ប្រែសម្រួល៖ ស-សម្បត្តិ

ប្រសិនបើអាចម៍ផ្កាយបិណ្ណូដែលស្ថិតនៅក្បែរផែនដីប៉ះទង្គិចជាមួយផែនដីនាពេលអនាគត វាអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទូទាំងពិភពលោក ទោះបីជាវាមានទំហំតូចជាងអាចម៍ផ្កាយដែលបានសម្លាប់សត្វដាយណូស័រក៏ដោយ យោងតាមការស្រាវជ្រាវថ្មី។
តារាវិទូប៉ាន់ស្មានថា បិណ្ណូមានឱកាស ១ ក្នុងចំណោម ២.៧០០ ដែលអាចប៉ះពាល់ដល់ផែនដីនៅខែកញ្ញា ឆ្នាំ២១៨២ ដែលស្មើនឹង ០,០៣៧ភាគរយ។
អាចម៍ផ្កាយនេះ ដែលមានផ្ទុកធាតុផ្សំដើមកំណើតជីវិតយោងតាមការសិក្សាថ្មីៗលើសំណាកដែលយកមកកាន់ផែនដីដោយបេសកកម្ម OSIRIS-REx របស់ណាសា គឺជាអាចម៍ផ្កាយទំហំមធ្យមដែលមានអង្កត់ផ្ចិតប្រហែល ១.៦៤០ ហ្វីត (៥០០ ម៉ែត្រ)។ អាចម៍ផ្កាយដែលបានធ្លាក់មកផែនដីកាលពី ៦៦លានឆ្នាំមុន និងបណ្តាលឱ្យសត្វដាយណូស័រផុតពូជ ត្រូវបានប៉ាន់ស្មានថាមានអង្កត់ផ្ចិតប្រហែល ៦,២ម៉ាយ (១០គីឡូម៉ែត្រ) និងជាអាចម៍ផ្កាយធំចុងក្រោយដែលគេដឹងថាបានប៉ះទង្គិចភពផែនដី។
ដោយសារតែឱកាសតិចតួចប៉ុន្តែមិនមែនមិនអាចកើតឡើងបាននៃការប៉ះទង្គិចរបស់បិណ្ណូនាពេលអនាគត ក្រុមអ្នកស្រាវជ្រាវបានបង្កើតគំរូអំពីផលប៉ះពាល់នៃការប៉ះទង្គិចបែបនេះទៅលើភពរបស់យើង រួមទាំងអាកាសធាតុសកល និងប្រព័ន្ធអេកូឡូស៊ីនៅលើដី និងក្នុងមហាសមុទ្រ។ ការសិក្សាស្តីពីលទ្ធផលទាំងនេះត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃពុធនៅក្នុងទស្សនាវដ្តី Science Advances។
អាចម៍ផ្កាយទំហំមធ្យមដូចជាបិណ្ណូប៉ះទង្គិចជាមួយផែនដីប្រហែលរៀងរាល់ ១០០.០០០ ទៅ ២០០.០០០ឆ្នាំម្តង យោងតាមការសិក្សា។
អ្នកស្រាវជ្រាវបានរកឃើញថា ការប៉ះទង្គិចនេះអាចនាំឱ្យមានរដូវរងាសកលដែលអាចកាត់បន្ថយកម្រិតទឹកភ្លៀង និងធ្វើឱ្យភពផែនដីត្រជាក់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀតដែលអាចបន្តរយៈពេលជាច្រើនឆ្នាំ។ ហើយវាអាចថាមនុស្សដំបូងបានឆ្លងកាត់លក្ខខណ្ឌស្រដៀងគ្នានេះក្នុងអំឡុងពេលការប៉ះទង្គិចនៃអាចម៍ផ្កាយពីមុន។
