ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់បើកវគ្គសាលាបណ្តុះបណ្តាលបច្ចេកទេសដំឡើងបណ្តាញអគ្គិសនី និងម៉ាស៊ីនត្រជាក់ នៅវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
នាឱកាសនោះ កែ គឹមយ៉ាន បានលើកឡើងថា សម្រាប់ខេត្តបន្ទាយមានជ័យ លោកបានជំរុញនិងគាំទ្រការដាក់ឲ្យដំណើរការសាលាបណ្តុះបណ្តាលបច្ចេកទេសនេះ នៅគ្រប់ក្រុងស្រុកទាំង៩ដែលបានសាងសង់រួចហើយ។ ជំហានដំបូងគឺយើងបានបើកវគ្គអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី វិទ្យាល័យសម្តេចឪ វិទ្យាល័យស្វាយចេក ហើយយើងគ្រោងបើកវគ្គបន្តបន្ទាប់ទៀតនៅវិទ្យាល័យថ្មពួក វិទ្យាល័យមង្គលបូរី និងកន្លែងផ្សេងៗទៀត។
ក្រៅពីជំនាញអគ្គិសនី គេនឹងបណ្តុះបណ្តាលបន្ថែមទៀតលើជំនាញគ្រឿងម៉ាស៊ីន គ្រឿងយន្តកសិកម្ម ជំនាញកសិកម្មនិងកុំព្យូទ័រ។គោលដៅសំខាន់គឺយុវជននៅតាមភូមិ ឃុំ ដើម្បីយកចំណេះជំនាញទាំងនោះនៅតាមសហគមន៍ និងក្រុមហ៊ុននានា។
អ្នកតំណាងរាស្ត្រក៏បានអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗយុវជនទាំងអស់ដែលពុំបានចូលរៀនមហាវិទ្យាល័យ ហើយពុំទាន់បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ សូមប្រញាប់ប្រញាល់ រួសរាន់មកចុះឈ្មោះទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដោយមិនបង់ថ្លៃ ហើយក្មួយៗ នឹងមានជំនាញមួយពិតប្រាកដដើម្បីចិញ្ចឹមជីវិត ។សម្រាប់ក្មួយៗសិក្ខាកាមដែលកំពុងទទួលការបណ្តុះបណ្តាល ត្រូវខិតខំប្តេជ្ញាចិត្តពុះពារ “រៀនឲ្យចប់ និងរៀនឲ្យចេះ” ដើម្បីក្លាយខ្លួនជាយុវជនបន្តវេននៅពេលអនាគត៕
