សន្ដិសុខសង្គម

ករណីឃាតកម្មនៅស្រុកពញាក្រែកផ្តើមចេញពីខាងប្រុសបដិសេធន៍ការសុំលែងលះរបស់ខាងស្រី

ដោយ ៖ គង់ហេង
ត្បូងឃ្មុំ៖ ករណីឃាតកម្មដែលបង្កឱ្យមានការភ្ញាក់ផ្អើល ដោយមន្រ្តីអាវុធហត្ថម្នាក់បានធ្វើសកម្មភាពបាញ់សម្លាប់ឪពុកក្មេក,ម្តាយក្មេក និងប្រពន្ធរបស់ខ្លួន, បងថ្លៃ និងបញ្ជាការពារម្នាក់ឱ្យរបួសធ្ងន់រួចបាញ់សម្លាប់ខ្លួនឯង នៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក គឺផ្តើមចេញពីខាងប្រុសបានបដិសេធន៍ការសុំលែងលះ ជាមួយខាងស្រី្តជាជនរងគ្រោះ ។

នេះបើតាមការឱ្យដឹងរបស់លោកឧត្តមសេនីយ៍ ឡាយ ឧត្តម ជាស្នងការរងនគរបាលខេត្តត្បូងឃ្មុំ និងជានាំពាក្យ បានប្រាប់សារព័ត៌មាន  Cambodia Flash News (CFN) នៅថ្ងៃទី ៨ កុម្ភៈនេះថា៖ ជាករណីទំនាស់ក្នុងគ្រួសារ ដោយខាងស្រីជាភរិយាឈ្មោះ ប៊ុន លក្ខិណា (ជនរងគ្រោះ)បានដាក់ពាក្យបណ្តឹងសុំលែងលះជាមួយខាងប្រុសជាស្វាមីឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ នៅថ្នាក់ឃុំ(ឃុំក្រែក)ច្រើនលើកដោយសាររស់នៅមិនចុះសម្រុងគ្នា តែខាងប្រុសមិនព្រមលែង។

លោកឧត្តមសេនីយ៍ជាអ្នកនាំពាក្យបានបន្តថា៖ មកដល់ថ្ងៃកើតហេតុ ល្ងាចថ្ងៃទី ៧ កុម្ភៈម្សិលមិញនេះឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ ជាមន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះបានធ្វើដំណើរមកផ្ទះខាងស្រីជាភរិយាឈ្មោះ ប៊ុន លក្ខិណា នៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ដើម្បីសុំជានាគ្នាជាប្តីប្រពន្ធឡើងវិញទៀត ប៉ុន្តែខាងស្រីមិនព្រមដដែល រហូតមានទំនាស់ជាពាក្យសម្តី បណ្តាលឱ្យខាងប្រុសមិនអាចទប់កំហឹងបាន ឈានដល់ការប្រើកាំភ្លើងម៉ាកអាកា បាញ់ប្រហារលើម្តាយក្មេក និងឪពុកក្មេកស្លាប់នៅក្នុងផ្ទះ ហើយប្រពន្ធ( ប៊ុន លក្ខិណា) បងថ្លៃប្រុស(ប៊ុន រតនា) និងបញ្ជាការពារម្នាក់( សេង ហន ) រងរបួសធ្ងន់បញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកខ្លួនជាជនបង្កករណីឃាតកម្មនេះ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះនោះដែរ។

សូមបញ្ជាក់ថា កាលពីម៉ោងប្រហែល ៦ ល្ងាចថ្ងៃទី ៧ កុម្ភៈ មានករណីឃាតកម្មគិតទុកជាមុន នៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បង្កឡើងដោយឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្រ្តីអាវុធហត្ថនៅខេត្តក្រចេះ បានយកកាំភ្លើងម៉ាកAK 47 (ស្វាយបត់) ចំនួន១ដើម មានគ្រាប់ចំនួន១៥គ្រាប់ បាញ់ទៅលើឪពុកក្មេកឈ្មោះ ឈឿង ប៊ុនធឿន អាយុ៦៤ឆ្នាំ បាញ់ចំនួន៣គ្រាប់ និងម្តាយក្មេក ឈ្មោះ អោក ចាន់សាត អាយុ៦៥ឆ្នាំ បាញ់ចំនួន៦គ្រាប់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។ ហើយបានបាញ់ស្រ្តីជាប្រពន្ធ ឈ្មោះ ប៊ុន លក្ខិណា អាយុ ៣២ឆ្នាំ បាញ់ចំនួន១គ្រាប់ របួសជើង  , ឈ្មោះ ប៊ុន រតនា បាញ់ចំនួន១គ្រាប់ (របួសស្មា) អាយុ ៣៨ឆ្នាំ ត្រូវជាបងប្រុសខាងប្រពន្ធ និងឈ្មោះសេង ហន បាញ់ចំនួន៣គ្រាប់របួសភ្នែក ជាបុរស អាយុ ៥៤ឆ្នាំ ជាបញ្ជាការពារភូមិ។ ជនរងគ្រោះ៣នាក់ រស់នៅភូមិឃុំកើតហេតុ បានបញ្ជូនទៅមន្ទីរពេទ្យ ។ចំណែកជនល្មើសក្រោយប្រព្រឹត្តសកម្មភាពរួចបានបាញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ ស្លាប់នៅចំណុចក្នុងផ្ទះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក៕

(ជនបង្កឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ ជាមន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះ)