ដោយ : បន្ទាយ
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
បន្ទាយមានជ័យ : រាជរដ្ឋាភិបាល តាមរយ:លិខិតលេខ២០៧៨ សជណ.កឆ ចុះថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ របស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះហត្ថលេខាដោយលោកប៊ិន ប៊ុនឆាយ រដ្ឋលេខាធិការ ជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី យល់ព្រមឲ្យកាត់ឆ្វៀលផ្ទៃដីទំហំ១.៣៧៥ហិកតា៥ ពីគម្របព្រៃឈើឆ្នាំ២០០២ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រនិងដីពលរដ្ឋអាស្រ័យផលយូរឆ្នាំស្ថិតនៅភូមិតេជោភ្នំឆត្រឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។
នេះបើយោងតាម : លិខិតលេខ១៣៥៩១ កសក ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ ។
លិខិតសជណ ដែលសារព័ត៌មានទទួលបានច្បាប់ថតចម្លង កាលពីថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២៥ បានបញ្ជាក់ថា : ទីស្តីការគណ:រដ្ឋមន្ត្រី សូមជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោកអភិបាលខេត្តបន្ទាយមានជ័យ មេត្តាជ្រាបថា :រាជរដ្ឋាភិបាលឯកភាពដូចខាងក្រោម :
១-អនុញ្ញាតឲ្យកាត់ឆ្វៀលដីដែលប្រើប្រាស់ជាក់ស្តែងរបស់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ដែលស្ថិតក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោក ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ។២-ចំពោះដីដែលកាន់កាប់ដោយពលរដ្ឋនៅក្រៅមណ្ឌលនេះត្រូវអនុវត្តតាមយន្តការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពដោយមានសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធានដើម្បីដោះស្រាយនិងផ្ទៀងផ្ទាត់ផ្តល់ដីដល់អ្នកដែលត្រូវការដីពិតប្រាកដ ។
គួររំលឹកដែរថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានផ្ញើលិខិតលេខ២២៥៥/២៣ សស ចុះថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ ផងដែរ គោរពជូនសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកម្មវត្ថុ សំណើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រនិងដីពលរដ្ឋអាស្រ័យផលយូរឆ្នាំស្ថិតនៅភូមិតេជោភ្នំឆត្រឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ នេះដែរ ។
ពីភូមិតេជោភ្នំឆត្រមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រឃុំស្វាយចេកស្រុកស្វាយចេក យោធិនពិការ មន្ត្រីចូលនិវត្តន៍ ក្រុមគ្រួសារនិងពលរដ្ឋបានគោរពថ្លែងអំណរគុណនិងគោរពជូនពរសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ហើយប្ដេជ្ញាថានឹងប្រើប្រាស់ដីនេះឲ្យចំគោលដៅ៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)