“បុព្វបុរសមនុស្សដំបូងរបស់យើងប្រហែលជាធ្លាប់ជួបប្រទះព្រឹត្តិការណ៍នៃការប៉ះទង្គិចអាចម៍ផ្កាយទំហំមធ្យមទាំងនេះពីមុនមក ដែលមានផលប៉ះពាល់ដល់វិវត្តន៍មនុស្ស និងសូម្បីតែសមាសភាពហ្សែនរបស់យើង” នេះបើតាមការលើកឡើងរបស់អ្នកស្រាវជ្រាវនាំមុខ បណ្ឌិត ឡាន ដៃ ដែលជាអ្នកស្រាវជ្រាវក្រោយបណ្ឌិតនៅមជ្ឈមណ្ឌល IBS សម្រាប់រូបវិទ្យាអាកាសធាតុ ឬ ICCP នៅសាកលវិទ្យាល័យជាតិពូសាន ប្រទេសកូរ៉េខាងត្បូង។
- ផលវិបាកជាបន្តបន្ទាប់ទូទាំងពិភពលោក
អ្នកស្រាវជ្រាវបានប្រើប្រាស់គំរូអាកាសធាតុ និងជំនួយពីកុំព្យូទ័រ Aleph នៅ ICCP ដើម្បីដំណើរការទស្សនីយភាពផ្សេងៗសម្រាប់ការប៉ះទង្គិចប្រភេទបិណ្ណូជាមួយផែនដី ដោយផ្តោតជាចម្បងលើផលប៉ះពាល់នៃការបញ្ចូលធូលី ១០០លានទៅ ៤០០លានតោនទៅក្នុងបរិយាកាសផែនដី។ លទ្ធផលបានបង្ហាញពីការរំខានយ៉ាងខ្លាំងដល់គីមីបរិយាកាស និងអាកាសធាតុរបស់ភពយើងក្នុងរយៈពេលបីទៅបួនឆ្នាំបន្ទាប់ពីការប៉ះទង្គិចនៃអាចម៍ផ្កាយ។
ដំបូង ការប៉ះទង្គិចនឹងបង្កើតរន្ធធំមួយ និងបណ្តាលឱ្យសម្ភារខ្ទាតឡើងទៅលើអាកាសនៅជិតកន្លែងប៉ះទង្គិច។ ការប៉ះទង្គិចនឹងបង្កើតរលករំញ័រដ៏ខ្លាំង និងរញ្ជួយដីផងដែរ នេះបើតាមលោកស្រី ដៃ។ បរិមាណច្រើននៃអែរ៉ូសូល និងឧស្ម័នដែលបញ្ចេញដោយការប៉ះទង្គិចអាចឡើងទៅក្នុងបរិយាកាស ដែលផ្លាស់ប្តូរអាកាសធាតុផែនដីជាមួយនឹងផលប៉ះពាល់អូសបន្លាយ លោកស្រីដៃ បានបន្ថែម។
ប្រសិនបើបិណ្ណូប៉ះទង្គិចនឹងមហាសមុទ្រ វានឹងបង្កឱ្យមានរលកស៊ូណាមីយ៉ាងខ្លាំង និងបញ្ចេញចំហាយទឹកបរិមាណច្រើនទៅក្នុងខ្យល់។ ព្រឹត្តិការណ៍ទាំងនេះអាចបណ្តាលឱ្យមានការថយចុះអូសូនសកលនៅក្នុងបរិយាកាសខាងលើដែលអាចមានរយៈពេលជាច្រើនឆ្នាំ។
“អែរ៉ូសូលសកម្មអាកាសធាតុ រួមមានធូលី ផ្សែង និងស្ពាន់ធ័រ អាចរួមចំណែកដល់ការត្រជាក់រយៈពេលច្រើនឆ្នាំបន្ទាប់ពីការប៉ះទង្គិច” លោកស្រី ដៃ បានមានប្រសាសន៍តាមអ៊ីមែល។ “ផ្ទុយពីការត្រជាក់ដែលបណ្តាលមកពីអែរ៉ូសូល ឧស្ម័នផ្ទះកញ្ចក់ដូចជាការបញ្ចេញឧស្ម័នកាបូនិច អាចបណ្តាលឱ្យមានការកើនកម្តៅរយៈពេលវែង។”
