ដោយ៖សិរីមតី
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
ភ្នំពេញ៖ ក្រសួងសុខាភិបាលចង់ឃើញការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យឯកជន ប្រកបដោយវិជ្ជាជីវៈ ដែលមានទាំងគុណភាពខ្ពស់ និងសុវត្ថិភាព ជាមួយតម្លៃសមរម្យ និងអាចទទួលបានការជឿទុកចិត្តពីអ្នកជំងឺមកកាន់មន្ទីរពេទ្យ។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីរពេទ្យអ៊ីនធឺឃែរ របស់កម្ពុជា និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់ របស់ថៃ ដើម្បីពង្រឹងបន្ថែមលើសេវាសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានណែនាំឱ្យមន្ទីពេទ្យឯកជនទាំងអស់ បន្តអនុវត្តនូវអ្វីដែលបានអនុវត្តបានល្អកន្លងមក ជាពិសេសក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លួនទៅកាន់អ្នកជំងឺឱ្យបានកាន់តែល្អបន្ថែមទៀត និងបន្តអភិវឌ្ឍនូវជំនាញវេជ្ជសាស្ត្ររបស់ខ្លួនឱ្យបានកាន់តែខ្ពស់បន្ថែមទៀត និងបានស្នើឱ្យបុគ្គលិក គ្រូពេទ្យ គិលានុបដ្ឋាយិកា នៅតាមជំនាញទាំងអស់ មេត្តាចុះឈ្មោះ និងបំពេញកាតព្វកិច្ចក្នុងគណៈវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នាផងដែរ។
លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិក និងអគ្គនាយិកាប្រតិបត្តិនៃ មន្ទីរពេទ្យ អ៉ីនធ័រឃែរ បានមានប្រសាសន៍ថា ការចាប់ដៃគូសហការជាមួយនឹងមន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ នឹងនាំមកនូវធនធានផ្នែកសុខាភិបាលបន្ថែមមកកាន់មន្ទីរពេទ្យ អ៊ីនធ័រឃែរ នៅពេលដែលមានអ្នកឯកទេសកាន់តែច្រើន មន្ទីរពេទ្យរឹតតែអាចផ្ដល់ជូននូវសេវាសុខភាពទៅអ្នកជំងឺបានកាន់តែទូលំទូលាយ ជាមួយនឹងស្តង់ដារវិជ្ជសាស្រ្តខ្ពស់បំផុតមួយ ខណៈដែលយើងនៅតែរក្សាបាននៅភាពងាយស្រួល និងការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ សម្រាប់សហគមន៍ និងប្រទេសរបស់យើងផងដែរ។
លោកស្រីបណ្ឌិត Artirat Charukitpipat អគ្គនាយិកា នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ បានបញ្ជាក់ថា កិច្ចសហការនេះ បានបង្ហាញអំពីចក្ខុវិស័យរបស់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ក្នុងការផ្ដល់ជូននូវសេវាសុខភាពលំដាប់ពិភពលោក ទៅកាន់សហគមន៍នានាជាសកល។ តាមរយៈការចាប់ដៃគូនេះដែរ យើងបានពង្រឹងការព្យាបាលទៅកាន់អ្នកជំងឺនៅប្រទេសកម្ពុជា ដើម្បីទទួលបាននូវសេវាសុខភាពពីវេជ្ជបណ្ឌិតឯកទេស រួមជាមួយនឹងថែទាំដែលផ្ដោតខ្ពស់ទៅលើអ្នកជំងឺ ដើម្បីធានាថា សុខភាព និងសុខមាលភាពរបស់ពួកគាត់ត្រូវបានយកចិត្តទុកពីពួកយើងគ្រប់ជំហាន។
កិច្ចសហការនេះទៀតសោត នឹងអនុញ្ញាតឲ្យអ្នកជំងឺនៅកម្ពុជា ជួប និងពិគ្រោះដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតឯកទេសលំដាប់ថ្នាក់ពិភពលោកមកពីមន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ ដែលនឹងជួយកាត់បន្ថយចំណាយលើការធ្វើដំណើរ ហើយមានទាំងគ្រឿងបរិក្ខារទំនើប និងការថែទាំដ៏យកចិត្តទុកដាក់ពីមន្ទីរពេទ្យ អ៉ីនធ័រឃែរ ដែលបង្ហាញអំពីការបោះជំហានដ៏ធំមួយ ក្នុងការលើកស្ទួយ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)