សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ទៅសាលាដំបូងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ៥នាក់ទៅសាលាដំបូង ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៣និង៥០នាទី  ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ រួមមាន៖ ១-ឈ្មោះ ដួង សុខា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្មាន ទីកន្លែងបច្ចុប្បន្នស្នាក់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ហាង សារ៉ូន ហៅមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ ផន បូណាន ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ប្រើប្រាស់), ៤-ឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស (ប្រើប្រាស់), ៥-ឈ្មោះ ស៊ិម បារាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស (ប្រើប្រាស់)។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៩កូនថង់កិប ទម្ងន់ ១៣,៧២ក្រាម, ម៉ូតូ ចំនួន ១គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ បាត់ដំបង 1B-2316, ទូរសព្ទ ចំនួន០៣គ្រឿង, រួមទាំងថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿនញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីចាត់ការតាមនីតិវិធី។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