អន្តរជាតិ

លោក Trump និយាយថា «នឹងមានការវាយប្រហារយ៉ាងខ្លាំង» ប្រសិនបើក្រុម Hamas មិនដោះលែងចំណាប់ខ្មាំងត្រឹមថ្ងៃសៅរ៍ម៉ោង១២ថ្ងៃត្រង់

ប្រែសម្រួល៖រតនា

ប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទបានជំរុញឱ្យអ៊ីស្រាអែលលុបចោលកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុម Hamas និង «បណ្តោយឱ្យមានការវាយប្រហារយ៉ាងខ្លាំង» ប្រសិនបើក្រុម Hamas មិនប្រគល់ចំណាប់ខ្មាំងដែលនៅសល់នៅក្នុងហ្គាហ្សាត្រឹមថ្ងៃសៅរ៍ម៉ោង១២ថ្ងៃត្រង់។

កាលពីព្រឹកថ្ងៃចន្ទ ក្រុម Hamas បានគំរាមពន្យារពេលការដោះលែងចំណាប់ខ្មាំងលើកក្រោយដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ «រហូតដល់មានការជូនដំណឹងបន្ថែម» ដោយចោទប្រកាន់អ៊ីស្រាអែលថាបានបំពានកិច្ចព្រមព្រៀងឈប់បាញ់។

លោកប្រធានាធិបតីបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើបន្ទាប់ពីចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិថា៖ «ចំពោះខ្ញុំ ប្រសិនបើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានប្រគល់ត្រឹមថ្ងៃសៅរ៍ម៉ោង១២ – ខ្ញុំគិតថានេះជាពេលវេលាសមរម្យ – ខ្ញុំនឹងនិយាយថា លុបចោលវា ហើយឈប់និយាយរឿងការព្រមព្រៀង និងបណ្តោយឱ្យមានការវាយប្រហារខ្លាំង»។

«ខ្ញុំនិយាយថា ពួកគេគួរតែត្រូវបានប្រគល់មកវិញត្រឹមម៉ោង១២ថ្ងៃសៅរ៍ ហើយបើមិនអ៊ីចឹងទេ – ទាំងអស់គ្នា មិនមែនបន្តិចម្តងៗ មិនមែនពីរនាក់ មួយនាក់ បីនាក់ បួននាក់ និងពីរនាក់ទេ។ ថ្ងៃសៅរ៍ម៉ោង១២ ហើយបន្ទាប់ពីនោះ ខ្ញុំនឹងនិយាយថា នឹងមានការវាយប្រហារយ៉ាងខ្លាំង»។

នៅពេលត្រូវបានសួរអំពីអ្វីដែលអាចកើតឡើងនៅក្នុងហ្គាហ្សា លោក Trump បាននិយាយថា «អ្នកនឹងដឹង ហើយពួកគេនឹងដឹង — ក្រុម Hamas នឹងដឹងថាខ្ញុំចង់និយាយអ្វី»។

លោកបានបន្ថែមថា៖ «ខ្ញុំនិយាយសម្រាប់ខ្លួនខ្ញុំ។ អ៊ីស្រាអែលអាចបដិសេធបាន ប៉ុន្តែពីខ្លួនខ្ញុំផ្ទាល់ ថ្ងៃសៅរ៍ម៉ោង១២ ហើយប្រសិនបើពួកគេមិននៅទីនេះទេ នឹងមានការវាយប្រហារយ៉ាងខ្លាំង»។

លោក Trump បានសម្តែងការសង្ស័យថាចំណាប់ខ្មាំងជាច្រើននៅមានជីវិតដើម្បីដោះលែង ដោយប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថាចំណាប់ខ្មាំងជាច្រើនបានស្លាប់ហើយ»។

អ្នកតំណាងពិសេសមជ្ឈិមបូព៌ារបស់លោក Trump គឺលោក Steve Witkoff បានចូលរួមក្នុងការចរចាកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុម Hamas ដែលត្រូវបានធានានៅថ្ងៃចុងក្រោយនៃរដ្ឋបាលប្រធានាធិបតី Joe Biden។ ប៉ុន្តែចាប់តាំងពីចូលកាន់តំណែង លោក Trump បានបង្ហាញថាលោកមិនប្រាកដថាកិច្ចព្រមព្រៀងឈប់បាញ់នឹងនៅគង់វង្សទេ។ ផែនការរបស់លោកក្នុងការផ្លាស់ប្តូរទីលំនៅជនជាតិប៉ាឡេស្ទីនពីហ្គាហ្សាជាអចិន្ត្រៃយ៍ និងសម្រាប់សហរដ្ឋអាមេរិកក្នុងការ «គ្រប់គ្រង» តំបន់នេះបានបង្កើនភាពមិនច្បាស់លាស់កាន់តែច្រើនទៅក្នុងដំណើរការនេះ។

លោកបាននិយាយយ៉ាងច្បាស់ក្នុងបទសម្ភាសន៍នៅចុងសប្តាហ៍នេះថា ជនជាតិប៉ាឡេស្ទីននឹងមិនមានសិទ្ធិត្រឡប់ទៅហ្គាហ្សាវិញទេ ក្រោមផែនការរបស់លោកក្នុងការយកកម្មសិទ្ធិលើតំបន់នេះដោយសហរដ្ឋអាមេរិក និងកសាងឡើងវិញ។

លោក Trump បាននិយាយក្នុងបទសម្ភាសន៍លើទូរទស្សន៍ Fox News នៅពេលត្រូវបានសួរថាតើជនជាតិប៉ាឡេស្ទីននឹងមានសិទ្ធិត្រឡប់មកវិញដែរឬទេថា៖ «ទេ ពួកគេនឹងមិនមានទេ។ ព្រោះពួកគេនឹងមានលំនៅដ្ឋានប្រសើរជាងមុន។ ប្រសើរជាងមុនច្រើន — មានន័យថា ខ្ញុំកំពុងនិយាយអំពីការកសាងកន្លែងអចិន្ត្រៃយ៍សម្រាប់ពួកគេ»។

ការអះអាងរបស់លោក Trump ថាជនជាតិប៉ាឡេស្ទីននឹងមិនមានសិទ្ធិត្រឡប់ទៅហ្គាហ្សាវិញ ប្រាកដជានឹងបង្កើនការប្រឆាំងពីអន្តរជាតិចំពោះសំណើនេះ ដែលបានធ្វើឱ្យមានការថ្កោលទោសនៅពេលលោកប្រកាសវាជាលើកដំបូងកាលពីសប្តាហ៍មុននៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។

ក៏នៅថ្ងៃចន្ទដែរ  មួយថ្ងៃមុនជួបជាមួយព្រះមហាក្សត្រ Abdullah នៃប្រទេសហ្ស៊កដានីនៅសេតវិមាន — លោក Trump បានបង្ហាញថាលោកអាចកាត់ផ្តាច់ជំនួយពីប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ប្រសិនបើពួកគេមិនទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនថ្មី។

លោកបានឆ្លើយនៅក្នុងការិយាល័យរាងពងក្រពើនៅពេលត្រូវបានសួរថាតើលោកនឹងកាន់ទុកជំនួយរបស់អាមេរិកដែរឬទេថា៖ «បាទ ប្រហែលជា មិនអីទេ ហេតុអ្វីមិនធ្វើ? ប្រសិនបើពួកគេមិនធ្វើ ខ្ញុំអាចនឹងកាត់ផ្តាច់ជំនួយ បាទ»។

ព្រះមហាក្សត្រ Abdullah រួមជាមួយសហភាតារបស់ព្រះអង្គនៅប្រទេសអេហ្ស៊ីប និងប្រទេសអារ៉ាប់ផ្សេងទៀត បានបដិសេធផែនការរបស់លោក Trump យ៉ាងច្បាស់។

លោក Trump បាននិយាយរួចមកហើយអំពីការធ្វើ «កិច្ចព្រមព្រៀង» ជាមួយប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ដើម្បីទទួលយកជនជាតិប៉ាឡេស្ទីនបន្ថែមទៀត ដោយយោងដល់ប្រាក់ដែលអាមេរិកផ្តល់ឱ្យប្រទេសទាំងពីរ។

លោកបានប្រាប់ Fox ក្នុងបទសម្ភាសន៍ដែលត្រូវបានថតកាលពីថ្ងៃសៅរ៍ និងផ្សាយនៅថ្ងៃចន្ទថា៖ «ខ្ញុំកំពុងនិយាយអំពីការចាប់ផ្តើមកសាង ហើយខ្ញុំគិតថាខ្ញុំអាចធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសហ្ស៊កដានី។ ខ្ញុំគិតថាខ្ញុំអាចធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសអេហ្ស៊ីប។ យើងផ្តល់ឱ្យពួកគេរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ»។

បន្ទាប់ពីលោកបានលើកឡើងពីគំនិតរបស់លោកសម្រាប់ហ្គាហ្សាកាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់លោក Trump បានព្យាយាម បន្ធូរបន្ថយ ឬបំភ្លឺទិដ្ឋភាពមួយចំនួននៃផែនការនេះ។ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបាននិយាយថា លោក Trump កំពុងស្នើឱ្យមានការផ្លាស់ប្តូរទីលំនៅជនជាតិប៉ាឡេស្ទីនជាបណ្តោះអាសន្នប៉ុណ្ណោះ ខណៈពេលដែលហ្គាហ្សាកំពុងត្រូវបានកសាងឡើងវិញ។

រដ្ឋមន្ត្រីការបរទេស Marco Rubio ដែលកំពុងធ្វើដំណើរនៅអាមេរិកឡាទីននៅពេលលោក Trump បង្ហាញគំនិតរបស់លោក បានបង្ហាញថាការតាំងទីលំនៅឡើងវិញពីហ្គាហ្សានឹងមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។

