ប្រែសម្រួល៖ តារា

ក្រុមឆែលស៊ីនឹងមិនអាចឈ្នះពានរង្វាន់ដំបូងក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន BlueCo នៅរដូវកាលនេះទេ បន្ទាប់ពីចាញ់ក្រុមប្រ៊ាយតុន ដែលធ្វើឱ្យការចំណាយយ៉ាងច្រើនរបស់ពួកគេមិនអាចមើលរំលងបាន។
អ្នកគាំទ្រម្ចាស់ផ្ទះបានស្រែកជេរដាក់កីឡាករ រ៉ូបឺត សានឆេស, ម៉ូអ៊ីសេស កៃសេដូ និង ម៉ាក គុយគូរេឡា ពេញមួយការប្រកួត។ កីឡាករទាំងបីរូបនេះមានតម្លៃផ្ទេរខ្លួនសរុបស្មើនឹងមួយភាគប្រាំនៃពាន់លានផោន ស្មើនឹងតម្លៃទិញកីឡាករដូចមីតូម៉ាចំនួន៨០នាក់។
ផ្ទុយទៅវិញ គឺមីតូម៉ាដែលជួយឱ្យក្រុមប្រ៊ាយតុនឈានចូលវគ្គទី៥ ខណៈដែលអ្នកគាំទ្ររបស់ពួកគេរីករាយនឹងការជម្នះលើអតីតមិត្តរួមក្រុមដែលក្លាយជាគូប្រជែង។
ក្រុមឆែលស៊ីបានត្អូញត្អែរថាមានការប៉ះបាល់ដោយដៃមុនពេលស៊ុតបញ្ចូលទី ប៉ុន្តែការប្រកួតនេះមិនមានប្រព័ន្ធ VAR ជួយពិនិត្យឡើងវិញទេ ហើយកូល ផាល់មឺរ ក៏មិនអាចជួយសង្គ្រោះពួកគេក្នុងការប្រកួត FA Cup នេះដែរ។
វាពិបាកនឹងមើលក្រុមឆែលស៊ីដោយមិនគិតថាពួកគេពឹងផ្អែកខ្លាំងពេកលើផាល់មឺរ ព្រោះប្រសិនបើគាត់លេងមិនបានល្អ ក្រុមទាំងមូលក៏លេងមិនបានល្អដែរ។ ក្រុមភ្ញៀវមកដល់ដោយគ្មានខ្សែប្រយុទ្ធពិតប្រាកដណាម្នាក់នៅក្នុងក្រុមសោះ បន្ទាប់ពីការរងរបួសរបស់ នីកូឡាស់ ចាក់សុន និង ម៉ាក ហ្គីយូ។
“ប្រសិនបើមានរឿងល្អមួយបន្ទាប់ពីការចាញ់នេះ គឺយើងអាចផ្តោតលើការប្រកួតក្របខណ្ឌ Premier League និង Conference League” លោក ម៉ារេស្កា បាននិយាយ ខណៈដែលលោកក៏បានការពារការសម្រេចចិត្តឱ្យ ចូអាវ ហ្វេលិក ទៅលេងឱ្យក្រុម AC Milan តាមកិច្ចសន្យាខ្ចីជើងក្នុងខែមករាដែរ៕
