ដោយ : បន្ទាយ

បន្ទាយមានជ័យ : លើបណ្តោយដងស្ទឹងសិរីសោភ័ណដែលបត់បែនរាងដូចនិមិត្តសញ្ញាអូម«ü» ឬ OMEGA អូមេហ្កា«ផ្ងារ» ក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លាតែ១ ប៉ែក ស្ថិតនៅកណ្តាលនិងប៉ែកខាងកើតក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្តបន្ទាយមានជ័យប្រវែងជិត៤គីឡូម៉ែត្រ មានស្ពានបេតុងផ្លូវគោកចំនួន៤ហើយ និងស្ពានផ្លូវរថភ្លើង១ទៀត ។
រដ្ឋបាលខេត្តបន្ទាយមានជ័យនិងប្រជាពលរដ្ឋនៅក្រុងនេះ ថ្លែងអំណរគុណ និងចាត់ទុកស្ពានចកដែលទើបសាងសង់រួចក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទនោះ ថាជា”កាដូ”មួយពីប្រមុខរាជរដ្ឋាភិបាលចុងឆ្នាំ២០២៤។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីថ្ងៃទី០៥ខែកុម្ភ:ឆ្នាំ២០២៥ថា: យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា សម្រាប់ក្រុងសិរីសោភ័ណបានទទួលស្ពានឆ្លងស្ទឹងភ្ជាប់ចរន្តសេដ្ឋកិច្ច សមិទ្ធផលថ្មី ភូមិឋានអ្នកភូមិចកសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្ត ។
សូមបញ្ជាក់ថា : លើកំណាត់នៃបណ្តោយស្ទឹងសិរីសោភ័ណក្នុងភូមិសាស្ត្រសង្កាត់ព្រះពន្លាគិតពីត្បូងទៅកើត មានស្ពានបេតុងឬហៅស្ពានថ្មចំនួន៤ គឺទី១-ស្ពានសែសិននៃផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសែសិនសង្កាត់អូរអំបិលព្រំប្រទល់នឹងភូមិក្បាលស្ពានសង្កាត់ព្រះពន្លា។ទី២-ស្ពានដែកនៃផ្លូវរថភ្លើងខ្សែទី១ ទិសខាងជើងនៅភូមិព្រៃឫស្សីនិងភូមិ៤សង្កាត់ព្រះពន្លា។ទី៣-ស្ពានវត្តព្រះពន្លានៅភូមិព្រៃឫស្សី ព្រំនឹងភូមិ៣,ភូមិ៤សង្កាត់ព្រះពន្លាដែលស្ថិតលើផ្លូវពីរង្វង់មូលស្រីគ្រប់លក្ខណ៍ឆ្លងទៅវត្តព្រះពន្លា (កំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ) ។ទី៤-ស្ពានសម្តេចហ៊ុន សែន(ស្ពានថ្ម ព្រះពន្លា)នៅភូមិ៣និងភូមិព្រៃឫស្សីដែលភ្ជាប់ពីផ្សារសិរីសោភ័ណនិងបេនឡានឆ្លងទៅផ្សាររាត្រីTM3 ទៅសាលាសង្កាត់ព្រះពន្លា រួចបន្តទៅសង្កាត់កោះពងសត្វនៅជនបទចុងខាងកើតក្រុង និងទី៥ ស្ពានចក នៅភូមិព្រះពន្លានិងភូមិចក ដែលទើបសាងសង់រួច ដែលតភ្ជាប់ផ្លូវជាតិលេខ៥ ត្រង់សែសិននិងផ្សារចិនខ្មៅ កាត់គម្រោងផ្លូវវាងក្រុងប៉ែកខាងកើត ឆ្ពោះទៅផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី១ ។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងមកនេះ លោកប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុងចក ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ស្ពានបេតុង ១កន្លែងនេះ មានប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្រាស់១,២ម៉ែត្រ ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ (DRR-NC-2023-No.046) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដែលប្រើប្រាស់ថវិកាជំពូក២១ ដាក់ថាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។
លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានបានឲ្យដឹងថា៖ ស្ពានបេតុងចកនេះត្រូវបានស្ថាបនាក្នុងឆ្នាំ២០២៣ ហើយបានបញ្ចប់ក្នុងឆ្នាំ២០២៥ ។ អនុវត្តដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១៕
