ប្រែសម្រួល៖ស-សម្បត្តិ
![](https://cambodiaflashnews.com/wp-content/uploads/2024/11/720x90.jpg)
ក្នុងការដេញថ្លៃដ៏សំខាន់មួយដែលអាចកែប្រែអនាគតនៃបញ្ញាសិប្បនិម្មិត លោក Elon Musk កំពុងដឹកនាំក្រុមវិនិយោគិនដែលបានស្នើទិញក្រុមហ៊ុន OpenAI ជាក្រុមហ៊ុនមេរបស់ ChatGPT ក្នុងតម្លៃ ៩៧,៤ ពាន់លានដុល្លារ។
លោក Musk បានមានជម្លោះជាយូរមកហើយជាមួយលោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ហើយបានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ជាច្រើនប្រឆាំងនឹងក្រុមហ៊ុននេះ និងលោក Altman ដោយចោទប្រកាន់ថាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតនេះ និងថ្នាក់ដឹកនាំរបស់ខ្លួនបានបង្ហាញខុសពីការពិតអំពី OpenAI ថាជាស្ថាប័នសប្បុរសធម៌។ លោក Musk អះអាងថា OpenAI បានបំពានលើគោលការណ៍ស្ថាបនារបស់ខ្លួន ដោយស្វែងរកប្រាក់ចំណេញពីឧបករណ៍បញ្ញាសិប្បនិម្មិតរបស់ខ្លួន។
OpenAI ត្រូវបានដំណើរការដោយអង្គការមិនរកប្រាក់ចំណេញមួយដែលគ្រប់គ្រងស្ថាប័នមួយឈ្មោះ OpenAI LP ជាក្រុមហ៊ុនរកប្រាក់ចំណេញដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធក្រុមហ៊ុនធំជាងនេះ។ ក្រុមហ៊ុនរកប្រាក់ចំណេញនោះបានធ្វើឱ្យ OpenAI ឡើងពីស្ថានភាពគ្មានតម្លៃ ទៅជាមានតម្លៃប្រមាណ ១០០ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ហើយលោក Altman ត្រូវបានគេចាត់ទុកថាជាមេគំនិតនៃផែនការនេះ និងជាគន្លឹះនៃជោគជ័យរបស់ក្រុមហ៊ុន។
ការវិនិយោគដ៏ច្រើនពីលោក Musk ដែលត្រូវបានរាយការណ៍ដំបូងដោយកាសែត Wall Street Journal អាចផ្តល់ឱ្យលោក Musk នូវការគ្រប់គ្រងភាគច្រើននៃក្រុមហ៊ុននេះ ដែលជាគូប្រជែងនឹងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត X.AI របស់លោក។
លោក Marc Toberoff មេធាវីតំណាងឱ្យវិនិយោគិន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើលោក Sam Altman និងក្រុមប្រឹក្សាភិបាល OpenAI, Inc. បច្ចុប្បន្នមានបំណងក្លាយជាសាជីវកម្មរកប្រាក់ចំណេញពេញលេញ វាជាការសំខាន់ដែលសប្បុរសធម៌ត្រូវទទួលបានសំណងសមរម្យសម្រាប់អ្វីដែលថ្នាក់ដឹកនាំកំពុងដកហូតពីខ្លួន៖ ការគ្រប់គ្រងលើបច្ចេកវិទ្យាផ្លាស់ប្តូរដ៏សំខាន់បំផុតនៃសម័យកាលយើង។ ដល់ពេលដែល OpenAI ត្រូវត្រឡប់ទៅរកប្រភពបើកចំហ និងផ្តោតលើសុវត្ថិភាពដូចពីមុនវិញហើយ។ យើងនឹងធានាថាការណ៍នេះនឹងកើតឡើង។”
ជាការឆ្លើយតប លោក Altman បានសរសេរក្នុងប្រកាសមួយនៅលើបណ្តាញ X ថា “អត់អរគុណទេ ប៉ុន្តែយើងនឹងទិញ twitter ក្នុងតម្លៃ ៩,៧៤ ពាន់លានដុល្លារ ប្រសិនបើអ្នកចង់។”
លោក Musk ដែលជាសហស្ថាបនិក OpenAI នៅឆ្នាំ២០១៥ បានចាកចេញដោយសារជម្លោះទាក់ទងនឹងការផ្លាស់ប្តូររបស់ក្រុមហ៊ុនទៅរកការងាររកប្រាក់ចំណេញ។
OpenAI ត្រូវបានបង្កើតឡើងដោយសារស្ថាបនិករបស់ខ្លួនជឿថា បញ្ញាសិប្បនិម្មិតទូទៅ ឬ AGI បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់មនុស្សជាតិ។ ក្រុមហ៊ុនបានបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យដើម្បីពិនិត្យផលិតផលណាមួយដែលក្រុមហ៊ុនបង្កើត ហើយកូដនៃផលិតផលរបស់ខ្លួនត្រូវបានធ្វើឱ្យសាធារណជនអាចមើលឃើញ។
ទោះយ៉ាងណា ក្រុមហ៊ុនដែលមានអ្នកគាំទ្រធំៗដូចជា Microsoft និងក្រុមហ៊ុនមូលធនវិនិយោគ Thrive Capital មានកាតព្វកិច្ចពង្រីកអាជីវកម្មរបស់ខ្លួន និងរកប្រាក់ចំណេញ។ វិនិយោគិនចង់ធានាថាពួកគេទទួលបានតម្លៃសមរម្យពីការវិនិយោគរបស់ខ្លួន ហើយពួកគេមិនត្រូវបានគេស្គាល់ថាជាក្រុមដែលមានការអត់ធ្មត់នោះទេ។
ការណ៍នេះអាចបានជំរុញឱ្យលោក Altman ជំរុញក្រុមហ៊ុនរកប្រាក់ចំណេញឱ្យច្នៃប្រឌិតកាន់តែលឿន និងដាក់ផលិតផលដំបូងចេញទៅកាន់ទីផ្សារ។ ក្នុងប្រពៃណី “ធ្វើលឿននិងបំបែកអ្វីៗ” របស់ Silicon Valley ផលិតផលដំបូងទាំងនោះមិនសូវដំណើរការល្អនៅដំបូងនោះទេ។ នោះអាចក្លាយជាបញ្ហានៅពេលដែលវាជាបច្ចេកវិទ្យាដែលល្អពេកក្នុងការចម្លងការនិយាយស្តី និងឥរិយាបថរបស់មនុស្ស រហូតដល់អាចបោកបញ្ឆោតមនុស្សឱ្យជឿថាការសន្ទនា និងរូបភាពក្លែងក្លាយរបស់វាគឺពិត។
ក្នុងការប្រយុទ្ធគ្នាចម្លែកមួយក្នុងបន្ទប់ក្រុមប្រឹក្សាភិបាលនៅចុងឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាល OpenAI បានបណ្តេញលោក Altman មុនពេលជ្រើសរើសគាត់ឡើងវិញយ៉ាងរហ័ស។ ក្រុមប្រឹក្សាភិបាលត្រូវបានកែប្រែឡើងវិញចាប់តាំងពីពេលនោះមក ហើយអតីតនាយកដែលពាក់ព័ន្ធនឹងការសម្រេចចិត្តនេះបាននិយាយថា ពួកគេបារម្ភថា OpenAI កំពុងតែដំណើរការលឿនពេកដោយមិនគិតពីសុវត្ថិភាព។
លោក Musk បានប្តឹង OpenAI ជាលើកដំបូងនៅខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែលោកបានដកពាក្យបណ្តឹងដំបូងនោះបន្ទាប់ពីក្រុមហ៊ុនបានចុះផ្សាយអត្ថបទមួយដែលមានអ៊ីមែលជាច្រើនរបស់លោក Musk ពីថ្ងៃដំបូងៗរបស់ OpenAI។ អ៊ីមែលទាំងនោះហាក់បង្ហាញថាលោក Musk បានទទួលស្គាល់ពីតម្រូវការរបស់ក្រុមហ៊ុនក្នុងការរកប្រាក់ចំណូលច្រើនដើម្បីផ្គត់ផ្គង់ធនធានកុំព្យូទ័រដែលត្រូវការដើម្បីដំណើរការមហិច្ឆតាបញ្ញាសិប្បនិម្មិតរបស់ខ្លួន ដែលផ្ទុយពីការអះអាងក្នុងបណ្តឹងរបស់លោកដែលថា OpenAI កំពុងស្វែងរកប្រាក់ចំណេញខុសគោលការណ៍។
លោក Musk បានដាក់បណ្តឹងថ្មីមួយនៅខែសីហា ឆ្នាំ២០២៤ និងបានចោទប្រកាន់ OpenAI ថាកំពុងប្រណាំងអភិវឌ្ឍបច្ចេកវិទ្យា “បញ្ញាសិប្បនិម្មិតទូទៅ” ដ៏មានឥទ្ធិពលដើម្បី “បង្កើនប្រាក់ចំណេញអតិបរមា”។ លោក Musk ក៏បានចោទប្រកាន់ក្រុមហ៊ុននេះថាបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មជាអង្គការផងដែរ។
ចំណែកឯ OpenAI វិញ បានចោទប្រកាន់លោក Musk ថា គ្រាន់តែឈ្នានីស ព្រោះលោកលែងមានការពាក់ព័ន្ធជាមួយក្រុមហ៊ុនបង្កើតថ្មីនេះ បន្ទាប់ពីលោកបានចាកចេញពី OpenAI នៅឆ្នាំ២០១៨ ក្រោយពីបរាជ័យក្នុងការបញ្ចុះបញ្ចូលសហស្ថាបនិករួមរបស់លោកឱ្យអនុញ្ញាតឱ្យក្រុមហ៊ុន Tesla ទិញយកវានោះ៕
![](https://cambodiaflashnews.com/wp-content/uploads/2024/04/cropped-Header-Middle-footer.png)