ប្រែសម្រួល៖ តារា

ម៉ាឌ្រីដ៖ លោក Carlo Ancelotti គ្រូបង្វឹកក្រុមរេអាល់ម៉ាឌ្រីដ បានសរសើរដល់កីឡាករវ័យក្មេងរបស់ក្រុមដែលបានឡើងលេងនិងធ្វើឱ្យមានភាពខុសប្លែក ពេលដែលពួកគេទទួលបានជ័យជម្នះ ៣-២ លើក្រុមលេហានេស នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ជាមួយនឹងក្រុមទី២ភាគច្រើននៅថ្ងៃពុធ។
អានឆេឡុតបានឱ្យកីឡាករគន្លឹះមួយចំនួនសម្រាក មុនការប្រកួត LaLiga ជាមួយក្រុមអាត់លេទីកូម៉ាឌ្រីដនៅថ្ងៃសៅរ៍ និងការប្រកួតវគ្គជម្រុះ Champions League ជាមួយក្រុមមេនឆេស្ទ័រស៊ីធីនៅសប្តាហ៍ក្រោយ។
បន្ទាប់ពី Juan Cruz ស៊ុតបាន២គ្រាប់សម្រាប់ក្រុមលេហានេស ដើម្បីលុបបំបាត់គ្រាប់បាល់ដំបូងរបស់ Luka Modric និង Endrick នោះ Gonzalo Garcia ខ្សែប្រយុទ្ធវ័យ២០ឆ្នាំមកពីអាកាដេមី បានចូលមកជំនួសហើយគប់បាល់ដោយក្បាលនៅនាទីបន្ថែមម៉ោងឱ្យក្រុមរេអាល់ឈ្នះ និងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
“យើងត្រូវតែពេញចិត្តខ្លាំងណាស់ជាមួយនឹងអ្វីដែលកីឡាករវ័យក្មេងបានធ្វើនៅយប់នេះ ហើយយើងត្រូវតែរាប់បញ្ចូលពួកគេ” អានឆេឡុតបានថ្លែងនៅក្នុងសន្និសីទកាសែត។
“អាកាដេមីយុវជនគឺជាប្រភពដ៏សំខាន់ អ្នកដែលធ្វើការនៅផ្នែកក្រោមធ្វើបានល្អ ហើយកីឡាករមកដល់ដោយមានការត្រៀមខ្លួនរួចរាល់។ ពិតមែន ពួកគេនៅខ្វះបទពិសោធ ប៉ុន្តែនោះគឺជាអ្វីដែលពួកគេត្រូវការតែប៉ុណ្ណោះ។”
“នៅពេលខ្ញុំរៀបចំក្រុមមួយ ខ្ញុំធ្វើវាដើម្បីព្យាយាមឈ្នះការប្រកួត មិនមែនដើម្បីផ្តល់នាទីឱ្យអាកាដេមីយុវជនទេ។ ប៉ុន្តែឆ្នាំនេះ ពួកគេមានឱកាសដោយសារតែការរងរបួស និងកត្តាផ្សេងទៀត ហើយពួកគេកំពុងធ្វើបានល្អណាស់។”
បន្ថែមពីលើ Endrick អាយុ១៨ឆ្នាំ និង Arda Guller អាយុ១៩ឆ្នាំដែលចាប់ផ្តើមនៅខាងមុខ អានឆេឡុតបានឱ្យ Jacobo Ramon អាយុ២០ឆ្នាំចាប់ផ្តើមលេងជាមួយក្រុមជម្រើសទី១ជាលើកដំបូង រួមជាមួយកីឡាករមកពីអាកាដេមី Raul Asencio ដែលមានអាយុច្រើនជាងមួយឆ្នាំ។
ប៉ុន្តែ Garcia ដែលជាកីឡាករជំនួសបានក្លាយជាចំណងជើង ដោយស៊ុតគ្រាប់ឈ្នះប៉ុន្មាននាទីក្រោយពីចូលលេងជំនួស ដែលជាគ្រាប់បាល់ដំបូងរបស់គេជាមួយក្រុមជម្រើសទី១។
“វាជាការប្រកួតប្រកួតប្រជែងមួយ។ នៅខាងក្រោយ យើងជួបការលំបាកបន្តិច Jacobo (Ramon) មានអារម្មណ៍ស្ទាក់ស្ទើរក្នុងការលេងជាមួយយើងជាលើកដំបូង គាត់ភ័យបន្តិច ប៉ុន្តែបន្ទាប់មកគាត់កាន់តែល្អឡើងៗពេលការប្រកួតបន្ត” អានឆេឡុតបាននិយាយ។
“Gonzalo (Garcia) កំពុងស្ថិតក្នុងទម្រង់លេងល្អជាមួយក្រុម Castilla (ក្រុមបម្រុងរបស់រេអាល់ម៉ាឌ្រីដ)។ Endrick បានស៊ុតបញ្ចូលទី ហើយយើងមានអារម្មណ៍ល្អក្នុងការធ្វើការជាក្រុម។”
“យើងបានជៀសវាងម៉ោងបន្ថែមដែលនឹងត្រូវការពេលវេលាច្រើនក្នុងការស្តារកម្លាំង។ យើងបានឱ្យកីឡាករមួយចំនួនសម្រាកដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃសៅរ៍ ដូច្នេះយើងនឹងត្រៀមខ្លួនរួចរាល់ (សម្រាប់ក្រុមអាត់លេទីកូ)៕”
ប្រភព៖ Reuters
