អន្តរជាតិ

ស្លាប់៤នាក់ក្នុងគ្រោះថ្នាក់យន្តហោះជួលដោយយោធាអាមេរិក នៅហ្វីលីពីន

ប្រែសម្រួល៖ តារា

ក្រុងម៉ានីល៖ ស្ថានទូតអាមេរិកបានបញ្ជាក់ថា យន្តហោះតូចមួយគ្រឿងដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី៦ ខែកុម្ភៈ) បណ្តាលឱ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់នោះ គឺជាយន្តហោះជួលដោយយោធាអាមេរិក។ ស្ថានទូតមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

យោធាហ្វីលីពីនបានថ្លែងក្នុងសេចក្តីប្រកាសមួយថា ពួកគេមិនអាចផ្សព្វផ្សាយព័ត៌មានអំពីគ្រោះថ្នាក់នេះនៅលើកោះមីនដាណាវបានទេ ដោយសារករណីនេះត្រូវបានចាត់ថ្នាក់ជាការសម្ងាត់ ហើយការស៊ើបអង្កេតកំពុងបន្ត។

កងទ័ពអាមេរិកមានវត្តមានទាហានចំនួនតិចតួចប្រចាំការនៅហ្វីលីពីនក្នុងរយៈពេលខ្លី ដោយកងទ័ពអាមេរិកបានជួយផ្តល់ព័ត៌មានសម្ងាត់ដល់កងកម្លាំងដែលប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម ដែលនៅតែសកម្មនៅមីនដាណាវ។

បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកនៅហាវ៉ៃ មិនទាន់បានឆ្លើយតបនឹងការសាកសួរនៅឡើយទេ។

អ្នកនាំពាក្យប៉ូលិសតំបន់ ចូពី វិនទូរ៉ា បានប្រាប់ AFP ថា មន្ត្រីមិនទាន់បានកំណត់មូលហេតុនៃការធ្លាក់យន្តហោះស្លាបថេរនៅលើកសិដ្ឋានមួយក្បែរក្រុងអាំប៉ាទួនៅឡើយទេ។

លោកបានបន្ថែមថា ជនរងគ្រោះទាំង៤នាក់មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ហើយប៉ូលិសនិងទាហានត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីការពារការប៉ះពាល់ភស្តុតាង។

លេខកន្ទុយយន្តហោះ N349CA ដែលកំណត់ដោយប៉ូលិស ត្រូវបានចុះបញ្ជីជាមួយក្រុមហ៊ុនការពារជាតិ Metrea យោងតាមគេហទំព័រតាមដានយន្តហោះ FlightAware ដែលបានកំណត់អត្តសញ្ញាណថាជាយន្តហោះប្រភេទ Beechcraft Super King Air B300។

គេហទំព័រ Metrea ពណ៌នាអំពីក្រុមហ៊ុននេះថាជា “ក្រុមហ៊ុននាំមុខគេក្នុងការផ្តល់សេវាកម្មសម្រាប់ដៃគូសន្តិសុខជាតិនៅក្នុងវិស័យច្រើន និងបេសកកម្មជាង១២ផ្សេងគ្នា”។

អ្នកសង្គ្រោះក្រុង រា ម៉ាទីន បានប្រាប់ AFP ថា ក្រុមរបស់គាត់បានរកឃើញសាកសពចំនួន៤នាក់នៅកន្លែងកើតហេតុ។

គាត់បានបន្ថែមថា “សាកសពត្រូវបានរកឃើញនៅក្បែរយន្តហោះ” និង “យន្តហោះត្រូវបានកាត់ជាពីរ”៕

ប្រភព៖ AFP/rl