីរនាក់ ខ្សែបម្រើកណ្តាលពីរនាក់ និងខ្សែប្រយុទ្ធកណ្តាលពីរនាក់” នេះជាសម្ដីរបស់ស្កូលស៍។
- សាន់ចូ និងក្លិប
បញ្ហានេះបានឈានដល់ចំណុចកំពូលនៅសប្តាហ៍នេះ និងបានធ្វើឱ្យអ្នកគាំទ្រជាច្រើនខឹងសម្បា បន្ទាប់ពីគាត់បានធ្វើការអធិប្បាយអំពី “សេរីភាព” បន្ទាប់ពីការចូលលេងលើកដំបូងរបស់ ម៉ាកឃឺស រ៉ាស្ហ្វើដ ជាមួយក្រុម អាស្តុន វីឡា។
សាន់ចូផ្ទាល់បច្ចុប្បន្នជាកម្មសិទ្ធិរបស់ម៉ាន់ឆេស្ទ័រ យូណៃធីត និងត្រូវបានខ្ចីខ្លួនទៅក្រុម ឆែលស៊ី។ យូណៃធីតនៅតែបង់ប្រាក់ខែប្រហែល ៥០,០០០ផោនក្នុងមួយសប្តាហ៍ ហើយការអធិប្បាយដែលគ្មានការគិតគូររបស់គាត់បានបង្កឱ្យមានការខឹងសម្បាយ៉ាងខ្លាំង។
អ្នកគាំទ្រយូណៃធីតបានឆ្លើយតបភ្លាមៗទៅនឹងការលើកឡើងដែលថា កីឡាករទាំងពីររូបនេះហាក់បីដូចជាត្រូវបានជាប់ឃុំឃាំងនៅ អូលដ្រាហ្វើដ ហើយប្រភពដែលនៅជិតរ៉ាស្ហ្វើដបានបង្ហាញថា គាត់មិនពេញចិត្តនឹងការដែលត្រូវបានទាញចូលទៅក្នុងជម្លោះរវាងអតីតមិត្តរួមក្រុមយូណៃធីត និងក្រុមជម្រើសជាតិអង់គ្លេសនេះទេ។
ទំនាក់ទំនងរវាងសាន់ចូ និងយូណៃធីតហាក់បីដូចជាត្រូវបានបញ្ចប់តាំងពីយូរមកហើយ ហើយការធ្វើសកម្មភាពចុងក្រោយនេះកាន់តែបង្ហាញច្បាស់នូវការកាត់ផ្តាច់រវាងកីឡាករ អ្នកគាំទ្រ និងក្លិប។
ឆែលស៊ីនឹងទិញដាច់សាន់ចូនៅរដូវក្តៅខាងមុខនេះ ដែលនឹងបញ្ចប់ពេលវេលាដ៏កំសត់របស់កីឡាករអង់គ្លេសរូបនេះនៅ អូលដ្រាហ្វើដ ដែលគាត់បានប្រឆាំងជាសាធារណៈជាមួយអតីតគ្រូបង្វឹក អេរិក ធិន ហាក់ និងត្រូវបានបង្ខំឱ្យហូបបាយ និងហ្វឹកហាត់តែម្នាក់ឯង នៅពេលដែលទំនាក់ទំនងកាន់តែយ៉ាប់។
- អាម៉ូរីម និងរ៉ាស្ហ្វើដ
បញ្ហានេះអាចនឹងក្លាយជារឿងអាក្រក់ប្រសិនបើយូណៃធីតមិនអាចរកដំណោះស្រាយក្នុងទីផ្សារខែមករាទេនោះ។
អាម៉ូរីមមិនបានឱ្យរ៉ាស្ហ្វើដលេងរយៈពេល១៣ប្រកួតចុងក្រោយមុនពេលគាត់ត្រូវបានខ្ចីខ្លួនទៅក្រុម អាស្តុន វីឡា។
គាត់ថែមទាំងបាននិយាយថា គាត់ចូលចិត្តជ្រើសរើសគ្រូបង្វឹកទី ហ្សកហ្សេ វីតាល់ អាយុ៦៣ឆ្នាំ ជាជាងកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ដោយសារតែការព្រួយបារម្ភអំពីឥរិយាបថក្នុងការហ្វឹកហាត់របស់គាត់។