លោក Rubio បាននិយាយកាលពីសប្តាហ៍មុនថា៖ «អ្វីដែលគាត់បានផ្តល់ជូនដោយសប្បុរសនោះគឺជាលទ្ធភាពរបស់សហរដ្ឋអាមេរិកក្នុងការចូលទៅជួយដកកម្ទេចចេញ ជួយដកគ្រាប់បែកចេញ ជួយកសាងឡើងវិញ — ការកសាងផ្ទះ និងអាជីវកម្មឡើងវិញ និងរឿងផ្សេងៗក្នុងលក្ខណៈនេះ ដូច្នេះបន្ទាប់មកមនុស្សអាចផ្លាស់ទីត្រឡប់មកវិញបាន»។

ប៉ុន្តែលោក Trump ផ្ទាល់ នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ មិនបានថយក្រោយឡើយ។ លោកបានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា លោកមើលឃើញតំបន់ដែលរងគ្រោះដោយសង្គ្រាមនេះថាជា «តំបន់អចលនទ្រព្យដ៏ធំមួយ»។

លោកបានប្រាប់អ្នកកាសែតនៅពេលលោកធ្វើដំណើរទៅកាន់ការប្រកួត Super Bowl ថា៖ «ខ្ញុំគិតថាវាជាកំហុសដ៏ធំមួយដែលអនុញ្ញាតឱ្យមនុស្ស — ជនជាតិប៉ាឡេស្ទីន ឬប្រជាជនដែលរស់នៅក្នុងហ្គាហ្សា — ត្រឡប់ទៅវិញម្តងទៀត ហើយយើងមិនចង់ឱ្យក្រុម Hamas ត្រឡប់មកវិញទេ។ ហើយគិតពីវាថាជាតំបន់អចលនទ្រព្យដ៏ធំមួយ ហើយសហរដ្ឋអាមេរិកនឹងជាម្ចាស់វា ហើយយើងនឹងបន្តិចម្តងៗ — យឺតៗណាស់ យើងមិនប្រញាប់ទេ — អភិវឌ្ឍវា។ យើងនឹងនាំមកនូវស្ថិរភាពដល់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ»។

លោកបានបន្ថែមក្នុងអំឡុងបទសម្ភាសន៍របស់លោកលើ Fox — ដែលត្រូវបានថតកាលពីថ្ងៃសៅរ៍ ប៉ុន្តែផ្សាយនៅព្រឹកថ្ងៃចន្ទ — ថាវានឹងត្រូវការពេលច្រើនឆ្នាំមុនពេលនរណាម្នាក់អាចគិតពីការរស់នៅក្នុងហ្គាហ្សា ដោយសារតែការបំផ្លិចបំផ្លាញនៃសង្គ្រាម។

លោក Trump បានប្រាប់ Fox ថាផែនការរបស់លោកគឺ «ជាម្ចាស់» ហ្គាហ្សា។

លោកបាននិយាយថា៖ «យើងនឹងកសាងសហគមន៍ដែលមានសុវត្ថិភាពនៅឆ្ងាយបន្តិចពីកន្លែងដែលពួកគេនៅ កន្លែងដែលមានគ្រោះថ្នាក់ទាំងអស់នេះ ហើយក្នុងពេលជាមួយគ្នានោះ ខ្ញុំនឹងជាម្ចាស់នេះ។ គិតពីវាដូចជាការអភិវឌ្ឍអចលនទ្រព្យសម្រាប់អនាគត។ វានឹងក្លាយជាដីដ៏ស្រស់ស្អាតមួយ»។

នៅពេលលោក Trump បានបង្ហាញផែនការរបស់លោកកាលពីសប្តាហ៍មុន វាបានធ្វើឱ្យមន្ត្រីជាន់ខ្ពស់ជាច្រើននៃរដ្ឋបាលមានការភ្ញាក់ផ្អើល។ ខណៈពេលដែលប្រធានាធិបតីបានពិភាក្សាអំពីគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងហ្គាហ្សា និងកសាងឡើងវិញអស់រយៈពេលប៉ុន្មានថ្ងៃ លោកមិនបានបង្ហាញពីបំណងរបស់លោកក្នុងការធ្វើឱ្យផែនការនេះជាសាធារណៈទេ។

បន្ទាប់មក មន្ត្រីមួយចំនួនរបស់លោកបានបង្ហាញថាប្រធានាធិបតីកំពុងសង្ឃឹមថានឹងជំរុញឱ្យមានសកម្មភាពដោយប្រទេសក្នុងតំបន់ ដែលតាមទស្សនៈរបស់លោក មិនបានផ្តល់គំនិតផ្ទាល់ខ្លួនរបស់ពួកគេអំពីអ្វីដែលត្រូវធ្វើជាមួយហ្គាហ្សា។

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump គឺលោក Mike Waltz បាននិយាយក្នុងអំឡុងពេលបង្ហាញខ្លួននៅលើកម្មវិធី «Meet the Press» របស់ NBC ថា៖ «មកតុចរចាជាមួយផែនការរបស់អ្នក ប្រសិនបើអ្នកមិនចូលចិត្តផែនការរបស់គាត់» ដោយបង្ហាញថាសេតវិមានបានទទួល «ការទាក់ទងគ្រប់បែបយ៉ាង» ចាប់តាំងពីសេចក្តីថ្លែងការណ៍របស់លោក Trump កាលពីដើមសប្តាហ៍នេះ៕