ទស្សនីយភាពដែលខ្លាំងបំផុត ដែលមានធូលី ៤០០លានតោនវិលវល់ក្នុងបរិយាកាសផែនដី នឹងនាំឱ្យមាន “រដូវរងាដោយសារការប៉ះទង្គិច” សកល ឬរយៈពេលនៃសីតុណ្ហភាពត្រជាក់ ពន្លឺព្រះអាទិត្យថយចុះ និងទឹកភ្លៀងថយចុះ នេះបើតាមលោកស្រី ដៃ។
ភាគល្អិតធូលីដែលអណ្តែតខ្ពស់ក្នុងខ្យល់នឹងស្រូបយក និងបំបែកពន្លឺព្រះអាទិត្យ ដែលរារាំងវាមិនឱ្យឈានដល់ផ្ទៃផែនដី។ កង្វះពន្លឺព្រះអាទិត្យនឹងបណ្តាលឱ្យសីតុណ្ហភាពសកលធ្លាក់ចុះយ៉ាងឆាប់រហ័សរហូតដល់ ៧,២អង្សាហ្វារិនហៃ (៤អង្សាសេ)។ ហើយនៅពេលសីតុណ្ហភាពសកលធ្លាក់ចុះ ទឹកភ្លៀងអាចធ្លាក់ចុះរហូតដល់ ១៥ភាគរយ ដោយសារតែការហួតនៅលើដីមានការថយចុះ លទ្ធផលការសិក្សាបានបង្ហាញ។ ស្រទាប់អូសូនក៏អាចថយចុះរហូតដល់ ៣២ភាគរយផងដែរ យោងតាមការសិក្សា។
ហើយអាស្រ័យលើទីតាំងដែលការប៉ះទង្គិចកើតឡើង ផលប៉ះពាល់អាចត្រូវបានទទួលអារម្មណ៍កាន់តែខ្លាំងក្នុងតំបន់នីមួយៗ នេះបើតាមអ្នកនិពន្ធការសិក្សា។
“លទ្ធផលរបស់យើងបង្ហាញថា ភាគល្អិតធូលីដែលមានអាយុកាលក្នុងបរិយាកាសរហូតដល់ ២ឆ្នាំ អាចបណ្តាលឱ្យមាន ‘រដូវរងាដោយសារការប៉ះទង្គិច’ សកលអស់រយៈពេលច្រើនជាង ៤ឆ្នាំបន្ទាប់ពីការប៉ះទង្គិច” លោកស្រី ដៃ បានមានប្រសាសន៍។ “រដូវរងាភ្លាមៗដោយសារការប៉ះទង្គិចនឹងផ្តល់លក្ខខណ្ឌអាកាសធាតុមិនល្អសម្រាប់រុក្ខជាតិលូតលាស់ ដែលនាំឱ្យមានការថយចុះដំបូង ២០-៣០ភាគរយនៃរស្មីសំយោគក្នុងប្រព័ន្ធអេកូឡូស៊ីលើគោក និងក្នុងសមុទ្រ។ នេះទំនងជាបណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងសកល។”
ខណៈដែលមនុស្សទំនើបមិនធ្លាប់ឆ្លងកាត់ការប៉ះទង្គិចនៃអាចម៍ផ្កាយ លោកស្រី ដៃ បានប្រៀបធៀបផលប៉ះពាល់បរិស្ថានទៅនឹង “មហន្តរាយរារាំងព្រះអាទិត្យ” ផ្សេងទៀត ដូចជាការផ្ទុះភ្នំភ្លើងធំៗ។
បរិមាណនៃការត្រជាក់សកលដែលបានប៉ាន់ស្មានក្នុងការសិក្សានេះ គឺប្រហាក់ប្រហែលនឹងអ្វីដែលបានកើតឡើងនៅពេលដែលភ្នំតូបា នៅស៊ូម៉ាត្រា មានការផ្ទុះយ៉ាងខ្លាំង ដែលត្រូវបានចាត់ទុកថាជាការផ្ទុះមួយក្នុងចំណោមការផ្ទុះធំបំផុតក្នុងប្រវត្តិសាស្ត្រផែនដី ដែលទំនងជាបានរំខានអាកាសធាតុសកលកាលពី ៧៤.០០០ឆ្នាំមុន។
លទ្ធផលស្រាវជ្រាវស្របគ្នាយ៉ាងល្អជាមួយនឹងផលប៉ះពាល់ដែលបានសិក្សានៃការប៉ះទង្គិចពីមុនក្នុងប្រវត្តិសាស្ត្រផែនដី នេះបើតាមការលើកឡើងរបស់ ណាដជា ដ្រាបុន សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រផែនដី និងភព នៅសាកលវិទ្យាល័យហាវឺដ។
“ការប៉ះទង្គិចពីអតីតកាលជាច្រើនមានទំហំធំជាងច្រើន ដោយផលប៉ះពាល់របស់វាតែងតែធ្ងន់ធ្ងរជាង និងមានរយៈពេលយូរជាង” លោកស្រី ដ្រាបុន បានថ្លែង។ “ការសិក្សានេះមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ជាពិសេស ដោយសារវាបង្ហាញថា សូម្បីតែការប៉ះទង្គិច ‘តូច’ ប្រៀបធៀប ក៏អាចបញ្ចេញធូលីគ្រប់គ្រាន់ដើម្បីកម្រិតរស្មីសំយោគយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងខ្សែចង្វាក់អាហារ។ យើងជឿថាព្រឹត្តិការណ៍ស្រដៀងគ្នាបានកើតឡើងកាលពីមុនក្នុងប្រវត្តិសាស្ត្រផែនដី ប៉ុន្តែជាមួយនឹងការថយចុះយ៉ាងខ្លាំងនៃផលិតភាពបឋមទៀតផង។”
- ការភ្ញាក់ផ្អើលនៅក្នុងមហាសមុទ្រ
លទ្ធផលដែលមិនបានរំពឹងទុកបំផុតនៃការសិក្សាបានបង្ហាញពីឥរិយាបថខុសប្រក្រតីរបស់ប្លង់តុងសមុទ្រ។ អ្នកស្រាវជ្រាវបានរំពឹងថាសារពាង្គកាយតូចៗទាំងនេះនឹងថយចុះយ៉ាងឆាប់រហ័ស និងស្តារឡើងវិញយឺត។ ទោះយ៉ាងណា ប្លង់តុងសមុទ្រទំនងជានឹងស្តារឡើងវិញក្នុងរយៈពេលប្រាំមួយខែ និងអាចកើនឡើងបន្ទាប់មកទៀត “ដល់កម្រិតដែលមិនធ្លាប់ឃើញសូម្បីតែក្រោមលក្ខខណ្ឌអាកាសធាតុធម្មតា” នេះបើតាមលោកស្រី ដៃ។
“យើងអាចតាមដានការឆ្លើយតបដែលមិនបានរំពឹងទុកនេះទៅនឹងកំហាប់ដែកនៅក្នុងធូលី” នេះបើតាមសហអ្នកនិពន្ធការសិក្សា អាក់សែល ធីមម៉ឺម៉ាន ដែលជានាយក ICCP និងជាសាស្ត្រាចារ្យឆ្នើមនៅសាកលវិទ្យាល័យជាតិពូសាន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ។
ដែកគឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់អាល់ហ្គេ ប៉ុន្តែនៅតំបន់ដូចជាមហាសមុទ្រខាងត្បូង និងតំបន់មហាសមុទ្របា៉ស៊ីហ្វិកត្រូពិចខាងកើត ធាតុរ៉ែនេះមិនមានច្រើនទេ។ ប៉ុន្តែប្រសិនបើមាតិកាដែកនៅក្នុងបិណ្ណូមានកម្រិតខ្ពស់ និងត្រូវបានចែកចាយទូទាំងមហាសមុទ្រ វាអាចបង្កឱ្យមានការរីកលូតលាស់យ៉ាងខ្លាំងនៃអាល់ហ្គេ ជាពិសេសប្រភេទដែលសម្បូរស៊ីលីកាតដែលហៅថា ឌីអាតូមេ រហូតដល់បីឆ្នាំ យោងតាមការសិក្សា។
ការរីកលូតលាស់របស់អាល់ហ្គេក៏នឹងទាក់ទាញសូប្លង់តុង ដែលជាសត្វចិញ្ចឹមខ្លួនតូចៗដែលស៊ីឌីអាតូមេផងដែរ។
“ការរីកលូតលាស់យ៉ាងខ្លាំងនៃភីតូប្លង់តុង និងសូប្លង់តុងដែលបានធ្វើគំរូចាក់តាម អាចជាពរជ័យសម្រាប់ជីវមណ្ឌល និងអាចជួយកាត់បន្ថយអសន្តិសុខស្បៀងដែលកើតឡើងទាក់ទងនឹងការថយចុះផលិតភាពលើគោករយៈពេលវែង” លោកស្រី ដៃ បានមានប្រសាសន៍។ “ទោះយ៉ាងណា ការរីកចម្រើនដាច់ដោយឡែកនៃឌីអាតូមេអាចមានផលប៉ះពាល់អាក្រក់ដល់ភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ី។ ឧទាហរណ៍ ឌីអាតូមេមានអត្ថប្រយោជន៍ប្រកួតប្រជែងលើសភីតូប្លង់តុងតូចៗក្រោមលក្ខខណ្ឌសម្បូរដែកនៅក្នុងមហាសមុទ្រខាងត្បូង។ ការរីកលូតលាស់យ៉ាងខ្លាំងនៃឌីអាតូមេអាចរារាំងការលូតលាស់នៃភីតូប្លង់តុងតូចៗ។”
ការឆ្លើយតបវិជ្ជមានពីទម្រង់ជីវិតមួយចំនួន ជាពិសេសសារពាង្គកាយឯកកោសិកាសាមញ្ញ គឺជាអ្វីដែលត្រូវបានគេសង្កេតឃើញក្នុងអតីតកាលរបស់ផែនដី នេះបើតាមលោកស្រី ដ្រាបុន បានថ្លែង។
បន្ទាប់មកទៀត អ្នកស្រាវជ្រាវមានផែនការបង្កើតគំរូអំពីការឆ្លើយតបដែលមនុស្សដំបូងអាចមានចំពោះការប៉ះទង្គិចនៃអាចម៍ផ្កាយ ដោយធ្វើការចាក់តាមវដ្តជីវិតរបស់ពួកគេ និងរបៀបដែលពួកគេអាចស្វែងរកអាហារ។
“វាសំខាន់ដែលត្រូវទទួលស្គាល់ថា ការប៉ះទង្គិចលើផែនដីគឺជារឿងដែលមិនអាចជៀសផុតបាន វាគ្រាន់តែជាបញ្ហាថាតើវានឹងកើតឡើងនៅពេលណា និងធំប៉ុណ្ណាប៉ុណ្ណោះ” លោកស្រី ដ្រាបុន បានថ្លែង។ “មនុស្សគ្រប់គ្នាដឹងអំពីការប៉ះទង្គិចដែលបានសម្លាប់សត្វដាយណូស័រ។ ទោះយ៉ាងណា ការប៉ះទង្គិចតូចៗមានឱកាសកើតឡើងច្រើនជាង ហើយដូច្នេះ ការសិក្សាអំពីផលប៉ះពាល់របស់វាគឺមានសារៈសំខាន់ណាស់៕”
