អន្តរជាតិ

ហ្សេឡិនស្គីថាកងទ័ពកូរ៉េខាងជើងបានត្រឡប់ចូលមកកាន់ខ្សែប្រយុទ្ធរុស្ស៊ីវិញ

ប្រែសម្រួល៖ រតនា
គីវ៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានមានប្រសាសន៍កាលពីថ្ងៃសុក្រ (ថ្ងៃទី៧ ខែកុម្ភៈ) ថា កងទ័ពកូរ៉េខាងជើងបានត្រឡប់មកកាន់ខ្សែប្រយុទ្ធនៅតំបន់ឃឺស្គ (Kursk) របស់រុស្ស៊ីវិញ បន្ទាប់ពីមានរបាយការណ៍ថា ទីក្រុងម៉ូស្គូបានដកពួកគេចេញដោយសារការខាតបង់យ៉ាងធ្ងន់ធ្ងរ។

យោងតាមការស៊ើបការណ៍របស់កូរ៉េខាងត្បូង និងលោកខាងលិច ទាហានជាង ១០.០០០ នាក់មកពីប្រទេសដែលតែងតែបិទខ្លួននេះ ត្រូវបានបញ្ជូនទៅរុស្ស៊ីកាលពីឆ្នាំមុន ដើម្បីជួយវាយបកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែនទៅលើតំបន់ព្រំដែន។


អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់បានប្រាប់ AFP កាលពីថ្ងៃសុក្រមុនថា គីវមិនបានជួបប្រទះសកម្មភាព ឬការប៉ះទង្គិចជាមួយកងទ័ពកូរ៉េខាងជើងអស់រយៈពេលបីសប្តាហ៍ហើយ។

លោកហ្សេឡិនស្គីបានមានប្រសាសន៍ក្នុងសុន្ទរកថាពេលល្ងាចថា “មានការវាយប្រហារថ្មីៗនៅតំបន់ប្រតិបត្តិការឃឺស្គ… កងទ័ពរុស្ស៊ី និងទាហានកូរ៉េខាងជើងត្រូវបាននាំមកវិញម្តងទៀត”។

មេដឹកនាំអ៊ុយក្រែនបានមានប្រសាសន៍ថា កងទ័ពសត្រូវចំនួន “គួរឱ្យកត់សម្គាល់” ត្រូវបាន “បំផ្លាញចោល”។

លោកបានបន្ថែមថា “យើងកំពុងនិយាយអំពីទាហានរុស្ស៊ី និងកូរ៉េខាងជើងរាប់រយនាក់”។

គីវបានកាន់កាប់ភូមិតាមព្រំដែនជាច្រើននៅក្នុងការវាយប្រហាររបស់ខ្លួនទៅលើតំបន់ឃឺស្គកាលពី៦ខែមុន ដែលជាលើកដំបូងដែលកងទ័ពបរទេសបានឆ្លងចូលទឹកដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

ការបញ្ជូនកងទ័ពកូរ៉េខាងជើង ដែលមិនត្រូវបានបញ្ជាក់ជាផ្លូវការដោយទីក្រុងម៉ូស្គូ ឬព្យុងយ៉ាងនោះទេ គឺត្រូវបានគេរំពឹងថានឹងពង្រឹងកងទ័ពរុស្ស៊ី និងជួយបណ្តេញកងទ័ពអ៊ុយក្រែនចេញ។

ប៉ុន្តែគិតត្រឹមខែកុម្ភៈ អ៊ុយក្រែននៅតែកាន់កាប់ផ្នែកមួយចំនួននៃទឹកដីរុស្ស៊ី ដែលលោកហ្សេឡិនស្គីមើលឃើញថាជាកាតចរចាសម្រាប់ការចរចាណាមួយនាពេលអនាគតជាមួយទីក្រុងម៉ូស្គូ៕
ប្រភព៖ AFP/gs”