“ខ្ញុំមិនអាចធ្វើឱ្យម៉ាកឃឺសយល់ពីរបៀបដែលអ្នកគួរតែលេងបាល់ទាត់ និងហ្វឹកហាត់តាមរបៀបដែលខ្ញុំយល់ឃើញទេ” នេះជាការវិនិច្ឆ័យដ៏ធ្ងន់ធ្ងររបស់អាម៉ូរីម បន្ទាប់ពីការខ្ចីខ្លួនត្រូវបានបញ្ចប់។
វាមានសារៈសំខាន់ណាស់ដែលត្រូវរកផ្ទះថ្មីមួយសម្រាប់រ៉ាស្ហ្វើដក្នុងអំឡុងពេលទីផ្សារខែមករា ដើម្បីការពារកុំឱ្យមានម្លប់ងងឹតលើកីឡាករ និងគ្រូបង្វឹកសម្រាប់រយៈពេលដែលនៅសល់នៃយុទ្ធនាការនេះ។
អាម៉ូរីមបានបដិសេធគំនិតដែលថា វានឹងក្លាយជាការ “អាម៉ាស់” ឬ “គួរឱ្យខ្មាសអៀន” សម្រាប់គាត់ ប្រសិនបើរ៉ាស្ហ្វើដស៊ុតបញ្ចូលទីច្រើននៅ វីឡា ផាក។
ហើយតាមការពិត ភាគីទាំងពីរត្រូវការពេលវេលាឃ្លាតឆ្ងាយពីគ្នា ព្រោះរ៉ាស្ហ្វើដត្រូវបានទុកចោល និងមិនមានតួនាទីអ្វីក្រោមការដឹកនាំរបស់អាម៉ូរីម។
- រ៉ាត់គ្លីហ្វ និងអ្នកគាំទ្រ
អ្នកគាំទ្រមិនខ្លាចក្នុងការបង្ហាញការមិនពេញចិត្តរបស់ពួកគេចំពោះលោក ស៊ែរ ជីម រ៉ាត់គ្លីហ្វ និងក្រុមម្ចាស់ភាគហ៊ុន Ineos របស់គាត់ទេ។
នៅឯការប្រកួតក្រៅទឹកដីជាមួយ ហ្វូលហាម ដែលគាត់បានចូលរួមទស្សនា មានការច្រៀងជេរប្រមាថពីអ្នកគាំទ្រក្រុមភ្ញៀវសំដៅទៅលើគាត់ ហើយគាត់ក៏ត្រូវបានក្រុមអ្នកគាំទ្រដែលខឹងសម្បាប្រឈមមុខនៅមាត់ទ្វាររថយន្តរបស់គាត់ក្រោយការប្រកួតផងដែរ។
រ៉ាត់គ្លីហ្វបានទទួលការគ្រប់គ្រងប្រចាំថ្ងៃនៅយូណៃធីតពីគ្រួសារ ក្លេហ្សឺរ បន្ទាប់ពីគាត់ទិញភាគហ៊ុន ២៨.៩៤ភាគរយនៅក្នុងក្លិប។
ចាប់តាំងពីពេលនោះមក គាត់បានធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជាច្រើនដែលធ្វើឱ្យមូលដ្ឋានអ្នកគាំទ្រមិនពេញចិត្ត ជាពិសេសនៅពេលដែលយូណៃធីតប្រកាសដាក់សំបុត្រថ្លៃ ៦៦ផោនសម្រាប់សមាជិកនៅពាក់កណ្តាលរដូវកាល ដោយគ្មានការបញ្ចុះតម្លៃសម្រាប់កុមារ ឬមនុស្សចាស់ និងគ្មានការពិគ្រោះយោបល់ជាមុន។
“ដូចគ្នានឹងក្រុមគ្រួសារ ក្លេហ្សឺរ ដែរ ជីម រ៉ាត់គ្លីហ្វក៏ជាមនុស្សកំណាច” នេះជាការច្រៀងនៅឯ ហ្វូលហាម។
នៅក្នុងវីដេអូដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមអំពីការប្រឈមមុខរបស់អ្នកគាំទ្រជាមួយរ៉ាត់គ្លីហ្វដោយផ្ទាល់ គេអាចឮថា “យើងជាជនជាតិភាគខាងជើង មកនេះបងប្អូន — ដោះស្រាយវាឱ្យហើយ” នេះជាសម្ដីរបស់អ្នកគាំទ្រម្នាក់៕
